អានតួអត្ថបទ

អ្នកជំនាញ៖ទណ្ឌកម្មរបស់ G៧ លើមាសរុស្ស៊ីនឹងធ្វើឲ្យរុស្ស៊ីពិបាករកអតិថិជនថ្មីដើម្បីទិញមាសខ្លួន

ថ្ងៃ​ចន្ទ ទី២៧ មិថុនា​ជា​ថ្ងៃទី២ នៃ​កិច្ចប្រជុំកំពូល​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រទេស G៧ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ជា​ប្រធានបទ​ដែល​បាន​គ្របដណ្តប់​ខ្លាំង​នៅ​កិច្ចប្រជុំកំពូល​ឆ្នាំ​នេះ។ ដើម្បី​បន្ត​ដាក់​គំនាប​លើ​រុស្ស៊ី ក្រុម​ប្រទេស G៧ បាន​បន្ត​ប្រើ​ទណ្ឌកម្ម​ដើម្បី​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​រុស្ស៊ី។ បន្ទាប់​ពី​ដាក់​ទណ្ឌកម្ម​លើ​​វិស័យ​ប្រេង ឧស្ម័ន និង​ផ្តាច់​រុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ G៧ ត្រៀម​ឈប់​នាំ​ចូល​មាស​របស់​រុស្ស៊ី។ គួរ​បញ្ជាក់​ថា រុស្ស៊ី​ជា​ប្រទេស​ជង្រុក​រ៉ែមាស​ដ៏​សំខាន់​មួយ​ដែល​ការ​នាំ​មាស​ចេញ​ក្នុង​ឆ្នាំ ២០២១ មាន​ទឹកប្រាក់​ជិត ១៥ ០០០លានអឺរ៉ូ។ លោក​បាំងហ្សាម៉ាំង លូវ៉េ អ្នក​ជំនាញ​មាស​បាន​បញ្ជាក់​ថា ទណ្ឌកម្ម​របស់ G៧ លើ​មាស​រុស្ស៊ី​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់​តែ​ឯកោ​បន្ថែម​ទៀត​នៅ​លើ​ទីផ្សារ​អន្តរជាតិ ហើយ​រុស្ស៊ី​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​រក​ម៉ូវ​ថ្មី​ដើម្បី​ទិញ​មាស​របស់​ខ្លួន។

ទង់ជាតិ​នៃ​ក្រុមប្រទេស G៧។
ទង់ជាតិ​នៃ​ក្រុមប្រទេស G៧។ © wikipedia
ផ្សាយពាណិជ្ជកម្ម

« វា​អាច​ថា​រុស្ស៊ី​ត្រូវ​សំឡឹង​រក​ទីផ្សារ​ផ្សេង​ទៀត​ដើម្បី​បញ្ចេញ​មាស​របស់​ខ្លួន ពិសេស​នាំ​ទៅ​កាន់​ក្រុម​ប្រទេស​ដែល​មិន​មែន​ជា​សមាជិក​របស់ G៧។ គេ​អាច​គិត​ថា​មាន​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា ព្រោះ​សព្វ​ថ្ងៃ ប្រទេស​ទាំង​ពីរ​នេះ​ជា​អ្នក​ដែល​បាន​ប្រើប្រាស់​មាស​ច្រើន​ជាង​គេ។ ចិន និង​ឥណ្ឌា​បាន​ស្រូប​យក​ដល់​ទៅ ៥០% នៃ​ទីផ្សារ​មាស​ក្នុង​លោក។

ពិត​ណាស់ រុស្ស៊ី​មាន​ឆន្ទៈ​ក្នុង​ការ​នាំ​មាស​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​នេះ។ តែ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​គេ​ត្រូវ​ការ​ពេល​វេលា​ច្រើន។ ចូរ​កុំ​ភ្លេច​ថា ទីផ្សារ​នៅ​ក្នុង​ទីក្រុង​ឡុងដ៏​ជា​ទីផ្សារ​ដ៏​សំខាន់​ជាង​គេ​លើ​​លោក​ក្នុង​ការ​ទិញ លក់​មាស។ ដូច្នេះ​ច្បាស់លាស់ វា​ជា​រឿង​លំបាក​ខ្លាំង​ណាស់​សម្រាប់​រុស្ស៊ី​ក្នុង​ការ​ងាក​ទៅ​រក​ទីផ្សារ​ផ្សេង។

មួយ​វិញ​ទៀត​គេ​ត្រូវ​ដឹង​ថា​ពេល​នេះ ផ្ទាំងស៊ីប​របស់​ក្រុម​ប្រទេស G៧ គឺ​ទីផ្សារ​នៅ​ក្នុង​ទីក្រុង​ឡុងដ៏​ដែល​ជា​ទីផ្សារ​មាស​មួយ​ដ៏​សំខាន់​របស់​រុស្ស៊ី។ តែ​ក្នុង​ពេល​ជាមួយ​គ្នា ក្រុម​ប្រទេស G៧ បាន​បញ្ជៀស​ការ​ដាក់​ទណ្ឌកម្ម​លើ​រ៉ែលោហៈ​ផ្សេង​ទៀត​របស់​រុស្ស៊ី ព្រោះ​រុស្ស៊ី​ក៏​ជា​ប្រទេស​ជង្រុក​រ៉ែ​លោហៈ​នីកែល និង​រ៉ែលោហៈ​ប៉ាល្លាឌីយ៉ូម​ដែរ។ ទាក់ទង​នឹង​រ៉ែ​លោហៈ​ទាំង​ពីរ​នេះ បើ​យើង​ត្រូវ​ដាក់​កំហិត​លើ​ការ​នាំ​ចូល​ពី​រុស្ស៊ី គឺ​យើង​ទេ​តើ​ដែល​នឹង​ជួប​បញ្ហា​ច្រើន​ជាង​រុស្ស៊ី។

ដូច្នេះ​គេ​សំដៅ​តែ​លើ​លោហៈ​មាស​របស់​រុស្ស៊ី​ដែល​មិន​សូវ​មាន​ប្រយោជន៍​ប៉ុន្មាន​សម្រាប់​ប្រើ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម។ ចំណែក​ផលវិបាក​សម្រាប់​យើង​វិញ​ក៏​មាន​កម្រិត​តិចតួច​ដែរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ