អានតួអត្ថបទ

អ្នកជំនាញ៖គណបក្សប្រឆាំងពិបាកទាញបានផលចំណេញពីការចុះពីតំណែងប្រធានបក្សអភិរក្សនិយមរបស់លោកបូរីស ចនសុន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កក្កដា នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​ប្រកាស​លា​ចុះ​ពី​តំណែង​ប្រធាន​គណបក្ស​អភិរក្សនិយម និង​បញ្ជាក់​ថា លោក​បន្ត​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី​រហូត​ដល់​មាន​ការ​តែងតាំង​ប្រធាន​ថ្មី​របស់​គណបក្ស និង​នាយករដ្ឋមន្រ្តី​ថ្មី។ តាម​លោក​ចនសុន ការ​តែងតាំង​ប្រធាន​ថ្មី​របស់​បក្ស និង​នាយករដ្ឋមន្រ្តី​ថ្មី​ជា​ឆន្ទៈ​ចង់​បាន​របស់​គណបក្ស​អភិរក្សនិយម។ គួរ​បញ្ជាក់​ថា​មាន​អាយុ ៥៨ឆ្នាំ និង​ក្រោយ​ពី​បាន​កាន់​តំណែង​រយៈពេល ៣ឆ្នាំ លោក​ចនសុន​បាន​ប្រឈម​នឹង​រឿង​អាស្រូវ​ជា​ច្រើន​ដែល​បាន​ធ្វើ​ឲ្យ​សមាជិក​ក្នុង​រដ្ឋាភិបាល​របស់​លោក​សម្រេច​ចិត្ត​លា​ចុះ​ពី​តំណែង​ជា​បន្តបន្ទាប់​នា​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ នៅ​ក្នុង​សង្កថា​ថ្លែង​ទៅ​កាន់​ប្រជាជាតិ លោក​ចនសុន​បាន​សម្តែង​ការ​សោកស្តាយ​ពី​ការ​បោះបង់​ការងារ​ដែល​លោក​ចាត់​ទុក​ជា​ការងារ​ដ៏​ល្អ​បំផុត​លើ​លោក។ តើ​ការ​ចាកចេញ​របស់​លោក​ចនសុន​ពេល​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​គណបក្ស​ពលករ​ដែល​ជា​បក្សប្រឆាំង​ដែរ ឬ​ទេ?។ ប្រហែល​ជា​ពិបាក​បន្តិច ព្រោះ​គណបក្ស​ពលករ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​ទេ នេះ​ជា​ចម្លើយ​របស់​លោក​អូរ៉េលៀង អង់ទ័ន នាយក​នៃ ក្រុម​អ្នកសង្កេតការណ៍ Brexit។

លោក Keir Starmer ​ប្រធាន​គណបក្ស​ពលករ​ដែល​ជា​បក្សប្រឆាំង​នៅ​អង់គ្លេស។
លោក Keir Starmer ​ប្រធាន​គណបក្ស​ពលករ​ដែល​ជា​បក្សប្រឆាំង​នៅ​អង់គ្លេស។ AFP - JESSICA TAYLOR
ផ្សាយពាណិជ្ជកម្ម

« សព្វថ្ងៃ​នេះ គណបក្ស​ពលករ​គ្មាន​លទ្ធភាព​ដើម្បី​ដឹកនាំ​ប្រទេស​ទេ ព្រោះ​គណបក្ស​នេះ​គ្មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា។ ដូច្នេះ គណបក្ស​ពលករ​នឹង​ត្រូវ​រង់​ចាំ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ដែល​នឹង​អាច​ធ្វើ​ឡើង​តាម​ពីរ​ផ្លូវ ឬ​មួយ​នៅ​ក្រោយ​ការ​រំលាយ​សភា ឬ​មួយ​នៅ​ពេល​ចប់​អាណត្តិ​សភា​រយៈពេល ៥ឆ្នាំ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២៤។ ទោះ​បី​ត្រូវ​ធ្វើ​ឡើង​ក្នុង​ផ្លូវ​ណា​មួយ​ក៏​ដោយ គណបក្ស​ពលករ​អាច​ទាញ​បាន​ផល​ចំណេញ​ពី​ស្ថានការណ៍​ពេល​នេះ។

តែ​ដើម្បី​អាច​ទាញ​បាន​ប្រយោជន៍​ពី​ស្ថានការណ៍​មួយ​នេះ គណបក្ស​ពលករ​ត្រូវ​ឈាន​ទៅ​គូសវាស​ខ្សែ​បន្ទាត់​នយោបាយ និង​កំណត់​ដៃគូ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន។ ត្រង់​ចំណុច​នេះ​មាន​ការ​លើក​ឡើង​ពី​ការ​រំកិល​រក​ក្រុម​អ្នក​សេរីប្រជាធិបតេយ្យ​នៅ​ក្នុង​មណ្ឌល​មួយ​ចំនួន។ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​មួយ​ភាគ​កន្លង​ទៅ​នេះ ក្រុម​អ្នក​សេរីប្រជាធិបតេយ្យ​ទទួល​បាន​សំឡេង​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់។ តែ​គេ​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា គណបក្ស​ពលករ​ខ្លួន​ឯង​ក៏​មាន​ការ​បែកបាក់​ផ្ទៃក្នុង​ដែរ។

គេ​ឃើញ​មាន​វត្តមាន​ក្រុម​អ្នក​ឆ្វេងកណ្តាលនិយម​សល់​ពី​គណបក្ស​សហភាព​ឡាបួរ​នៅ​ក្នុង​គណបក្ស​ពលករ។ បន្ទាប់​មក គេ​ក៏​ឃើញ​មាន​វត្តមាន​ក្រុម​អ្នក​គាំទ្រ​លោក Jeremy Corbyn ដែល​ជា​អ្នក​ឆ្វេងនិយម​ខ្លាំង និង​ក៏​ជា​អ្នក​បំបែកបំបាក់​ខ្លាំង​ដែរ។ ត្រង់​ចំណុច​នេះ​ក៏​អ៊ីចឹង​ដែរ ការ​ផ្សះផ្សា វា​មិន​ច្បាស់​ថា​លោក Keir Starmer ដែល​ជា​ប្រធាន​គណបក្ស​ពលករ​ទទួល​បាន​ជោគជ័យ​ពេញលេញ​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ