អានតួអត្ថបទ

នាយក AIEA៖គេត្រូវព្យាយាមធ្វើឲ្យស្ថានការណ៍នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្សាប៉ូរីចាមានស្ថិរភាព

ប្រទេស​អ៊ុយក្រែន​បាន​ប្រកាស​ក្នុង​ថ្ងៃ​សុក្រ ទី២៦ សីហា​នេះ​ថា ខ្លួន​កំពុង​រៀបចំ​ត ភ្ជាប់​ឡើង​វិញ​នូវ​បណ្តាញ​ភ្លើងអគ្គិសនី​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​ដែល​បាន​ដាច់​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ សីហា។ គួរ​រម្លឹក​ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ទាហាន​រុស្ស៊ី ហើយ​អស់​ជា​ច្រើន​សប្តាហ៍​ដែល​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​បទ​បាន​ទម្លាក់​គ្រាប់បែក​សំដៅ​លើ​មជ្ឈមណ្ឌល​នោះ។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​គេ​បារម្ភ​ពី​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​ពេល​នេះ គឺ​បេសកកម្ម​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA នៅ​ហ្សាប៉ូរីចា​នា​សប្តាហ៍​ក្រោយ។ នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​វិទ្យុបារាំង​អន្តរជាតិ RFI នាយក AIEA លោក​រ៉ាហ្វាអែល ក្រូស៊ី​បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​របស់​បេសកកម្ម AIEA នៅ​នឹង​កន្លែង។ តែ​លោក​បាន​ទទួល​ស្គាល់​ជា​បេសកកម្ម​ស្មុគស្មាញ និង​លំបាក។

លោក​រ៉ាហ្វាអែល ក្រូស៊ី​ នាយកទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA
លោក​រ៉ាហ្វាអែល ក្រូស៊ី​ នាយកទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA AFP - JOE KLAMAR
ផ្សាយពាណិជ្ជកម្ម

« គឺ​ជា​បេសកកម្ម​មួយ​ស្មុគស្មាញ។ ស្មុគស្មាញ​ដែល​មាន​តាំង​ពី​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ដល់​ទីកន្លែង។ វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​ជា​តំបន់​សង្រ្គាម។ ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​អ៊ុយក្រែន​ចំនួន​ពីរ​ដង​ហើយ។ លើកទី១ ទៅ​កាន់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឆែរណូប៊ីល និង​លើកទី២ ទៅ​កាន់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​ទៀត​ស្ថិត​ប៉ែក​ខាងត្បូង​អ៊ុយក្រែន។ តែ​លើក​នេះ អ៊ុយក្រែន​កំពុង​ស្ថិត​ក្នុង​សង្រ្គាម​ជាមួយ​រុស្ស៊ី។

ដូច្នេះ គេ​ត្រូវ​ធានា​សន្តិសុខ​លើ​ការ​ធ្វើ​ដំណើរ​របស់​យើង ហើយ​ការ​ធានា​សន្តិសុខ​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​រួម​សហការ​ពី​ប្រទេស​ទាំង​ពីរ​អ៊ុយក្រែន និង​រុស្ស៊ី។ នេះ​ពិត​ជា​រឿង​មួយ​មិន​ស្រួល​ទេ​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ។ បន្ទាប់​មក គេ​ត្រូវ​ពឹង​លើ​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ត្រូវ​ប្រើ​រថយន្ត​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ដឹក​ក្រុម​ការងារ​របស់​យើង​ទៅ​កាន់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា។ នេះ​ជា​រឿង​ឡូជីស្ទិក។

ក្រោយ​មក នៅ​មាន​រឿង​បច្ចេកទេស​ដែល​គេ​ត្រូវ​កំណត់​ពី​របៀបវារៈ​នៃ​បេសកកម្ម​ដែល​គេ​នឹង​ធ្វើ ហើយ​បើ​អាច រៀប​ចំ​ឲ្យ​មាន​វត្តមាន​បន្ត​របស់​ទីភ្នាក់ងារ​នៅ​នឹង​កន្លែង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ