អានតួអត្ថបទ

កូវីដ១៩៖ទីភ្នាក់ងារឱសថអឺរ៉ុបអនុញ្ញាតឲ្យប្រើវ៉ាក់សាំង Pfizer ប្រភេទថ្មីប្រឆាំងនឹងមេរោគបំប្លែងខ្លួន

នៅ​ថ្ងៃ​ចន្ទ ទី១២ កញ្ញា ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង Pfizer មួយ​ប្រភេទ​ទៀត​ដែល​តម្រូវ​បង្ការ​នឹង​ការ​ឆ្លង​មេរោគបំប្លែងខ្លួន​របស់​អូមីក្រុង​ដែល​មាន​ឈ្មោះ BA.4 និង BA.5។ កម្មវត្ថុ​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប គឺ​អនុញ្ញាត​ឲ្យ​ប្រទេស​អឺរ៉ុប​ត្រៀម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នា​រដូវ​រងារ​ខាង​មុខ​ដើម្បី​បង្ការ​នឹង​រលក​ឆ្លង​ថ្មី​ជា​យថាហេតុ។ គួរ​រម្លឹក​ថា​សព្វថ្ងៃ​នេះ គេ​និយាយ​ច្រើន​ពី​ការ​ឆ្លង​កូវីដ១៩ ដោយ​មេរោគបំប្លែងខ្លួន​របស់​អូមីក្រុង។

ទីភ្នាក់ងារឱសថអឺរ៉ុបអនុញ្ញាតឲ្យប្រើវ៉ាក់សាំង Pfizer ប្រភេទថ្មីប្រឆាំងនឹងមេរោគបំប្លែងខ្លួន។
ទីភ្នាក់ងារឱសថអឺរ៉ុបអនុញ្ញាតឲ្យប្រើវ៉ាក់សាំង Pfizer ប្រភេទថ្មីប្រឆាំងនឹងមេរោគបំប្លែងខ្លួន។ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា វ៉ាក់សាំង Pfizer ប្រភេទ​ថ្មី​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការ​បង្ការ​នឹង​ការ​ឆ្លង​មេរោគ BA.4 និង BA.5 ដែល​ជា​មេរោគបំប្លែងខ្លួន​ផ្សេង​ទៀត​របស់​អូមីក្រុង។ តែ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​មិន​ភ្លេច​បញ្ជាក់​ថា ក្រុម​មនុស្ស​ដែល​អាច​ចាក់​វ៉ាក់សាំង Pfizer ប្រភេទ​ថ្មី​នេះ​បាន គឺ​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ១២ឆ្នាំ​ឡើង និង​ដែល​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​ដើម​បង្ការ​កូវីដ១៩ យ៉ាង​តិច​មួយ​ដូស។ ការ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង Pfizer ប្រភេទ​ថ្មី​ពី​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​ធ្លាក់​មក ចំ​ពេល​ដែល​ប្រទេស​អឺរ៉ុប​កំពុង​បារម្ភ​ពី​រលក​ឆ្លង​ថ្មី​ជា​យថាហេតុ​នា​រដូវ​រងារ​ខាង​មុខ។

សំណើ​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ពេល​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ដែល​ជា​អ្នក​សម្រេច​ចុង​ក្រោយ។ គួរ​រម្លឹក​ថា​នៅ​ដើម​ខែ​កញ្ញា​នេះ​ដែរ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​ប្រើ​វ៉ាក់សាំង Pfizer និង Moderna ប្រភេទ​ថ្មី​ដែល​សំដៅ​បង្ការ​នឹង​ការ​ឆ្លង​មេរោគបំប្លែងខ្លួន​របស់​កូវីដ១៩​ដែល​គេ​ស្គាល់​ជា​អូមីក្រុង និង​មេរោគបំប្លែងខ្លួន​របស់​អូមីក្រុង​ដែល​មាន​ឈ្មោះ BA.1។ មែនទែន​ទៅ​សព្វថ្ងៃ គឺ​មេរោគបំប្លែងខ្លួន​របស់​អូមីក្រុង ពិសេស​ប្រភេទ BA.4 និង BA.5 ដែល​កំពុង​បន្ត​ឆ្លង​រាលដាល​ខ្លាំង​នៅ​អឺរ៉ុប និង​អាមេរិក​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ដើម្បី​ប្រឈម​ទប់​នឹង​កំណើន​រលក​ឆ្លង​ថ្មី​ជា​យថាហេតុ​នៅ​រដូវ​រងារ​ខាង​មុខ អឺរ៉ុប​បាន​ជ្រើស​យក​យុទ្ធសាស្រ្ត​មាន​វ៉ាក់សាំង​គ្រប់​ប្រភេទ​ក្នុង​ដៃ​ដើម្បី​ឆ្លើយ​តប​នឹង​មេរោគកូវីដដើម រួម​ទាំង​មេរោគកូវីដបំប្លែងខ្លួន​គ្រប់ប្រភេទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ