អានតួអត្ថបទ
អង់គ្លេស

តើ​អនាគត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី លោក រីឈី ស៊ូណាក់ ជានរណា ?

ដើម​កំណើត​ឥណ្ឌា អាយុ​៤២​ឆ្នាំ លោក រីឈី ស៊ូណាក់ Rishi Sunak នឹងក្លាយ​ជា​នាយករដ្ឋមន្ត្រីអង់គ្លេស​ថ្មី បន្ត​ពី​លោកស្រី លីស ត្រាស្ស ដែលបាន​លាលែង​ចេញ​ពី​តំណែង។ ជា​​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោកស៊ូណាក់ ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​ប្រមូល​ហត្ថលេខា​គាំទ្រ​​បាន​គ្រប់​គ្រាន់​សម្រាប់ការបោះឆ្នោត​ផ្ទៃក្នុង​បក្ស ឱ្យ​ធ្វើ​​ប្រធាន​គណបក្ស​អភិរក្ស​និយម ដែល​កាន់​អំណាច​នៅ​អង់គ្លេស​តាំងពី​១២​ឆ្នាំ​មក នៅថ្ងៃចន្ទទី ២៤​តុលា​២០២២។ ​បេក្ខជន​ពីរ​រូប​ទៀត គឺ​លោក​ បូរីស ចន​សុន​ បាន​បោះបង់​ការ​ប្រកួត ឯលោកស្រី​ ផែននី ម័រដូនត៍ រក​ហត្ថលេខា​គាំទ្រ​មិន​​បាន។ 

លោក រីឈី ស៊ូណាក់ នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស
លោក រីឈី ស៊ូណាក់ នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស REUTERS - Hannah Mckay
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ​២០១៥ លោក ស៊ូណាក់ បានក្លាយ​ជា​តំណាង​​សភា​ និងឡើង​​ប្រជាប្រិយភាពយ៉ាង​លឿន​រហ័ស។ បង្ហាញ​​ជំហរ​គាំទ្រ​Brexit​យ៉ាងមុត​មាំ​តាំងពី​ឆ្នាំ​២០១៦ លោក​ ស៊ូណាក់ បាន​ក្លាយ​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​លោក​បូរីស ចន​សុន នៅ​ឆ្នាំ​២០២០ ក្នុង​វ័យ​មិន​ទាន់​៤០​ឆ្នាំ​ស្រួលបួល​ផង តែក៏​​ជា​រដ្ឋមន្ត្រី​ដំបូងគេម្នាក់​ដែល​លាលែង​ចេញ​ពី​រដ្ឋាភិបាល​ដដែល​នោះ នៅ​ខែកក្កដា ២០២២ ពោល​គឺ​ថ្ងៃ​មុន​ការ​លាលែង​ពី​តំណែងនាយករដ្ឋមន្ត្រី​​របស់​លោកបូរីស​ចនសុន។

លោកស៊ូណាក់ បាន​ស្គាល់​បរាជ័យ​លើក​ដំបូង តែ​មួយ​ភ្លែត ​គឺពេល​គណបក្ស​អភិរក្ស​និយម​អង់គ្លេស ជ្រើសរើស​​​លោកស្រី លីសត្រាស្ស ជា​នាយករដ្ឋមន្ត្រី ទាំង​លោក​ស៊ូណាក់​មាន​សមាជិកសភា​គាំទ្រ​ច្រើន​ជាង។ កាលណោះ លោក​បាន​ព្រមាន​ក្រុម​អ្នក​អភិរក្ស​និយម​ថា កម្មវិធីនយោបាយ​លោកស្រី លីស ត្រាស្ស​មិន​អាច​ទៅ​រួច​ទេ។

ជា​កូនរបស់​​គ្រួសារ​អន្តោប្រវេសន៍ ដើម​កំណើត​ឥណ្ឌា មក​ដល់​អង់គ្លេស​នៅ​ឆ្នាំ​១៩៦០ លោក រីឈី ស៊ូណាក់ បាន​ពន្យល់​ថា​ឪពុកម្តាយ​​បាន​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​​លោកបាន​ចូល​រៀន​ នៅ​សាលា​ដ៏ល្បីៗ​បំផុត គឺ Winchester College - Oxford និង​Stanford ទី​ដែល​លោក​បាន​ជួប​រៀបអាពាហ៍ពិពាហ៍​ជាមួយ​នាង Akshata Murty កូន​ស្រីមហាសេដ្ឋី​ក៏​កំពូល​ម្នាក់របស់​ឥណ្ឌា។

លោក​ ស៊ូណាក់ បាន​ផ្តើម​អាជីព​ការងារ​នៅក្នុង​វិស័យ​ធនាគារ​Goldman Sach​s ក្នុង​នាមជា​អ្នក​វិភាគ​វ័យ​ក្មេង និងបន្ត​អាជីព​ក្នុងមូលនិធិ​​​វិនិយោគជា​ច្រើន​។ ការងារ​ល្អ​និង​គ្រួសារ​កូនអ្នក​មាន​ទៀត​ ​ទ្រព្យ​សម្បត្តិ​របស់​លោក​ស៊ូណាក់ និង​ភរិយា បាន​កើន​ឡើង​យ៉ាង​លឿន​ដល់​ជាង​៨៤០​លាន​អឺរ៉ូ។ ខ្សែជីវិត​ជោគជ័យ​ដែល​លោក​ស៊ូណាក់ កាន់​តែ​មាន​ជំនឿ​ថា​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ជាតិ​ ត្រូវ​ធ្វើ​កំណែទម្រង់​​សេរីនិយម ផ្តល់​អាទិភាព​ដល់​ក្រុមហ៊ុន​សហគ្រាស និង​ការធ្វើ​ទំនើបកម្ម។

ប៉ុន្តែ​ កាល​ពី​​​ខែមេសា​២០២២ នៅពេល​លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​កាសែត The Independance បាន​រិះគន់​ថាភរិយា​​លោកមានអស្រ័យដ្ឋានពន្ធ​នៅក្រៅ​​អង់គ្លេស​​ អាច​ចំណេញ​ប្រាក់​ច្រើនពីការ​បង់​ពន្ធ។ ក្រៅ​អំពីរង​​ការ​រិះគន់​​ជីវិតបែប​ហ៊ឺហា ក៏​មាន​ដែរ​​ការ​វាយប្រហារ​បែប​អើសអើង​សម្បុរ​ស្បែក​មិន​ស។ ​លោក ស៊ូណាក់ គឺ​ជា​នាយករដ្ឋមន្ត្រីអង់គ្លេស​ដំបូង​គេ​បង្អស់​ដែល​មាន​ដើម​កំណើត​ជា​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ