អានតួអត្ថបទ
នុយក្លេអ៊ែរអ៊ុយក្រែន

អ៊ុយក្រែន និងរុស្ស៊ី​ចោទគ្នាទៅវិញ ទៅមកថា បាញ់ផ្លោងដាក់​រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីចា

មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា របស់​អ៊ុយក្រែន ដែលកំពុង​ស្ថិតក្រោម​ការកាន់កាប់​របស់​កងទ័ព​រុស្ស៊ី បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​គ្រាប់ផ្លោង កាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​បាន​ព្រមានភ្លាម​ពីគ្រោះថ្នាក់មហន្តរាយជីវិតមនុស្ស​ដ៏ធំធេង។ ចំណែក​អ៊ុយក្រែន និង​រុស្ស៊ី ដូចលើកមុនៗ បាន​និយាយ​ចង្អុរមុខ ចោទដាក់គ្នា​ទៅវិញទៅមកថា ជាអ្នកបាញ់​គ្រាប់ផ្លោង​សំដៅ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា។

មជ្ឈមណ្ឌល​ន្យក្លេអ៊ែរ ហ្សាប៉ូរីចា មាន​​ម៉ាស៊ីនប្រតិករ​៦ សម្រាប់ផលិត​អគ្គិសនី​​នៅអ៊ុយក្រែន។ រោងចក្រនេះ​បានធ្លាក់ក្រោម​ការកាន់កាប់​របស់​កងទ័ពរុស្ស៊ី​តាំងពីខែ​មីនា ឆ្នាំ ២០២២
មជ្ឈមណ្ឌល​ន្យក្លេអ៊ែរ ហ្សាប៉ូរីចា មាន​​ម៉ាស៊ីនប្រតិករ​៦ សម្រាប់ផលិត​អគ្គិសនី​​នៅអ៊ុយក្រែន។ រោងចក្រនេះ​បានធ្លាក់ក្រោម​ការកាន់កាប់​របស់​កងទ័ពរុស្ស៊ី​តាំងពីខែ​មីនា ឆ្នាំ ២០២២ AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ​ហៅកាត់ភាសា​បារាំង AIEA បាន​លើកឡើង​ពីកម្លាំងផ្ទុះ នៅក្នុង​បរិវេណ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា ដែលជា​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ធំជាងគេ​នៅអឺរ៉ុប។ សម្រាប់​ប្រធានទីភ្នាក់ងារ​AIEA លោក​រ៉ាហ្វាអែល ហ្រ្កូស៊ី ហេតុការណ៍ផ្ទុះ នៅ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ គឺ​ជារឿង​មិនអាច​ទទួល​យក​បាន​ឡើយ។

ប្រធានទីភ្នាក់ងារ​AIEA ធ្លាប់​បានព្រមាន​ពីគ្រោះហានិភ័យ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ ធ្ងន់ធ្ងរ បន្ទាប់ពី មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅហ្សាប៉ូរីចា បានក្លាយជា​ផ្ទាំងស៊ីបនៃការវាយប្រហារ នៅក្នុង​សង្រ្គាម​អ៊ុយក្រែន។ នៅថ្ងៃ​អាទិត្យ លោក​រ៉ាហ្វាអែល ហ្រ្កូស៊ី​មិន​បាន​បញ្ជាក់​អ្នកទទួលខុសត្រូវ​លើ​សំឡេងផ្ទុះនៅ រោងចក្រ​នុយក្លេអ៊ែរ អ៊ុយក្រែន។ ប៉ុន្តែ ភាគី​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ចោទប្រកាន់គ្នា​ទៅវិញ ទៅមក តាំង​ពីព្រឹកព្រលឹមថ្ងៃអាទិត្យ។

នៅក្នុង​សេចក្តីថ្លែងការណ៍ របស់​ក្រសួងការពារ​ជាតិ​រុស្ស៊ី គេ​បាន​ទម្លាក់កំហុស ដាក់​របបអ៊ុយក្រែន​ថា មិនព្រម​ឈប់ញុះញង់ ដើម្បី​បង្កើតការគំរាមកំហែង គ្រោះមហន្តរាយធំធេង​នៅ​រោងចក្រ​នុយក្លេអ៊ែរ។ តាមក្រសួងការពារ​ជាតិ រុស្ស៊ី តាំង​ពីយប់ថ្ងៃ​សៅរ៍ ឈាន​ចូល​ដល់​ថ្ងៃអាទិត្យ កងទ័ព​អ៊ុយក្រែន​បាន​បាញ់​ជាង​២០គ្រាប់​សំដៅ​រោងចក្រ​នុយក្លេអ៊ែរហ្សាប៉ូរីចា ដែលនៅក្នុងនោះ គ្រាប់ផ្លោង​មួយចំនួន​បាន​ផ្ទុះធ្លាក់​នៅចន្លោះ​ប្លុក ម៉ាស៊ីនប្រតិករ ទី​៤ និងទី​៥ និង​មួយចំនួនទៀត​បាន​សំដៅ​ដំបូល​អគារពិសេស ដែលមាន​ផ្ទុកដាក់ឥន្ធនៈ​នុយក្លេអ៊ែរ។

យ៉ាងណាក៏ដោយ តាម​ប្រធានក្រុមហ៊ុនរោងចក្រនុយក្លេអ៊ែរ​រុស្ស៊ី ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS​ការវាយប្រហារ​នៅចុងសប្តាហ៍​មិនបានធ្វើ​ឲ្យមានបែកលេចធ្លាយធាតុវិទ្យុសកម្ម។

ភាគី​អ៊ុយក្រែន តាមរយៈ ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរជាតិ បាន​ចោទប្រកាន់​កងទ័ព​រុស្ស៊ី​ថា ជាអ្នកបាញ់ផ្លោង​ទៅលើ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​អគ្គិសនី ហ្សាប៉ូរីចា នៅព្រឹកថ្ងៃអាទិត្យ។ តាម​ប្រធាន​ក្រុមហ៊ុន​នុយក្លេអ៊ែរអ៊ុយក្រែន ការវាយប្រហារ​របស់​ទាហានរុស្ស៊ី​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់​សម្រាប់​ដំណើរការ​ផលិតអគ្គិសនី​របស់​រោងចក្រ​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា។

ចាប់តាំងពីខែតុលា កងទ័ព​រុស្ស៊ី​បាន​សំរុក​វាយ​ប្រហារ បាញ់ផ្លោង​គ្រាប់មីស៊ីល ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវីល​ ចាំបាច់ជាច្រើន​របស់អ៊ុយក្រែន ដែលភាគច្រើនគឺជារោងចក្រ​ផលិតចរន្តអគ្គិសនី បណ្តាញ​ខ្សែភ្លើង និង​បណ្តាញ​ផ្គត់ផ្គង់ទឹកស្អាតរបស់​អ៊ុយក្រែន។ នៅ​ថ្ងៃ​សុក្រទី ១៨​វិច្ឆិកា ប្រធានាធិបតី​អ៊ុយក្រែន​បាននិយាយ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​បានធ្វើ​ឲ្យ​ប្រជាជន​អ៊ុយក្រែន ប្រមាណ​១០លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ ក្នុងខណៈពេល​សីតុណ្ហភាព​នៅអ៊ុយក្រែន ចាប់ផ្តើម​ធ្លាក់​ក្រោមសូន្យ នៅ​មុនរដូវរងា។

មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា បាន​ធ្លាក់​ក្រោមការកាន់កាប់​របស់​កងទ័ព​រុស្ស៊ី តាំងពីខែ​មីនា ពោល​គឺ​នៅប៉ុន្មានថ្ងៃ​ក្រោយ រុស្ស៊ី​ចូលធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ រុស្ស៊ី និង​អ៊ុយក្រែន​ធ្លាប់​ចោទប្រកាន់​គ្នា​ទៅវិញ ទៅមក​ថា ជាអ្នកទទួលខុសត្រូវលើការវាយប្រហារលើ​មណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ