អានតួអត្ថបទ

អូតង់សន្យាជួយកម្តៅអ៊ុយក្រែនក្នុងរដូវរងារ ខណៈដែលរុស្ស៊ីយករដូវរងារធ្វើជាអាវុធដើម្បីធ្វើបាបពលរដ្ឋអ៊ុយក្រែន

នៅ​ថ្ងៃ​អង្គារ ទី២៩ វិច្ឆិកា អង្គការ​អូតង់​បាន​បើក​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​នៅ​ក្នុង​ទីក្រុង​ប៊ុយការ៉េស ប្រទេស​រូម៉ានី។ មាន​ប្រធានបទ​សំខាន់​ចំនួន​ពីរ​ដែល​កិច្ចប្រជុំ​បាន​លើក​យក​ទៅ​ជជែក ទី១ ជួយ​អ៊ុយក្រែន​ឲ្យ​ឆ្លង​ផុត​រដូវ​រងារ និង​ទី២ បន្ត​ពិនិត្យ​លើ​សំណើ​សុំ​ចូល​អូតង់​របស់​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​ស៊ុយអែត។ គួរ​បញ្ជាក់​ថា​នា​រយៈពេល​ចុង​ក្រោយ​នេះ រុស្ស៊ី​បាន​ប្រើ​មីស៊ីល​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធស៊ីល ពិសេស​​ថាមពល​របស់​អ៊ុយក្រែន​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អ៊ុយក្រែន​ភាគ​ច្រើន​គ្មាន​ភ្លើងអគ្គិសនី និង​ទឹកស្អាត​ប្រើប្រាស់។

នៅ​ថ្ងៃ​អង្គារ ទី២៩ វិច្ឆិកា អង្គការ​អូតង់​បាន​បើក​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​នៅ​ក្នុង​ទីក្រុង​ប៊ុយការ៉េស ប្រទេស​រូម៉ានី។
នៅ​ថ្ងៃ​អង្គារ ទី២៩ វិច្ឆិកា អង្គការ​អូតង់​បាន​បើក​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​នៅ​ក្នុង​ទីក្រុង​ប៊ុយការ៉េស ប្រទេស​រូម៉ានី។ AP - Andreea Alexandru
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ​បាន​បរិហារ​រុស្ស៊ី​ពី​ការ​ប្រើ​រដូវ​រងារ​ជា​អាវុធ​ដោយ​បាន​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន។ តាម​លោក​យែន ស្តុលទែនប៊ែរ ទង្វើ​របស់​រុស្ស៊ី​របៀប​នេះ​ជា​ទង្វើ​ចេតនា​ដើម្បី​កាត់​ផ្តាច់​បណ្តាញ​ភ្លើងអគ្គិសនី និង​បណ្តាញ​ទឹកស្អាត​ក្នុង​គោលដៅ​ធ្វើ​បាប​ពលរដ្ឋ​អ៊ុយក្រែន ខណៈ​ដែល​សីតុណ្ហភាព​កំពុង​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​រដូវ​រងារ។ ប្រមុខ​អង្គការ​អូតង់​បាន​បន្ថែម​ថា គេ​ត្រូវ​ជួយ​អ៊ុយក្រែន​ឲ្យ​បាន​ច្រើន​ថែម​ទៀត ក្នុង​នោះ​មាន​ទាំង​ជំនួយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស។

គេ​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ជំនួយ​ហិរញ្ញវត្ថុ​របស់​អូតង់​ក្នុង​រឿង​ថាមពល​ចំពោះ​អ៊ុយក្រែន​ទេ។ ពី​ខាង​អាមេរិក អ្នក​ទទួល​ខុសត្រូវជាន់ខ្ពស់​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ជំនួយ​ហិរញ្ញវត្ថុ​របស់​អាមេរិក​សម្រាប់​ថាមពល​អ៊ុយក្រែន​មាន​ច្រើន​សម្បើម។ តែ​លោក​មិន​ព្រម​ប្រាប់​តួលេខ និង​បាន​ត្រឹម​រម្លឹក​ថា ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​ត្រៀម​លុយ​ចំនួន ១ ១០០លានដុល្លារ​សម្រាប់​ជួយ​ថាមពល​នៅ​អ៊ុយក្រែន និង​នៅ​ម៉ុលដាវី។ ចំណែក​សហភាពអឺរ៉ុប​បាន​ស្នើ​ឲ្យ​ប្រើ​យន្តការ​គាំពារ​ស៊ីវិល​ដើម្បី​បញ្ជូន​ឲ្យ​អ៊ុយក្រែន​នូវ​ម៉ាស៊ីនភ្លើង​ប្រមាណ ៥០០គ្រឿង និង​ជម្រក​ទប់ទល់​នឹង​រដូវ​រងារ​ប្រមាណ ២០០០ជម្រក។

គួរ​រម្លឹក​ថា​នា​ដើម​ខែ​តុលា រុស្ស៊ី​បាន​ផ្តើម​យុទ្ធនាការ​វាយប្រហារ​ដោយ​មីស៊ីល​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយក្រែន។ តាម​តួលេខ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន មាន​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ចន្លោះ​ពី ២៥% ទៅ ៣០% បាន​រង​ការ​ខូចខាត​ដោយ​គ្រាប់មីស៊ីល​រុស្ស៊ី។ ក្រៅ​ពី​សង្រ្គាម​អ៊ុយក្រែន កិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អូតង់​ក៏​បាន​បន្ត​ពិនិត្យ​លើ​សំណើ​សុំ​ចូល​ជា​សមាជិក​អូតង់​របស់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត។ សំណើ​មួយ​នេះ​ត្រូវ​បាន​សមាជិក ២៨ប្រទេស​ក្នុង​ចំណោម​សមាជិក​ទាំង ៣០ប្រទេស​របស់​អូតង់​ឲ្យ​សច្ចាប័ន​រួច​ហើយ។ គេ​នៅ​រង់ចាំ​ភ្លើងខៀវ​តែ​ពី​ប្រទេស​តួកគី និង​ហុងគ្រី​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ