អានតួអត្ថបទ

ប្រទេស​​​ផលិត​ប្រេង​រក្សា​ជំហរដដែល ទោះត្រូវ​ប្រឈម​នឹង​​អនាគត​​​មិន​ច្បាស់​លាស់ក្តី

បើទោះបីជា​ប្រឈម​មុខ​នឹង​អនាគតតម្លៃប្រេងមិនច្បាស់លាស់ក៏ដោយ ក៏​ក្រុម​បណ្តា​ប្រទេសអ្នកផលិតប្រេង នៅ​តែ​​សម្រេច​រក្សា«ជំហរនៅ​ទ្រឹង​ដដែល» ស្រប​តាម​វិធានការណ៍​ដែលបាន​​ដាក់​ចេញកាលពី​តុលា។ នេះគឺ​ជា​ការ​សម្រេចចិត្ត​ នៅថ្ងៃ​អាទិត្យ​ ទី​៤ធ្នូ ក្នុង​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​ នៅក្រុង​វីយែន ​ប្រទេស​អូទ្រីស។ ការ​ជួប​ប្រជុំគ្នា​​ជាប្រញាប់​នេះ គឺ​បន្ទាប់ពី​ប្រទេស​អ្នក​មាន​សេដ្ឋកិច្ច​ជឿន​លឿន G7 និង​អូស្ត្រាលី ដាក់​ទណ្ឌកម្ម​កំណត់​កម្រិត​តម្លៃ​ប្រេង​រុស្ស៊ី ឲ្យត្រឹមតែ​ ៦០ដុល្លារ​ក្នុង​មួយ​បារីល។​ ​

និមិត្តសញ្ញា​​អង្គការ​ក្រុម​ប្រទេស​ផលិត​ប្រេង  ហៅកាត់​ថា Opep។
និមិត្តសញ្ញា​​អង្គការ​ក្រុម​ប្រទេស​ផលិត​ប្រេង  ហៅកាត់​ថា Opep។ REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

​អង្គការ​ក្រុម​ប្រទេស​ផលិត​ប្រេង  ហៅកាត់​ថា Opep បាន​សម្រេច​ក្នុង​សំឡេ​ងតែ​មួយ ដោយ​ជ្រើសរើស​អនុវត្ត​សេចក្តីសម្រេច​​របស់ខ្លួន​កាលពី​ខែ​តុលា​កន្លងទៅ ពោល​គឺ​ រក្សាកម្រិត​កំហិត​កាត់បន្ថយផលិត​ប្រេង ចំនួន ២ លានបារីលក្នុងមួយថ្ងៃ រហូតដល់ ដាច់ឆ្នាំ២០២៣។ នេះបើតាម​ប្រភព​ពី​អ្នក​តំណាង​ប្រទេស​ ចំនួន ២ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ ​នៅ​ក្រុង​វីយែន។ កិច្ចប្រជុំ​នេះ មា​នអ្ន​កតំណាង​ប្រទេស​ផលិត​ប្រេង​ ១៣ ដឹកនាំ​ដោយ​រាជធានី​រីយ៉ាដ​ បូក​ទាំង​​សម្ព័ន្ធ​មិត្ត​ ១០ទៀត ញាក់​ខ្សែ​ដោយ​រដ្ឋបាល​ក្រុង​ម៉ូស្កូ។​

ទោះ​ជា​យ៉ាងណាក្តី អង្គការ​ប្រទេស​ផលិតប្រេង  បញ្ជាក់ថា​អាច​នឹង​ផ្លាស់ប្តូរ​ការ​សម្រេចចិត្ត​ដែរ ប្រសិន​បើ​មាន​ករណី​ចាំបាច់។​

អ្នក​វិភាគ​មើលឃើញថា ការ​សម្រេច​ចិត្ត​ រក្សា​ស្ថានភាព​​ចង្វាក់​ផលិត​កម្មប្រេង​ដដែល ពី​សំណាក់​​​អង្គការ​ក្រុម​ប្រទេស​ផលិត​ប្រេង គឺ​ស្តែង​ឲ្យ​ឃើញជាក់​​ពី ភាព​​មិន​ច្បាស់​លាស់​នៃ​តម្លៃប្រេងរុស្ស៊ី​​។​

គួរ​បញ្ជាក់ថា តម្លៃ​ប្រេង​ឆៅពិភពលោក​ ធ្លាក់​ចុះ​ពី​ ១៣០ ដុល្លារ​ក្នុង​មួយ​ធុង​បារីល នៅខែ​មីនា គឺ​ក្រោយ​ពី​ផ្ទុះ​សង្គ្រាម​នៅអ៊ុយក្រែន ហើយ​វា​ធ្លាក់​ចុះ​ទៀត​ មក​ត្រឹម​ ៨០-៨៥ដុល្លារ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ផលិតប្រេង​ ផ្អាក​និងកាត់​បន្ថយ​ចំនួន​ផលិត ដើម្បី​ឲ្យ​តម្លៃ​នៅ​លើ​ទីផ្សារ​ងើប​ឡើងវិញ។​

សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ដោយ​​​កំណត់​តម្លៃប្រេង​ឆៅ​រុស្ស៊ី ឲ្យ​នៅ​ត្រឹមតែ​ ៦០ ដុល្លារ ក្នុង​មួយ​បារីស ឬ​ថោកជាងនេះ សម្រាប់ការ​ដឹក​ជញ្ចូន​តាមសមុទ្រ​។  បំរាម​កំណត់តម្លៃនេះ ត្រូវ​ចូល​ជា​ធរមាន​ នៅ​ថ្ងៃ​ច័ន្ទ​ ៥ធ្នូ​។ ជាមួយគ្នា​នេះ ក្រុម​ប្រទេស​អ្នក​មាន​សេដ្ឋកិច្ច​ជឿន​លឿន ទាំង​៧ បូក​និង​អូស្ត្រាលី យល់​ព្រម​អនុម័ត​សម្រេច​អនុវត្តតាម​​ដែរ កាលពីថ្ងៃ សុក្រ​កន្លងទៅ​។

ប្រទេស​បច្ចិមលោក​ បញ្ជាក់ថា ការ​សម្រេច​វិធាន​ទាំង​នេះ​ ជា​ទណ្ឌកម្ម​​ បន្ថែមលើទណ្ឌកម្ម​ផ្សេងទៀត​ ដាក់​សង្កត់​ករដ្ឋបាល​ក្រុងម៉ូស្កូ​ ដើម្បី​កាត់​បន្ថយ​ប្រភព​ចំណូល​សេដ្ឋកិច្ច​រុស្ស៊ី។ រុស្ស៊ី​ ដែល​បច្ចិមប្រទេស ចោទប្រកាន់​​ថាបាន​យក​លុយ​ចំណេញ​ពី​ការលក់​ប្រេងនិង​ឧស្ម័ន​​ ទៅ​បំពាក់​បំប៉ន់​ម៉ាស៊ីន​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន​​។

រុស្ស៊ី របស់លោក ពូទីន បាន​ព្រមាន​វិញដែរថា ឈប់​លក់​ប្រេង​ឲ្យ​ប្រទេស​ណា​ដែល​ចូល​ដៃ​​អនុវត្ត​វិធានការណ៍​កំ​ណត់​តម្លៃប្រេងរុស្ស៊ី​​នោះ​ ហើយ​និងថា បស្ចិម​លោក​នឹង​ទទួល​រក​ផលវិបាក​ធ្ងន់ធ្ងរ​​ ពី​អស្ថិរភាពទីផ្សារ​​ប្រេង​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ