អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន

លោកពូទីនបញ្ជាឲ្យកងទ័ពផ្អាកប្រយុទ្ធ៣៦ម៉ោង​សម្រាប់បុណ្យណូអែល​នៅ​រុស្ស៊ី

នៅប៉ុន្មានថ្ងៃ​មុន​បុណ្យឆ្លងឆ្នាំថ្មី​នៅរុស្ស៊ី ពាក្យ​អំពាវនាវ​ឲ្យមាន​បទឈប់បាញ់ នៅក្នុង​សង្រ្គាមអ៊ុយក្រែន​មានកាន់តែច្រើន។ នៅក្រោយ​ប្រមុខសាសនា​រុស្ស៊ីអំពាវនាវ​ឲ្យភាគីជម្លោះផ្អាកប្រយុទ្ធគ្នា ប៉ុន្មានថ្ងៃ​ដើម្បី​បើកផ្លូវ​ឲ្យទាហាន​រុស្ស៊ី និងអ៊ុយក្រែន​អាច​ប្រារព្ធ​ពិធីបុណ្យឆ្លងឆ្នាំថ្មី នៅថ្ងៃទី ៧​មករា​ខាងមុខ ប្រធានាធិបតី​រុស្ស៊ី​បានបញ្ជា​ឲ្យកងទ័ពរុស្ស៊ីផ្អាក​ប្រយុទ្ធ​១ថ្ងៃកន្លះ គិត​ចាប់ពីថ្ងៃ​សុក្រទី ៦​មករា។ ប៉ុន្តែ អ៊ុយក្រែន​ទាត់ចោល​បទឈប់បាញ់​របស់​រុស្ស៊ី។ នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី​បាននិយាយប្រាប់សមភាគី​តួកគី​ថា រុស្ស៊ីត្រៀមខ្លួន​ចរចាមែនទែន ជាមួយ​អ៊ុយក្រែន។ ប៉ុន្តែ អ៊ុយក្រែន​ត្រូវ​ទទួល​យក​លក្ខខណ្ឌ ពីរុស្ស៊ី។

មេបញ្ជាការទ័ពរុស្ស៊ី លោក​Valery Gerasimov ទទួល​លោកប្រធានាធិបតីរុស្ស៊ី លោក​ពូទីន​នៅទីតាំង​យោធាមួយកន្លែង​ដែលដឹកនាំ​ធ្វើសង្រ្គាមនៅអ៊ុយក្រែន
មេបញ្ជាការទ័ពរុស្ស៊ី លោក​Valery Gerasimov ទទួល​លោកប្រធានាធិបតីរុស្ស៊ី លោក​ពូទីន​នៅទីតាំង​យោធាមួយកន្លែង​ដែលដឹកនាំ​ធ្វើសង្រ្គាមនៅអ៊ុយក្រែន via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

មួយឆ្នាំ នៃ​សង្រ្គាមឈ្លានពាន អ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី លោកពូទីន​បាន​និយាយ​ថា រុស្ស៊ី ត្រៀមខ្លួនចរចា​មែនទែន ជាមួយ​អ៊ុយក្រែន ប៉ុន្តែ នៅក្នុងលក្ខខណ្ឌ​ដែល​អ៊ុយក្រែន​យល់ព្រម ទទួល​ស្គាល់​តថភាពថ្មីនៃដែនដី​ដែលកើតឡើង​នៅក្រោយ ប្រតិបត្តិការ​កងទ័ពពិសេស​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន។

នៅ​ខែ កញ្ញា​ឆ្នាំមុន ម៉ូស្គូ​បាន​កាត់យក​មកគ្រប់គ្រង តំបន់​ចំនួន ៤​របស់​អ៊ុយក្រែន ភាគខាងជើង និង​ខាងត្បូង ដែល​កងទ័ព​រុស្ស៊ី​បានវាយ​ចូល​កាន់កាប់​ តាំង​ពី​ដើមដំបូង​នៃ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

“រុស្ស៊ីត្រៀមខ្លួនចរចា​ជាមួយអ៊ុយក្រែន” នេះ​ជាការឆ្លើយតប​របស់​លោកពូទីន ទៅកាន់​សមភាគី តួកគី លោក​រេសេប អ៊ែរដូហ្កាន ដែលបាន​ទាមទារ​ឲ្យ​រុស្ស៊ី អនុវត្តបទឈប់បាញ់​ដោយ​ឯកតោភាគី។ នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី កាលពីថ្ងៃ​ព្រហស្បតិ៍ មេដឹកនាំ​តួកគី បាន​និយាយ​ថា ការអំពាវនាវ​ឲ្យមានសន្តិភាព និង​ការចរចារវាង​រុស្ស៊ី និងអ៊ុយក្រែន គួរតែ​មាន​អម​ដោយ​បទឈប់បាញ់​ឯកតោភាគី។

ជាសមាជិក​របស់អូតង់ ដែលបដិសេធ​មិនដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី តាមប្រទេស​លោកខាងលិច តួកគីដែលមានទំនាក់ទំនង​ល្អ​ជាមួយ​អ៊ុយក្រែន និង​រុស្ស៊ី បានព្យាយាម​សម្របសម្រួល ជំរុញ​ឲ្យ​ភាគីជម្លោះ​ចូល​តុចរចា។ ការចរចា​សន្តិភាព រវាង​រុស្ស៊ី និងអ៊ុយក្រែន បាន​ជាប់គាំងរហូតមក ប៉ុន្តែ តួកគី​ជាមួយ អង្គការ​សហប្រជាជាតិ​បាន​ជោគជ័យសម្របសម្រួល​ឲ្យ​រុស្ស៊ី​បើកផ្លូវ​ឲ្យ​មាន​ការនាំចេញ​ស្រូវ​សាលីអ៊ុយក្រែន។

នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទជាមួយ​ប្រធានាធិបតី​តួកគី លោកពូទីន​បាន​ឆ្លៀត​រិះគន់​ផងដែរ​ក្រុមប្រទេស​លោកខាងលិចថា បាន​ដើរតួជាអ្នកបំផ្លិចបំផ្លាញ នៅក្នុង​ជម្លោះ​អ៊ុយក្រែន។ តាម​លោកពូទីន បស្ចិមលោក​បាន​ចាក់បញ្ច្រក​អ៊ុយក្រែន តាមរយៈ ការបញ្ជូនផ្គត់ផ្គង់​អាវុធទំនើបៗ និងការផ្តល់ព័ត៌មាន​ទាក់ទង​នឹង​ទីតាំង​យុទ្ធសាស្រ្ត​របស់កងទ័ពរុស្ស៊ី។

លោកពូទីន​និយាយ​ថា រុស្ស៊ី​ត្រៀមខ្លួន​ចរចាជាមួយ​អ៊ុយក្រែន ប៉ុន្តែ លោកប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី បាន​និយាយ​ហើយថា លោក​មិនចរចាជាមួយ​រុស្ស៊ី ដែលស្ថិតក្រោមការដឹកនាំ​របស់​លោក​ពូទីន និង​ថា អ៊ុយក្រែន នឹង​វាយដណ្តើម​យក​ទឹកដីទាំងអស់​របស់ខ្លួនមកគ្រប់គ្រងវិញ។ នៅក្នុង​ផែនការ​សន្តិភាព ដែល​លោក​បាន​ប្រកាស​កាលពីខែ​វិច្ឆិកាឆ្នាំមុន លោកហ្សេឡេនស្គី​បាន​បញ្ជាក់ថា គេ​មិនអាច​ចរចា​ពី​ដែនអធិបតេ្យភាព​របស់​អ៊ុយក្រែន ប៉ុន្តែ ម៉ូស្គូ​ឆ្លើយតបវិញថា រុស្ស៊ីនឹង​មិនប្រគល់​ទឹកដី​ដែល​រុស្ស៊ី​បានកាត់យក​ពី​អ៊ុយក្រែន​ដាច់ខាត។

ការលើកឡើង​ពីជំហរត្រៀមខ្លួន​ចរចា​របស់​រុស្ស៊ី ធ្វើឡើង​នៅប៉ុន្មានថ្ងៃ​ក្រោយ កងទ័ព​រុស្ស៊ីស្លាប់នៅក្នុងការវាយប្រហារ​របស់​មីស៊ីលអ៊ុយក្រែន នៅយប់​ថ្ងៃ​បុណ្យឆ្លងឆ្នាំសកល បានកើនឡើង​ដល់​ចំនួន ៨៩នាក់ គិតត្រឹមថ្ងៃពុធទី ៤មករា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ