អានតួអត្ថបទ
ស៊ុយអែត

ស៊ុយអែត៖នាយករដ្ឋមន្រ្តីបង្ហាញសមានចិត្តចំពោះពលរដ្ឋអ៊ីស្លាមក្រោយពីមានការដុតគម្ពីរសាសនាអ៊ីស្លាម

នៅ​ក្នុង​ប្រទេស​ស៊ុយអែត នាយករដ្ឋមន្រ្តី​លោក​អ៊ុលហ្វ គ្រីស្ទ័រសុន​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ថ្ងៃ​អាទិត្យ ទី២២ មករា​ទៅ​លើ​ទង្វើ​ដុតគម្ពីរ​សាសនា​អ៊ីស្លាម​កាល​ពី​ថ្ងៃ​សៅរ៍ ទី២១ មករា។ ការ​ដុត​គម្ពីរ​សាសានា​អ៊ីស្លាម​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្បួន​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ស្តុកខុល។ តាម​លោក​អ៊ុលហ្វ គ្រីស្ទ័រសុន ការ​ដុត​គម្ពីរ​សាសនា​អ៊ីស្លាម​ជា​ទង្វើ​គ្មាន​ការ​គោរព និង​បាន​សម្តែង​សមានចិត្ត​ចំពោះ​ពលរដ្ឋ​អ៊ីស្លាម។ ប្រតិកម្ម​ជុំវិញ​ការ​ដុត​គម្ពីរ​សាសនា​អ៊ីស្លាម​នេះ​ក៏​មាន​ពី​ពិភពលោក​អ៊ីស្លាម​ក្នុង​លោក​ដែរ។

នាយករដ្ឋមន្រ្តីស៊ុយអែត លោកអ៊ុលហ្វ គ្រីស្ទ័រសុន
នាយករដ្ឋមន្រ្តីស៊ុយអែត លោកអ៊ុលហ្វ គ្រីស្ទ័រសុន AP - Vesa Moilanen
ផ្សាយពាណិជ្ជកម្ម

« សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ។ តែ​ទង្វើ​ស្រប​ច្បាប់​មិន​មែន​សុទ្ធសឹង​ជា​ទង្វើ​សមរម្យ​ទេ។ សម្រាប់​មនុស្ស​ជា​ច្រើន ការ​ដុត​សៀវភៅ​ដែល​ជា​គម្ពីរ​វិសុទ្ធ​ជាទង្វើ​ដែល​គ្មាន​ការ​គោរព ហើយ​ខ្ញុំ​ចង់​សម្តែង​សមានចិត្ត​ចំពោះ​ពលរដ្ឋ​អ៊ីស្លាម​ទាំង​អស់​ដែល​បាន​ប្រឆាំង​នឹង​អ្វី​ដែល​បាន​កើត​មាន​នៅ​ក្នុង​ទីក្រុង​ស្តុកខុល​កាល​ពី​ថ្ងៃ​សៅរ៍ ទី២១ មករា » នេះ​ជា​សារ​របស់​លោក​អ៊ុលហ្វ គ្រីស្ទ័រសុន​នៅ​ក្នុង​ទំព័រ​ធ្វីតធ័រ​របស់​លោក។ គួរ​បញ្ជាក់​ថា​នា​រសៀល​ថ្ងៃ​សៅរ៍ ទី២១ មករា ប៉ូលិស​ស៊ុយអែត​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ចំ​ក្បួន​បាតុកម្ម​មួយ​ក្បែរ​ស្ថានទូត​តួកគី​ក្នុង​ទីក្រុង​ស្តុកខុល។

នា​ឱកាស​នោះ ជន​ស្តាំនិយម​ជ្រុល​ស៊ុយអែត​ម្នាក់​បាន​ដុត​គម្ពីរ​សាសនា​អ៊ីស្លាម​ក្នុង​គោលដៅ​បរិហារ​លើ​ការ​ចរចា​រវាង​ស៊ុយអែត និង​តួកគី​ស្តីពី​ការ​សុំ​ចូល​អង្គការ​អូតង់​របស់​ស៊ុយអែត។ តែ​សម្រាប់​តួកគី ទង្វើ​ដុត​គម្ពីរ​សាសនា​អ៊ីស្លាម​ជា​ឧក្រិដ្ឋកម្ម​នៃ​ការ​ស្អប់ខ្ពើម និង​បាន​លុបចោល​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ស៊ុយអែត​នៅ​តួកគី​នា​សប្តាហ៍​ក្រោយ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ការ​ដុត​គម្ពីរ​សាសនា​អ៊ីស្លាម​នៅ​ក្បែរ​ស្ថានទូត​តួកគី​ក្នុង​ក្រុង​ស្តុកខុល​នឹង​ជះ​ផលវិបាក​បន្ថែម​ទៀត​ដល់​ការ​សុំ​ចូល​អង្គការ​អូតង់​របស់​ស៊ុយអែត​ដែល​កំពុង​រាំងខ្ទប់​ដោយ​តួកគី។

ក្រៅ​ពី​តួកកី ទង្វើ​របស់​ជន​ជ្រុលនិយម​ស៊ុយអែត​ក៏​បាន​រង​ការ​ប្រឆាំង និង​ថ្កោលទោស​ពី​បណ្តា​ប្រទេស​អ៊ីស្លាម​ផ្សេង​ទៀត រួម​មាន​ម៉ារ៉ុក ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រពែក្ស ឬ​មួយ​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម។ ម៉ារ៉ុក​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ដែល​រដ្ឋអំណាច​ស៊ុយអែត​បាន​អនុញ្ញាត​ឲ្យ​មាន​ទង្វើ​មិន​អាច​ទទួល​យក​បាន និង​អាក្រក់​កើត​មាន​នៅ​ពី​មុខ​កម្លាំង​ប៉ូលិស​ស៊ុយអែត។ ចំណែក​ឥណ្ឌូណេស៊ី​យល់​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ