អានតួអត្ថបទ
អាល្លឺម៉ង់-សង្គ្រាមអ៊ុយក្រែន

សង្គ្រាម​អ៊ុយក្រែន ៖ អាល្លឺម៉ង់ព្រម​​​​បញ្ជូន​រថក្រោះLeopard អាមេរិកឱ្យ​​រថក្រោះAbrams ទៅ​អ៊ុយក្រែន

បន្ទាប់​ពី​រារែក​អស់​ពេញ​មួយ​សប្តាហ៍​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​​អាល្លឺម៉ង់​ ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ២៥​មករា​នេះ ព្រម​បញ្ជូន​រថក្រោះ​ឡេអូប៉ា ទៅ​ឱ្យ​អ៊ុយក្រែនហើយ​។ ចំណែក​សហរដ្ឋ​អាមេរិក​ក៏​កំពុងជូន​ដំណឹង​ជា​ផ្លូវការ នៅ​ថ្ងៃ​នេះ​ដែរ ជុំ​វិញ​ការ​ផ្តល់​​​រថក្រោះ​ប្រមាណ​៣០គ្រឿង​ ​ទៅ​ឱ្យ​កៀវ។

អាល្លឺម៉ង់ប្រកាស​​​​​បញ្ជូន​រថក្រោះLeopard​ អាមេរិកឱ្យ​​រថក្រោះAbrams ទៅ​អ៊ុយក្រែន
អាល្លឺម៉ង់ប្រកាស​​​​​បញ្ជូន​រថក្រោះLeopard​ អាមេរិកឱ្យ​​រថក្រោះAbrams ទៅ​អ៊ុយក្រែន REUTERS - FABIAN BIMMER
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធមិត្ត​អ៊ុយក្រែនបាន​​ប្រើ​ពេល​យូរ​បន្តិច​ទម្រាំ​អារកាត់​សេចក្តី ថា ព្រម។​​ រថក្រោះ​ប្រយុទ្ធ​​ជា​ច្រើន​គ្រឿង​នឹង​បញ្ជូន​ឱ្យ​កង​កម្លាំង​អ៊ុយក្រែន​ នា​ខែ​ខាង​មុខ ដើម្បី​តតាំង​និង​កាច់​បំបាក់​កម្លាំង​របស់កងកម្លាំង​​រុស្ស៊ី ដែល​អាច​កម្រើក​ឡើង​ខ្លាំង​នៅពេល​រដូវ​ផ្ការីក​ចូល​មក​ដល់។

ដូច​មាន​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​អាល្លឺម៉ង់​ នៅ​ថ្ងៃ​ពុធ​នេះ អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បានចេញ​សេចក្តី​ថ្លែងការណ៍ ប្រកាស​ជា​ផ្លូវការ​ព្រម​ឱ្យប្រទេស​ផ្សេង​ៗ ជាពិសេស​ប្រទេស​​ប៉ូឡូញ និង​ហ្វាំង​ឡង់​ បញ្ជូន​រថក្រោះ​ប្រភេទ​ឡេអូប៉ា២ ទៅ​ឱ្យ​អ៊ុយក្រែន។ ជាមួយ​នឹង​កម្មវត្ថុ​បង្កើត​កងពល​រថក្រោះ​ចំនួន​កង​ឱ្យ​ឆាប់​រហ័ស​ អាល្លឺម៉ង់​ខ្លួន​ឯង ក៏​​​ផ្តល់រថក្រោះ​ឡេអូប៉ា2 A6 ចំនួន​​១៤គ្រឿងដ៏​ទំនើប​បំផុត​ ឱ្យ​ក្រុង​កៀវ​ដែរ ក្នុង​ចំណោម​រថក្រោះក្នុង​ឃ្លាំង​​សរុប​ប្រមាណ​​៣២០​របស់​អាល្លឺម៉ង់។ ការ​បំពាក់​បំប៉ន​កងទ័ព​អ៊ុយក្រែន​ត្រូវ​ចាប់​ផ្តើមក្នុង​ពេល​ឆាប់ៗ​បំផុតនៅ​អាល្លឺម៉ង់។​ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​​របស់​រដ្ឋាភិបាល​​អាល្លឺម៉ង់​ដដែល។​ ​លោក​នាយករដ្ឋមន្ត្រីអាល្លឺម៉ង់​​ អូឡាហ្វ ស្ហុលស៍ ដែល​រង​សម្ពាធ​ពីសម្ព័ន្ធមិត្ត​អឺរ៉ុប និង​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ផ្ទាល់ បាន​គូស​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ជា​សេចក្តី​សម្រេចចិត្ត​ស្រប​តាម​ជំហរ​នយោបាយ​អាល្លឺម៉ង់​តាំងពី​ដើម​មក ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន​យ៉ាង​ពេញ​ទំហឹង។

អាល្លឺម៉ង់ឆ្លើយ​ព្រម​ថ្ងៃ​នេះ​​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ដែល​រារែក​ខ្លាំង​ដែរ​តាំង​ពី​ជាង​មួយ​សប្តាហ៍​មកនោះ បាន​បង្ហាញ​ឆន្ទៈ​សាមគ្គីភាព​ដោយ​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ដែរ​ថ្ងៃ​ពុធ​ទី ២៥​មករា​ បញ្ជូន​រថក្រោះ​ ប្រភេទ​Abrams M1 ចំនួន​ប្រមាណ​៣០​គ្រឿង ឱ្យ​ក្រុង​កៀវ​។ បើ​តាម​កាសែត Wall Street Journal ប្រធានាធិបតី​អាមេរិក ចូ បៃដិន ទំនង​ជាបាន​​ធ្វើ​​សេចក្តី​សម្រេចចិត្ត​ ក្រោយ​​ពី​បាន​ជួប​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ អូឡាហ្វ ស្ហុលស៍ កាលពី​ថ្ងៃ​១៧​មករា​។ ​

គ្រាន់​តែ​បាន​ទទួល​ការព្រមព្រៀង​​ពី​អាល្លឺម៉ង់ ដែល​ជា​ប្រទេស​អ្នក​ផលិត​រថក្រោះ​ឡេអូប៉ាភ្លាម ការ​អបអរ​សរសើរ​បាន​ធ្លាក់​មក​ជា​បន្ទាប់​ ពី​អង់គ្លេស ពីបារាំង​​ ប៉ូឡូញ ... ថា​ជា​សេចក្តី​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ និង​ជា​ការ​ពង្រឹង​សមត្ថភាពយោធា​​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ