អានតួអត្ថបទ

អង់គ្លេស បញ្ឈប់​តំណែង​រដ្ឋមន្ត្រី​ម្នាក់​ ដែល​ជា​ប្រធានគណបក្ស​កាន់អំណាច ព្រោះ​មូលហេតុ​គេចពន្ធ

ថ្ងៃអាទិត្យ​ទី​២៩មករា នាយករដ្ឋមន្ត្រីអង់គ្លេស បាន​​បណ្តេញ រដ្ឋមន្ត្រីម្នាក់​​ ឲ្យចេញពី​តំណែង​។​ រដ្ឋមន្ត្រីរូប​នេះ គឺ​ជា ​​​ប្រធានគណបក្សអភិរក្សនិយម ​ផង។ ​ការ​បញ្ឈប់​តួនាទី​របស់បុគ្គល​សំខាន់​នៅក្នុង​​គណ​បក្ស​កាន់​អំណាច ​ ក៏ព្រោះតែ​​​ជាប់ពាក់ព័ន្ធ​នឹង​បញ្ហា​លួច​គេច​ពន្ធ​។​  

លោក Nadhim Zahawi រដ្ឋមន្ត្រី​ទទួល​បន្ទុក​ខាង​ចាក់​វ៉ាក់សាំងប្រឆាំងកូវីដ និង ដែល​​ជា ​​ប្រធាន​គណបក្សអភិរក្សនិយម ផង។
លោក Nadhim Zahawi រដ្ឋមន្ត្រី​ទទួល​បន្ទុក​ខាង​ចាក់​វ៉ាក់សាំងប្រឆាំងកូវីដ និង ដែល​​ជា ​​ប្រធាន​គណបក្សអភិរក្សនិយម ផង។ via REUTERS - JEFF OVERS/BBC
ផ្សាយពាណិជ្ជកម្ម

ជំនួស​ឲ្យ​ការ​ស្នើ​​លា​ចុះ​ពីតំណែង​ដោយ​ខ្លួនឯង នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ (Rishi Sunak) បាន​សម្រេច​ចិត្ត​បណ្តេញចេញ ពី​​​សមាជិករាជរដ្ឋាភិបាលតែម្តង ចំពោះលោករដ្ឋមន្ត្រី ណាដហីម ហ្សាហាវី (​​ Nadhim Zahawi) ដែល​​ជា ​​ប្រធាន​គណបក្សអភិរក្សនិយម ផង។

បន្ទាប់ពី​សាកល្បង​ការពារ​រដ្ឋមន្ត្រី​របស់ខ្លួន​មួយ​រយៈ​មក នៅទី​បំផុត​ទៅ នាយករដ្ឋមន្ត្រី  បាន​ស្នើ​ឲ្យ​ទីប្រឹក្សា​ទទួល​បន្ទុក​ខាង​ត្រួតពិនិត្យ​ផ្នែក​ក្រមសីលធម៌​របស់​មន្ត្រី​ បើក​​ការ​ស៊ើប​អង្កេត និងដែល​រកឃើញថា  រដ្ឋមន្ត្រី ណាដហីម ហ្សាហាវី ​គ្មាន​តម្លាភាព​ក្នុង​ការ​បង់​ពន្ធ​ជូន​រដ្ឋ ហើយ​​និង​ធ្លាប់​បាន​បង់​លុយ​ពន្ធតិច​ជាងច្បាប់​តម្រូវ ព្រ​មទាំង​ធ្វេសប្រហែស​​មិន​បំពេញ​កាតព្វកិច្ចពន្ធ​។ ​ រដ្ឋមន្ត្រីរូបនេះ ក៏​មាន​ក្រុមហ៊ុន​វិនិយោគ​ ចុះបញ្ជី​នៅបរទេស​ និង​ដែល​រកស៊ី​ជាមួយ​ក្រុម​គ្រួសារ។ នៅជំនាន់​ គ្រាដែល​​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​ ក្នុង​អាណត្តិ​អតីត​នាយករដ្ឋមន្ត្រី​ បូរីស ចនសុន គឺលោក​បាន​ដោះស្រាយ​ សម្របសម្រួល​ស្ងាត់ៗ​ ជាមួយ​មន្ត្រី​ប៉ូលីសខាង​ពន្ធ​ទៀត​ផង​​។ តាមព័ត៌មា​នក្នុង​ស្រុក​អង់គ្លេស រដ្ឋមន្ត្រី​រូបនេះ បាន​គេចពន្ធ យ៉ាងហោច​ ៦ លាន​ដុល្លារ​ដែរ។​

ចំណុចគ្មានតម្លាភាព​ទាំង​នេះ​ហើយ ដែល​ នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ យល់ថាជា​«កំហុសធ្ងន់ធ្ងរ»។ ធ្ងន់ធ្ងរព្រោះថា «​​គ្មាន​សេចក្តីថ្លៃថ្នូរ គ្មាន​វិជ្ជាជីវៈ និង​គ្មា​នការ​ទទួល​ខុសត្រូវ​» ហើយ​និង​ផ្ទុយ​ប្រាសចាក​ពីក្រមសីលធម៌​ដែល​លោក​ធ្លាប់​បាន​ស្បថ​នៅពេល​ចូល​ដាច់​ចង្កូត​ដឹកនាំប្រទេស។​ នេះបើផ្អែក​តាម​សំបុត្រ​មួយ​ច្បាប់​របស់ ​រីស៊ី ស៊ូណាក់ ​ផ្ញើផ្ទាល់​​ទៅកាន់​ លោក ​ណាដហីម ហ្សាហាវី។​

លោក ណាដហីម ហ្សាហាវី មាន​​កំណើតជា​​ជនជាតិ​​គួជ​ កើត​អ៊ីរ៉ាក់​ ហើយ​គេច​ពី​​មាតុ​ប្រទេស​កាន់​របបផ្តាច់ការ  មកកសាង​ជីវិត​នៅ​អង់គ្លេស តាំងពី​ក្មេងវ័យប្រមាណ​អាយុ​១១ឆ្នាំ​ សូម្បី​​ភាសា​អង់គ្លេស​ ក៏​មិនចេះ​និយាយ​ផង។ លោក​បាន​កែប្រែ​ជីវិត​ ក្លាយ​ជាអ្ន​ករកស៊ីមា​នលុយកាក់​ច្រើន មុន​នឹង​ប្រលូក​ជីវិត​អ្ន​កនយោបាយ។​

នៅក្នុង​គេហទំព័រ​រដ្ឋាភិបាល​អង់គ្លេស លោក​ ​រីស៊ី ស៊ូណាក់ ក៏​បាន​លើករំឭក​ពី​គុណ​បំណាច់​របស់ លោក ណាដហីម ហ្សាហាវី ដែល​បាន​​រួម​ចំណែក​ដឹកនាំប្រទេស​​៥ឆ្នាំកន្លងទៅ និង​ជួយ​​ទប់​ស្ងាត់​​ជំងឺ​ឆ្លង​កូវីដ ក្នុង​ប្រទេស​អង់គ្លេស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ