អានតួអត្ថបទ
សន្ធិសញ្ញាកាត់បន្ថយ​អាវុធនុយក្លេអ៊ែរ

អូតង់ព្រួយបារម្ភ និងទាមទារ​ឲ្យ​រុស្ស៊ី ត្រលប់​មក​គោរព​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ

បីថ្ងៃក្រោយ​អាមេរិក និងរុស្ស៊ី​និយាយ​ច្រានទម្លាក់កំហុស​ដាក់គ្នា​ទៅវិញ ទៅមក ក្នុងរឿង​មិន​គោរព​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ អង្គការ​អាត្លង់ទិក អូតង់​បាន​ចេញមុខ កាន់ជើង​អាមេរិក ដោយ​ទាមទារ​ឲ្យ​រុស្ស៊ី​ត្រលប់​មក​គោរព​សន្ធិសញ្ញា ដែលមាន​គោលដៅ កាត់បន្ថយ​អាវុធនុយក្លេអ៊ែរ​របស់​មហាអំណាច​ទាំងពីរ រុស្ស៊ី អាមេរិក។ កាលពី​ថ្ងៃ​សុក្រទី ៣ កុម្ភៈ អង្គការអូតង់ ដែល​នាំមុខ​ដោយ​សហរដ្ឋអាមេរិក បានសំដែង​ក្តីបារម្ភ​ដែលសង្កេតឃើញថា រុស្ស៊ីមិនបាន​គោរព​កាតព្វកិច្ច​ដែលមានចែង នៅក្នុង​សន្ធិសញ្ញា ដែលគេ​ហៅ​ជាភាសា​អង់គ្លេសថា « New START »។

រូបភាពផ្តល់ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​បង្ហាញ​ការបាញ់សាកល្បង​មីស៊ីល​ចេញពី​កន្លែង​បាញ់​មីស៊ីលបាលីស្ទិក កាលពីឆ្នាំ ២០២០
រូបភាពផ្តល់ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​បង្ហាញ​ការបាញ់សាកល្បង​មីស៊ីល​ចេញពី​កន្លែង​បាញ់​មីស៊ីលបាលីស្ទិក កាលពីឆ្នាំ ២០២០ AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ កាល​ពី​ថ្ងៃ​សុក្រ អង្គការ​សម្ព័ន្ធអាត្លង់ទិក អូតង់​ទទួលស្គាល់​ថា សន្ធិសញ្ញា​កាត់បន្ថយ​អាវុធនុយក្លេអ៊ែរ​ចូលរួម​សំខាន់ នៅក្នុង​ស្ថិរភាព​ពិភពលោក តាមរយៈ​ការកំណត់​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​របស់មហាអំណាច អាមេរិក និង​រុស្ស៊ី។ ប៉ុន្តែ ដូចអាមេរិក អូតង់​ដែល​សង្កេតឃើញ រុស្ស៊ី ខកខាន​មិនបាន​គោរព​កាតព្វកិច្ច​ផ្លូវច្បាប់ ដែល​មានចែង​នៅក្នុង​សន្ធិសញ្ញា បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ត្រលប់​មកគោរព​សន្ធិសញ្ញា​New Start ឡើងវិញ។

នៅថ្ងៃ​ពុធ ក្រសួង​ការបរទេស​អាមេរិក​បាន​ទម្លាក់​កំហុស​លើ​រុស្ស៊ី ដែល​បាន​ប្រកាស​ផ្អាក​ការចូល​ទៅ​ត្រួតពិនិត្យ​សព្វាវុធ​នុយក្លេអ៊ែរ នៅ​ទឹកដី​រុស្ស៊ី ដែល​ជា​ប្រតិបត្តិការ​ត្រួតពិនិត្យ​គ្នា​ទៅវិញ ទៅមក ដូចមានចែង​ក្នុង​សន្ធិសញ្ញា កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ « New START »។ លើសពីនោះ រុស្ស៊ី​បាន​លើកពេល ដោយ​គ្មានកំណត់  កិច្ចប្រជុំគណៈកម្មការទេ្វភាគី ដែលផ្តោតសំខាន់​លើ​សន្ធិសញ្ញា និង​ដែលត្រូវ​ប្រព្រឹត្តទៅ នៅខែ​វិច្ឆិកាឆ្នាំមុន នៅប្រទេស​អេហ្ស៊ីប។

ទោះស្តីបន្ទោសរុស្ស៊ី ដែល​បាន​ផ្អាក ហាមមិនឲ្យ​អ្នកជំនាញអាមេរិកចូលត្រួតពិនិត្យ​សព្វាវុធនុយក្លេអ៊ែរ និងផ្អាកកិច្ចប្រជុំទ្វេភាគី ប៉ុន្តែ​អាមេរិកមិនបានចោទប្រកាន់រុស្ស៊ី ថា ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែម លើសចំនួន​ដែលមាន​កំណត់​ក្នុង​សន្ធិសញ្ញានោះទេ។

នៅថ្ងៃពុធ ម៉ូស្គូ​តាមរយៈអ្នកនាំពាក្យ​របស់​ប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ បាន​ចោទប្រកាន់ អាមេរិកថា ជាអ្នក​បំផ្លាញ ក្របខ័ណ្ឌផ្លូវច្បាប់ ដើម្បី​ត្រួតពិនិត្យ​អាវុធ​នុយក្លេអ៊ែរ​របស់ប្រទេស​ទាំងពីរ។ ប៉ុន្តែ ម៉ូស្គូ​នៅតែគិតថា សន្ធិសញ្ញាកាត់បន្ថយអាវុធ​នុយក្លេអ៊ែរ​សំខាន់។

ក្នុងបរិបទ​នៃ​សង្គ្រាមអ៊ុយក្រែន និង​ទណ្ឌកម្ម​ពី​សំណាក់​លោក​ខាងលិច រុស្ស៊ី​បាន​ប្រកាស កាលពី​ខែសីហាឆ្នាំមុន ផ្អាក​មិនឲ្យ​អាមេរិក​ចូល​ទៅ​ត្រួតពិនិត្យ​សព្វាវុធ​នុយក្លេអ៊ែរក្នុងទឹកដី​រុស្ស៊ី ដែលជា​ប្រតិបត្តិការ​ត្រួតពិនិត្យ​ធម្មតា តាមការចែង​របស់​សន្ធិសញ្ញា។ តាមឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំទីក្រុង​វ៉ាស៊ីនតោន ​រុស្ស៊ី​ធ្លាប់​រំលឹក​ប្រាប់​អាមេរិករួចហើយថា ការត្រួតពិនិត្យ​សព្វាវុធនុយក្លេអ៊ែរ មិនអាច​កាត់ផ្តាច់​ចេញពី​តថភាពជាក់ស្តែង​នៃ​ភូមិសាស្រ្ត​នយោបាយ​បានឡើយ។ ដោយមើលទៅលើ​កាលៈទេសៈ​បច្ចុប្បន្ន រុស្ស៊ី​យល់ថា វា​មិនសមរម្យ និង​មិនគប្បី​ទាល់តែសោះ ដែលត្រូវ​អនុញ្ញាត​ឲ្យ​ទាហាន​អាមេរិក ចូល​មើលទីតាំងយុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​របស់​រុស្ស៊ី។

នៅក្រោយ​ចុះហត្ថលេខា និង​ផ្តល់សច្ចាប័ន​ដោយ​ភាគី​អាមេរិក និងរុស្ស៊ី នៅឆ្នាំ ២០១០សន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ចូល​ជាធរមាន នៅ​ឆ្នាំ២០១១ សម្រាប់​រយៈពេល ១០ឆ្នាំ និង​ត្រូវ​ផុត​នៅ​ឆ្នាំ២០២១ ក៏​ប៉ុន្តែ ត្រូវ​បាន​ពន្យារ​សុពលភាព រហូតដល់​ឆ្នាំ២០២៦។ សន្ធិសញ្ញា New START មានចែង​ពីការដាក់​កម្រិត​ឲ្យ​ភាគី​រុស្ស៊ី និង​អាមេរិក ​អាច​ដាក់ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​រយៈចម្ងាយ​ឆ្ងាយ បាន​យ៉ាងច្រើន​បំផុត ត្រឹម​ ១ ៥៥០គ្រាប់​ប៉ុណ្ណោះ សម្រាប់​ប្រទេស​នីមួយៗ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ