អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អាល្លឺម៉ង់ថារកឃើញភស្តុតាងរាប់រយអំពីឧក្រិដ្ឋកម្មនៅអ៊ុយក្រែន

អាល្លឺម៉ង់​ប្រមូលបាន​ភស្តុតាង​រហូតដល់​ទៅ​រាប់រយ ដែល​អាច​បញ្ជាក់​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម នៅ​អ៊ុយក្រែន។ នេះបើយោងតាម​ការអះអាង កាល​ពីថ្ងៃ​អាទិត្យ របស់​អគ្គរដ្ឋអាជ្ញា​អាល្លឺម៉ង់ ដែល​ក្នុងពេល​ជាមួយគ្នា បាន​​អំពាវនាវ​ឲ្យ​បង្កើត​យន្តការ​អន្តរជាតិ ដើម្បី​នាំខ្លួន​ជនល្មើស​មក​កាត់ទោសតាមច្បាប់។

សាកសព​ជាច្រើន​ត្រូវ​បាន​គេ​រកឃើញ នៅ​ប៊ូឆា ជាយក្រុង​កៀវ នៅក្រោយ​ពេល​រុស្ស៊ី​ដក​កងទ័ព (រូបថតឯកសារ)
សាកសព​ជាច្រើន​ត្រូវ​បាន​គេ​រកឃើញ នៅ​ប៊ូឆា ជាយក្រុង​កៀវ នៅក្រោយ​ពេល​រុស្ស៊ី​ដក​កងទ័ព (រូបថតឯកសារ) AP - Rodrigo Abd
ផ្សាយពាណិជ្ជកម្ម

លោក Peter Frank អគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ​ បាន​ឲ្យដឹង​ថា ក្រុមការងារ​របស់​លោក​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ទៅលើ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន តាំងពី​ខែ​មីនា​ឆ្នាំ២០២២ ហើយថា នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ការ​ស៊ើបអង្កេត​កំពុង​ផ្តោត​លើ​ចំណុចសំខាន់ពីរ គឺ​ទីមួយ ការសម្លាប់​រង្គាល​នៅ​ប៊ូឆា និង​ទីពីរ ការ​វាយប្រហារ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

លោក Peter Frank បាន​បញ្ជាក់​ឲ្យដឹង​ថា ការស៊ើបអង្កេត​នេះ មិនធ្វើឡើង​សំដៅ​ទៅលើ​បុគ្គលណាមួយ ឬ​ក្រុមណាមួយ​ជាក់លាក់​នោះទេ ដោយ​គោលដៅចម្បងបំផុត គឺ​ធ្វើយ៉ាងណា​ប្រមែរប្រមូល​ព័ត៌មាន និង​ភស្តុតាង អំពី​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង ដើម្បី​ទុក​ប្រើ​ក្នុងករណី​មាន​ដំណើរការ​កាត់ទោស​​ឧក្រិដ្ឋកម្ម​នៅ​អ៊ុយក្រែន​ទៅថ្ងៃ​អនាគត មិនថា កាត់ទោស​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ឬ​ក៏​នៅ​ក្នុង​ប្រទេស​ដៃគូណាមួយផ្សេងទៀត ឬ​ក៏​កាត់ទោស​ទៅតាម​​យន្តការ​នៃ​តុលាការ​អន្តរជាតិ​ណាមួយ។

គួរបញ្ជាក់ថា អយ្យការអាល្លឺម៉ង់​អាច​បើកការស៊ើបអង្កេត​ទៅលើ​ឧក្រិដ្ឋកម្ម​នៅ​អ៊ុយក្រែន​នេះបាន ដោយ​យោងទៅលើ​គោលការណ៍​យុត្តាធិការ​សកល ពោលគឺ នៅ​ក្នុងករណី​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ តុលាការ​អាល្លឺម៉ង់​អាច​ស៊ើបអង្កេត និង​ជំនុំជម្រះ​បាន បើទោះជាឧក្រិដ្ឋកម្ម​នោះ​ត្រូវ​បាន​​ប្រព្រឹត្ត​នៅ​ក្រៅប្រទេស​អាល្លឺម៉ង់ ហើយ​មិនជាប់ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​អាល្លឺម៉ង់​ក៏ដោយ។ ដំណើរការ​កាត់ទោស​ទៅតាម​គោលការណ៍​យុត្តាធិការ​សកលនេះ ធ្លាប់​ត្រូវ​បាន​តុលាការ​អាល្លឺម៉ង់​ធ្វើ​រួចមកហើយ នៅ​ក្នុង​ករណី​សង្គ្រាម​នៅ​ស៊ីរី។

ទោះជាយ៉ាងណា លោកអគ្គរដ្ឋអាជ្ញាអាល្លឺម៉ង់​​បាន​ទទួលស្គាល់ថា ​នៅក្នុង​ដំណើរការ​កាត់ទោស​​ដោយ​តុលាការ​អាល្លឺម៉ង់ គេ​អាចកាត់ទោស​បានតែ​ចំពោះ​ជនសង្ស័យ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​តែ​ប៉ុណ្ណោះ ហេតុដូច្នេះហើយ​បាន​ជាលោក​អំពាវនាវ​ឲ្យ​បង្កើត​យន្តការ​អន្តរជាតិ ដើម្បី​ជំនុំជម្រះ​​ឲ្យ​បាន​ទូលំទូលាយ​ ទៅលើ​ឧក្រិដ្ឋកម្ម​នៅ​អ៊ុយក្រែន​ ហើយថា ជន​ដែល​គេ​ត្រូវ​នាំខ្លួន​យក​មក​កាត់ទោស គឺ​មេដឹកនាំ​កំពូលៗ ដែល​មាន​សិទ្ធិអំណាច​ក្នុងការ​សម្រេច​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន ក៏ដូចជា​​មេដឹកនាំ​ជាន់ខ្ពស់​នៅ​ក្នុង​ជួរកងទ័ព ដែល​អនុវត្ត​តាម​សេចក្តីសម្រេច​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ