អានតួអត្ថបទ
អ៊ុយក្រែន-សហរដ្ឋអាមេរិក

ប្រធានាធិបតី​អាមេរិក ​ទៅ​បំពេញ​ទស្សនកិច្ចដោយ​ឥតព្រៀង​ទុក​ នៅក្រុង​កៀវ

លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក​បាន​អញ្ជើញទៅ​ដល់​ទីក្រុង​កៀវ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី ២០កុម្ភៈ​២០២៣ ជា​លើក​ទី​មួយ គិត​ចាប់​ពី​ផ្ទុះ​ជម្លោះ​យោធា​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែនថ្ងៃទី ២៤កុម្ភៈ​២០២២​មក។ ពីទីក្រុង​កៀវ និង​បន្ថែម​ពី​លើឆន្ទៈគាំទ្រ​ដោយ​ឥតងាករេ​របស់​អាមេរិក លោក ចូ បៃដិន​ ​ប្រកាស​បញ្ជូន​អាវុធ​ជំនួយ​ថ្មី​​ទៀតទៅ​ឱ្យ​​​អ៊ុយក្រែន ​។

ប្រធានាធិបតី​អាមេរិក និង​អ៊ុយក្រែន នៅទីក្រុង​កៀវ ថ្ងៃទី ២០ កុម្ភៈ​២០២៣​
ប្រធានាធិបតី​អាមេរិក និង​អ៊ុយក្រែន នៅទីក្រុង​កៀវ ថ្ងៃទី ២០ កុម្ភៈ​២០២៣​ © ОП
ផ្សាយពាណិជ្ជកម្ម

លោក ចូ បៃដិន កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​កៀវ ! ជា​ទស្សនកិច្ច​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ! ព្រោះ​ជា​ផ្លូវការ​ នៅ​​ថ្ងៃ​ចន្ទ​ទី ២០​កុម្ភៈនេះ លោកប្រធានាធិបតី​អាមេរិក ត្រូវ​អញ្ជើញ​ទៅ​ក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញទេ ប៉ុន្តែ​លោក​បាន​ឆៀង​ចូល​ជួប​ ហ្សេឡេនស្គី ​ប្រធានាធិបតី​អ៊ុយក្រែន​ ដល់​ផ្ទះ​តែម្តង។ ទស្សនកិច្ច​នេះ ​មាន​តម្លៃ​ជា​និម្មិតរូបបញ្ជាក់​អំពី​ការ​គាំទ្រដ៏​សំខាន់​​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន។ នេះ​ជា​ប្រសាសន៍​របស់​លោក​ហ្សេឡេនស្គី ដែល​ទទួល​ស្វាគមន៍​ភ្ញៀវ​យ៉ាង​រីករាយ។

អញ្ជើញ​ទៅ​ដល់​ក្រុង​កៀវ​តែ​​បួន​ថ្ងៃ​មុន​ខួប​មួយ​ឆ្នាំ​នៃ​ប្រតិបត្តិការ​យោធា​រុស្ស៊ី​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន និង​មួយ​ថ្ងៃ​មុន​លោកប្រធានាធិបតី​រុស្ស៊ី​​ពូទីន​ថ្លែង​សុន្ទរកថា​ចង្អុលកម្មវត្ថុ​សង្គ្រាម​ឆ្នាំ​ទីពីរ លោកប្រធានាធិបតី​អាមេរិក​ចូបៃដិន បាន​ប្រកាស​បញ្ជូន​សព្វាវុធ​បន្ថែម​ទៅ​ឱ្យ​អ៊ុយក្រែន។ ជំនួយ​បន្ថែម​មាន​ទំហំ​៥០០​លាន​ដុលលារ និង​មាន​ជា​អាទិ៍​ គ្រាប់​រំសេវ​សម្រាប់​កាំភ្លើង​ធំ ប្រព័ន្ធពាសដែក ប្រព័ន្ធ​រ៉ាដា​ការពារ​ដែន​អាកាស​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​អ៊ុយក្រែន ពី​គ្រាប់​ផ្លោង​តាម​អាកាស​របស់​រុស្ស៊ី។ នេះ​បើ​តាម​ការ​លម្អិត​របស់​លោក បៃដិន​ ដោយ​បញ្ជាក់​ថា អាមេរិក​នៅ​ក្បែរ​អ៊ុយក្រែន​ជា​និច្ច​និង​រហូត​។

ទស្សនកិច្ច​របស់​លោក​ចូ បៃដិន ដែល​ប្រព្រឹត្ត​ទៅ​ក្រោយការ​ការពារ​សុវត្ថិភាព​ខ្ពស់​បំផុត មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន​ទេ។ តែ​បើ​តាម​អ្នក​សារព័ត៌មាន​នៅ​ផ្ទាល់​នឹង​កន្លែង ក្នុង​អំឡុង​ពេលដែល​ប្រមុខ​រដ្ឋ​ទាំងពីរ​ចេញ​ពី​វិហារ​កាតូលិក​​ ស្នូរ​ស៊ីរ៉ែន​អាសន្នខ្ពស់​បំផុតមាន​គ្រាប់​មីស៊ីល​​បាន​លាន់​ឮ​ឡើងពេញ​ទីក្រុង​កៀវ។ តែ​គ្មាន​សញ្ញា​បាញ់​មីស៊ីល​ឬ​ការ​វាយប្រហារ​ដោយ​ដ្រូន​ លេច​ឡើង​នៅកន្លែង​ណា​មួយ​ទេ​ ក្នុង​ពេល​ភ្លាមៗ​នេះ។

បន្ទាប់​ពី​កៀវ​ លោក​ប្រធានាធិបតី​អាមេរិក ត្រូវ​បន្ត​ដំណើរ​ដូច​មាន​ចែង​ក្នុង​​កម្មវិធី​ផ្លូវការ ទៅកាន់​ប្រទេស​ប៉ូឡូញ ដែល​មាន​ភារៈ​ស្នូល​ក្នុង​ការ​ចាត់​ចែង​ជំនួយ​បស្ចិមលោក​ទៅ​ឱ្យ​កៀវ។ លោក​បៃដិន ត្រូវ​មាន​ជំនួប​ជាមួយ​សមភាគី​ប៉ូឡូញ​នៅ​ថ្ងៃអង្គារ​ស្អែក បន្ត​ដោយ​ជំនួប​ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស​នៅអឺរ៉ុបខាង​កើត​​ចំនួន ៩ប្រទេស​ផ្សេង​ទៀត ដែល​ដូច​ប៉ូឡូញ ជា​សមរភូមិ​ជួរ​មុខ​របស់​អូតង់ នោះ​គឺ លេតូនី លីទុយអានី ប៊ុលហ្ការី ហុងគ្រី សាធារណរដ្ឋ​ឆែក រូម៉ានី និង​ស្លូវ៉ាគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ