អានតួអត្ថបទ
ថាមពលបរមាណូ

អង្គការបរិស្ថាន​រិះគន់​​ បារាំង ថាឋិត​​ក្រោម​ឥទ្ធិពល​រុស្ស៊ី​ក្នុងសំណុំ​​បញ្ហា​ថាមពល​បរមាណូ

ថ្ងៃ​សៅរ៍ អង្គការ​​បរិស្ថាន​​ Greenpeace​ ចេញ​របាយការណ៍ ថ្កោល​ទោស​រដ្ឋាភិបា​លបារាំង ថា ឋិតក្រោមឥទ្ធិពលរុស្ស៊ីក្នុងសំណុំបញ្ហាថាមពលបរមាណូ​ស៊ីវិល​។​ នេះក៏ព្រោះតែ​ចង្វាក់​ផលិត​កម្ម​និង​ដឹកជញ្ជូន​សារធាតុ​អ៊ុយរ៉ានីញ៉ូម ដល់ទៅ​ជាង​៤០% ត្រូវ​ឆ្លង​កាត់កំពង់​ផែ​រុស្ស៊ី។​ ការ​ចេញ​របាយការណ៍អង្គការ​ Greenpeace ​នេះ គឺ​នៅ​មុន​ពេល​តែ​២ថ្ងៃ​ប៉ុណ្ណោះ ដែល​រដ្ឋសភា​បារាំង​ ត្រូវ​បើក​កិច្ច​ពិភាក្សា​តស៊ូ​មតិ​ ជុំវិញ​សំណើ​ច្បាប់ថ្មី​ ស្តីពីការ​បង្កើត​និងបង្កើន​ថាមពល​នុយក្លេអ៊ែរ។​ ​

ក្រុម​ហ៊ុន​បារាំង​ Orano ទទួល​សិទ្ធិ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ុម សម្រាប់​មជ្ឈមណ្ឌល​ថាមពល​បរមាណូ​បារាំង។
ក្រុម​ហ៊ុន​បារាំង​ Orano ទទួល​សិទ្ធិ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ុម សម្រាប់​មជ្ឈមណ្ឌល​ថាមពល​បរមាណូ​បារាំង។ ASSOCIATED PRESS - CLAUDE PARIS
ផ្សាយពាណិជ្ជកម្ម

«វិស័យ​ថាមពលបរមាណូ​របស់​បារាំង គឺ​នៅ​ពឹងពាក់​ឥទ្ធិពល​រុស្ស៊ី ពីព្រោះ​ក្រុម​ហ៊ុន​រុស្ស៊ី​បាន​គ្រប់​គ្រង់​ដល់ទៅ​ប្រមាណ ៤៣% នៃ​សារធាតុ​អ៊ុយរ៉ានីញ៉ូម ​សម្រាប់​ដឹក​ចូល​ប្រទេស​បារាំង។» នេះបើតាម​​របាយការណ៍របស់​អង្គការការពារបរិស្ថានអាកាសធាតុ Greenpeace និងដែល​បញ្ជាក់​ទៀតថា «សារធាតុអ៊ុយរ៉ានីញ៉ូម នាំចូល​ស្រុក​បារាំង ជាង​១ភាគ៣ គឺ​មកពី​ប្រទេស Kazakhstan និង Ouzbékistan ដែល​ត្រូវ​ឆ្លង​កាត់​តាម​កំពង់​ផែ​រុស្ស៊ី Saint-Pétersbourg​ និង​​ដឹក​ជញ្ជូន​ដោយ​ក្រុម​ហ៊ុន​ Rosatom របស់​រុស្ស៊ី។ អង្គការ​ Greenpeace បាន​រិះគន់​ទៀតថា អាស្រ័យ​ដោយ​ហេតុ​ដូច្នេះហើយ ទើប​អាជ្ញាធរ​បារាំង ហាក់​ដូចជា​មាន​ជំហរ​មិន​ច្បាស់​លាស់​ចំពោះការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន Rosatom របស់រុស្ស៊ី។

តាមរបាយការណ៍​ដដែល នៅ​ឆ្នាំ​២០២២ បារាំង​បាន​នាំ​ចូល​សារធាតុ​អ៊ុយរ៉ានីញ៉ុម​ចម្រាញ់​រួច ពីរុស្ស៊ី​ ក្នុង​បរិមាណ​១ភាគ៣​នៃការ​ប្រើប្រាស់​ក្នុង​មជ្ឈមណ្ឌល​ផលិត​ថាមពល​របស់បារាំង​។

អង្គការ​ Greenpeace យល់ឃើញថា ការ​បន្ត​រកស៊ី​វិស័យ​ខាង​ថាមពលក្រុមហ៊ុន​រុស្ស៊ី​​និង​ចំណាត់​ការ​ផ្នែក​សារធាតុ​​អ៊ុយរ៉ានីញ៉ុមរបស់​បារាំង​ ដែល​ឋិត​ក្រោម​ឥទ្ធិពល​របស់រុស្ស៊ី​នេះ គឺនាំឲ្យល្អក់​កក​ដល់​ការ​ដាក់​ទណ្ឌកម្ម​ជាលក្ខខណ្ឌ​អន្តរជាតិ​​ និង​ថា​ នេះជា​រឿង​អាស្រូវ​មួយ​ផង ​ដែល​វា​ផ្ទុយ​ពី​ការ​ដាក់​ទណ្ឌកម្ម​តែ​លើ​វិស័យ​ប្រេងនិង​ឧស្ម័ន​​រុស្ស៊ី​ ហើយ​បែរ​ជា​មិន​ដាក់​ពិន័យ​ខាងអ៊ុយរ៉ានីញ៉ុម ផង​​។​

នៅ​ប្រទេស​បារាំង ក្រុម​ហ៊ុន​ Orano ទទួល​សិទ្ធិ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ុម សម្រាប់​មជ្ឈមណ្ឌល​ថាមពល​បរមាណូ​បារាំង។ ក៏ប៉ុន្តែ ថ្ងៃសៅរ៍ទី​១១មីនា​ ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង អាអែហ្វប៉េ ទាក់ទង​សុំ​ការ​បំភ្លឺ​ពី Orano មិន​បាន ហើយ​ចំណែក អាជ្ញាធរ​ថាមពលអគ្គិសនី​បារាំង​​ EDF  ព្រមទាំងក្រសួង​បរិស្ថាន​ ​ ក៏​គ្មា​នប្រតិកម្ម​ដែរ​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ