អានតួអត្ថបទ
អង់គ្លេស-CPTPP

បន្ទាប់ពីបានចរចាអស់រយៈពេល ២១ខែ ប្រទេសអង់គ្លេសចូលរួមជាមួយដៃគូដោះដូរសេរីភាពអន្តរប៉ាស៊ីហ្វិក

នៅ​ថ្ងៃ​សុក្រ ទី៣១ មីនា ប្រទេស​អង់គ្លេស​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ចូលរួម​ជាមួយ​ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក ឬ​ហៅកាត់ CPTPP។ ទំរាំ​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​នេះ រដ្ឋាភិបាល​ក្រុង​ឡុងដ៏​បាន​ប្រើ​ពេល​ចរចា​ជាមួយ​ប្រទេស​ដៃគូ​សមាជិក CPTPP រយៈពេល​ជិត ២ឆ្នាំ។ នេះ​ពិត​ជា​ដំណឹង​ល្អ​សម្រាប់​អង់គ្លេស ព្រោះ​តាំង​ពី​បាន​ចាក​ចេញ​ពី​គ្រួសារ​សហភាពអឺរ៉ុប និង​ពី​ទីផ្សារ​រួម​សហភាព​អឺរ៉ុប​មក ក្រុង​ឡុងដ៏​បាន​ព្យាយាម​ស្វែង​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អ្នក​ផ្សេង។

នាយករដ្ឋមន្រ្តីអង់គ្លេសលោករីស៊ី ស៊ូណាក់
នាយករដ្ឋមន្រ្តីអង់គ្លេសលោករីស៊ី ស៊ូណាក់ AP - Henry Nicholls
ផ្សាយពាណិជ្ជកម្ម

បូក​បន្ថែម​ប្រទេស​អង់គ្លេស​មួយ​ទៀត ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក CPTPPនឹង​មាន​សមាជិក​សរុប​ចំនួន ១២ប្រទេស។ តែ​អង់គ្លេស​ជា​ប្រទេស​អឺរ៉ុប​ទី១ ដែល​បាន​ចូលរួម​ជាមួយ CPTPP។ បូក​បន្ថែម​ប្រទេស​អង់គ្លេស​មួយ​ទៀត CPTPP នឹង​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៥០០លាននាក់ និង​មាន​ផលិតផល​សរុប ១៥% នៃ​ផលិតផល​សរុប​ក្នុង​លោក។ ក្នុង​នាម​ជា​សមាជិក CPTPP ការ​នាំ​ចេញ​សេវា និង​ទំនិញ​អង់គ្លេស​ជាង ៩៩% ទៅ​កាន់​ប្រទេស​សមាជិក CPTPP ទទួល​បាន​ការ​លើកលែង​ពន្ធ។ យោង​តាម​ការ​ប៉ាន់​ប្រមាណ​ក្នុង​រយៈពេល​ខ្លី អង់គ្លេស​នឹង​ទទួល​បាន​ផល​សេដ្ឋកិច្ច​ពី CPTPP គិត​ជា​ទឹកប្រាក់​ចំនួន ២ ៤៥០លានអឺរ៉ូ។

នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​រីស៊ី ស៊ូណាក់​បាន​សាទរ និង​បញ្ជាក់​ថា ការ​ចូលរួម​របស់​អង់គ្លេស​ជាមួយ CPTPP ជា​ការ​បញ្ចូល​អង់គ្លេស​ទៅ​ក្នុង​ក្រុម​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក​ដ៏​មាន​សក្តានុពល និង​កំពុង​មាន​កំណើន​សេដ្ឋកិច្ច។ ការ​សាទរ​ក៏​មាន​ពី​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស​លោកស្រី​ឃេមី បាដឺណុក​ដែល​ប្រមើលមើល​ថា ការ​ចូលរួម​ជាមួយ CPTPP នឹង​ចូលរួម​បង្កើត​ការងារ​នៅ​អង់គ្លេស និង​ធ្វើ​អង់គ្លេស​ទទួល​បាន​ទីផ្សារ​កាន់​តែ​ទូលំទូលាយ​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ តាម​លោកស្រី បាដឺណុក កំណើន​សេដ្ឋកិច្ច​មួយ​ភាគ​ធំ​ត្រូវ​បាន​គេ​រង់ចាំ​ពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

នៅ​អង់គ្លេស​ដែរ សហជីព​កសិកម្ម​ដ៏​សំខាន់​ជាង​គេ​ក៏​បាន​សាទរ​ដោយ​ចាត់​ទុក​ការ​ចូលរួម​ជាមួយ CPTPP របស់​អង់គ្លេស​ថា​ជា​ឱកាស​ថ្មី​សម្រាប់​វិស័យ​នាំ​ចេញ​របស់​អង់គ្លេស។ តែ​ក៏​បាន​សម្តែង​ក្តីបារម្ភ​ពី​កំណើន​នាំ​ទំនិញ​ពី​ប្រទេស​សមាជិក CPTPP ផ្សេង​ចូល​ប្រទេស​អង់គ្លេស​ដែរ។ គេ​យ៉ាង​ណា​ក៏​ដោយគេ​អាច​និយាយ​បាន​ជា​រួម​ថា ដំណឹង​ទទួល​បាន​ការ​ចូលរួម​ជាមួយ CPTPP របស់​អង់គ្លេស​ជា​ដំណឹង​ល្អ ព្រោះ​តាំង​ពី​ក្រោយ​ចាកចេញ​ពី​គ្រួសារ​សហភាពអឺរ៉ុប និង​ពី​ទីផ្សាររួម​សហភាពអឺរ៉ុប​ក្នុង​ថ្ងៃទី១ មករា ២០២១ មក អង់គ្លេស​បាន​ព្យាយាម​ស្វែង​រក​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​អ្នក​ផ្សេង។

ក្រៅ​ពី​ជាមួយ​សហភាពអឺរ៉ុប និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន អង់គ្លេស​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អូស្រា្តលី នូវែលហ្សេឡង់ ឬ​សិង្ហបុរី ហើយ​សព្វថ្ងៃ​កំពុង​បន្ត​ចរចា​ជាមួយ​ឥណ្ឌា ឬ​ប្រទេស​កាណាដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ