អានតួអត្ថបទ
បារាំង-ច្បាប់

បារាំង៖ប្រធានាធិបតីបានប្រកាសឲ្យប្រើច្បាប់សោធននិវត្តន៍ដ៏ចម្រូងចម្រាស

នៅ​ក្នុង​ប្រទេស​បារាំង ប្រធានាធិបតី​លោក​ម៉ាក្រុង​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ច្បាប់​សោធននិវត្តន៍​ដ៏​ចម្រូងចម្រាស។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ឲ្យ​សុពលភាព​លើ​ផ្នែក​សំខាន់ៗ​នៅ​ក្នុង​គម្រោង​ច្បាប់​សោធននិវត្តន៍ ពិសេស​ការ​ដំឡើង​អាយុ​ចូល​និវត្តន៍​ពី ៦២ឆ្នាំ​ទៅ ៦៤ឆ្នាំ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមសហជីព​ដែល​បាន​ដឹកនាំ​ការ​ប្រឆាំង​នឹង​គម្រោង​ច្បាប់​មួយ​នេះ​តាំង​ពី​ច្រើន​សប្តាហ៍​បាន​ប្រកាស​បន្ត​ធ្វើ​បាតុកម្ម​នា​ពេល​ខាង​មុខ​ទៀត។

ប្រធានាធិបតី​បារាំងលោក​ម៉ាក្រុង​។
ប្រធានាធិបតី​បារាំងលោក​ម៉ាក្រុង​។ AP - Benoit Tessier
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជម្រើស​រវាង​សម្រាក និង​បន្ត​ដំណើរ​ឲ្យ​ដល់​គោលដៅ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ជ្រើស​យក​ផ្លូវ​ដើរ​ឲ្យ​កាន់​តែ​លឿន​ដើម្បី​ឲ្យ​ឆាប់​ដល់​គោលដៅ។ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​សម្រេច​ឲ្យ​សុពលភាព​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​នា​ល្ងាច​ថ្ងៃ​សុក្រ ទី១៤ មេសា លោក​ម៉ាក្រុង​ក៏​បាន​ប្រញិបប្រញាប់​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​នេះ​នៅ​យប់​ថ្ងៃ​សុក្រ ទី១៤ ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី១៥ មេសា។ ជម្រើស​ប្រញិបប្រញាប់​របស់​លោក​ម៉ាក្រុង​នេះ គឺ​ផ្ទុយ​នឹង​សំណើ​សុំ​របស់​ក្រុម​សហជីព​ដែល​បាន​ស្នើ​លោក​កុំ​ឲ្យ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​នៅ​ក្រោយ​ការ​ឲ្យ​សុពលភាព​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ។

គួរ​បញ្ជាក់​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​មិន​បាន​ឲ្យ​សុពលភាព​ទៅ​លើ​គម្រោង​ច្បាប់ចូលនិវត្តន៍​ទាំង​ស្រុង​របស់​រដ្ឋាភិបាល​ទេ ពោល​បាន​ឲ្យ​សុពលភាព​ទៅ​លើ​តែ​ផ្នែក​សំខាន់ៗ​ប៉ុណ្ណោះ ពិសេស​ការ​ដំឡើង​អាយុ​ចូល​និវត្តន៍​ពី ៦២ឆ្នាំ​ទៅ ៦៤ឆ្នាំ។ នេះ​ហើយ​ជា​ចំណុច​ចម្រូងចម្រាស​ខ្លាំង​រវាង​រដ្ឋាភិបាល និង​ក្រុមសហជីព ព្រោះ​អ្វី​ដែល​ក្រុម​សហជីព​បាន​ទាមទារ​តាំង​ពី​ដំបូង គឺ​ឲ្យ​ដក​ការ​ដំឡើង​អាយុ​ចូល​និវត្តន៍​នេះ​ចេញ​វិញ។ ប្រភព​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា លោក​ម៉ាក្រុង​នឹង​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​តាម​ទូរទស្សន៍​នៅ​ដើម​សប្តាហ៍​ក្រោយ និង​រួម​ប្រជុំ​ក្រុម​សមាជិកសភា​សំឡេងភាគ​ច្រើន។

ចំណែក​នាយករដ្ឋមន្រ្តី​លោកស្រី​អេលីហ្សាប៊ែត ប៊ន​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ដោយ​បញ្ជាក់​ថា គ្មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់​ទេ។ ទន្ទឹម​គ្នា​នេះ លោកស្រី​ប៊ន​ចង់​បន្ត​កិច្ចសន្ទនា​ជាមួយ​ក្រុម​ដៃគូ​សង្គម​ជា​បន្ត​ទៀត​ដើម្បី​ស្វែង​រក​ភាព​សម្របសម្រួល។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមសហជីព និង​ក្រុម​ប្រឆាំង​មិន​បញ្ឈប់​ការ តវ៉ា​នៅ​ត្រឹម​នេះ​ទេ។ ក្រោយ​ពី​បាន​ធ្វើ​កូដកម្ម និង​បាតុកម្ម​ចំនួន ១២ថ្ងៃ​មក ក្រុម​សហជីព​គ្រោង​រៀបចំ​បាតុកម្ម​ធំ​នៅ​ថ្ងៃទី១ ឧសភា​ដែល​ជា​ថ្ងៃ​ទិវាពលកម្ម​អន្តរជាតិ។ ទន្ទឹម​គ្នា​នេះ ក្រុម​សហជីព​បាន​បដិសេធ​មិន​ជួប​លោក​ម៉ាក្រុង​នៅ​មុន​ថ្ងៃទី១ ឧសភា​តាម​សំណើ​របស់​លោក​ម៉ាក្រុង​ឡើយ។

ឃើញ​ថា ទោះ​មិន​ទាន់​បាន ឬ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ​ក៏​ដោយ​ក៏​ច្បាប់​ចូលនិវត្តន៍​ដ៏​ចម្រូងចម្រាស​មួយ​នេះ​ហាក់​នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ