អានតួអត្ថបទ

រុស្ស៊ី​ គំរាម​ ប្រទេស​សេដ្ឋកិច្ចជឿនលឿនទាំង​៧ ពីការបញ្ចប់​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ

នៅថ្ងៃអាទិត្យ​ ​រុស្ស៊ី គំរាម​ពីការបញ្ចប់កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ពីតំបន់​ច្រកសមុទ្រ​ខ្មៅ​។ នោះ​ជាកិច្ចព្រមព្រៀង​ដែល​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន បានព្រម​ព្រៀងគ្នា​ជាមួយ ​អង្គការ​សហប្រជាជាតិ កាលពីឆ្នាំទៅមិញ និងដែល​ជិត​ផុត​កំណត់​នៅ​ពាក់ក​ណ្តាល​ខែ​ឧសភាខាងមុខនេះ។ ការគំរាម​របស់ថ្នាក់​ដឹកនាំ​​រុស្ស៊ី​ នៅពេល​នេះ គឺ​បន្ទាប់ពីមាន​ដំណឹង​លេចឮពី​សារព័ត៌មានជប៉ុននិងអាមេរិក ថាប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ក្នុង​កិច្ចប្រជុំ​នៅ​ជប៉ុន បង្ហាញចេតនាថា​ចង់​ឈប់​នាំចេញទំនិញទៅ​កាន់ប្រទេស​រុស្ស៊ី​។​

អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​​​រុស្ស៊ី​ និងជា អតី​ត​នាយករដ្ឋមន្ត្រី​ លោក Dmitri ​Medvedev ។
អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​​​រុស្ស៊ី​ និងជា អតី​ត​នាយករដ្ឋមន្ត្រី​ លោក Dmitri ​Medvedev ។ © Ekaterina Shtukina / AP
ផ្សាយពាណិជ្ជកម្ម

អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​​​រុស្ស៊ី​ និងជា អតី​ត​នាយករដ្ឋមន្ត្រី​ លោក Dmitri ​Medvedev ​ គូស​បង្ហាញ​ថា ជា​ការ​ដ៏​ឆោត​ល្ងង់ ដែល​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​៧ បង្ហាញ​ចេតនាចង់​​ឈប់​នាំចេញ​ទំនិញ​គ្រប់ប្រភេទ​មក​រុស្ស៊ី។ បើ​ពិត​ជា​ដូច្នេះមែន រុស្ស៊ី ​នឹងវាយបក​​ដូចគ្នា ដោយ​ឈប់​នាំចេញទំនិញ​ទៅកាន់​ប្រទេស​ពួក​គេ​ទាំងនោះ រាប់​តាំងពី​ប្រភេទ​ទំនិ​ញ​ដែល​ប្រទេស​ហ្សេ៧ ត្រូវការ​ចាំបាច់​​បំផុត​ផង។ ឧទាហរណ៍ជានិមិត្ត​រូប​ គឺ​ ធញ្ញជាតិ ស្រូវ​សាលី​​។

​តាម​រយៈ​សំណេរ​ក្នុង​ប្រព័ន្ធ​តេលេក្រាម មន្ត្រី​ជាន់​ខ្ពស់​វិមាន​ក្រេមឡាំង​ រូបនេះ ក៏បាន​បង្ហើបពី​ការ​​​ផ្តាច់​កិច្ចព្រមពៀង​នាំ​ចេញ  ​គ្រាប់​ធញ្ញជាតិ ។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ជាមួយ​ អ៊ុយក្រែន និង​អង្គការ​សហប្រជាជាតិ ដោយ​​សម្របសម្រួល​ពី​តួកគី​នៅ​ខែ​កក្កដា​ឆ្នាំ២០២២​ និង​ដែល​​​ត្រូវ​ដល់​ពេល​ផុត​កំណត់​ នៅ​ថ្ងៃទី​១៨ឧសភា ខាងមុខ។​ ​ មុន​​​​ផុត​កំណត់នេះ​ ​ប្រមុខ​ការទូត​រុស្ស៊ី លោក​ Sergueï Lavrov ​នឹងត្រូវ​អញ្ជើញ​ទៅ​ក្រុងញូវយក ដើម្បី​ជួប​ចរចាជាថ្មីជាមួយ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ Antonio Guterres ដើម្បីសម្រេច​ថា ត្រូវ​ផ្តាច់​កិច្ចព្រមព្រៀង ឬ ត្រូវ​ពន្យារពេល​បន្ថែម ឬក៏​យ៉ាងណាទៀត​។

បណ្តា​​រដ្ឋមន្ត្រី​កសិកម្ម នៃ​ប្រទេសមាន​សេដ្ឋកិច្ច​ជឿនលឿន​ G7 ក្នុង​កិច្ចប្រជុំ​ថ្នាក់ នៅជប៉ុន បាន​អំពាវនាវ​ឲ្យ​បន្ត​កិច្ចព្រមព្រៀង​នេះ​តទៅទៀត ហើយ​ចង់​ឲ្យ​ពង្រីក​វិសាល​ភាព​ផង។ មិនតែប៉ុណ្ណោះ ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​កសិកម្ម​ប្រទេស​ G7 គឺបាន​បញ្ជាក់​ជំហរ​ជួយ​ អ៊ុយក្រែន នៅក្នុងការ​ស្តារ​ និងសាងសង់​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​កសិកម្ម និង​ជួយ​ផ្តល់​ជំនាញ​បច្ចេកទេស​វិស័យ​កសិកម្ម​ដល់​អ៊ុយក្រែន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ