អានតួអត្ថបទ
ដាណឺម៉ាក-ការពារជាតិ

ដាណឺម៉ាក បោះទុន​វិនិយោគ​វិស័យការពារ​ជាតិ​ជាង​៥ពាន់​លាន​អឺរ៉ូ

សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​ បាន​ធ្វើ​ឱ្យ​ទស្សនវិស័យ​ការពារ​ជាតិ​នៃ​បណ្តា​ប្រទេសនៅ​​អឺរ៉ុប​ប្តូរផ្លាស់។​ បន្ទាប់​ពី​បាន​​បង្កើន​ចំណាយ​យោធា​នៅ​ឆ្នាំ​២០២២ ពី​ពេល​នេះ​ទៅ​១០​ឆ្នាំ​ខាង​មុខ ដាណឺម៉ាក នឹងប្រឹង​​ធ្វើទំនើប​កម្ម ​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន ​​ដោយ​ត្រូវ​ចំណាយ​ទុន​វិនិយោគ ប្រមាណ​៣៨ពាន់​លាន​គួរោន (រូបិយបណ្ណ​ដាណឺម៉ាក) ឬ​ត្រូវ​ជា​៥,០៩ពាន់​លាន​អឺរ៉ូ។

លោកស្រី​នាយក​រដ្ឋមន្ត្រី​ដាណឺម៉ាក អម​ដោយ​​រដ្ឋមន្ត្រីក្រសួងការបរទេស និង​រដ្ឋមន្ត្រីការពារជាតិលោក Troels Lund Poulsen ( ស្តាំ)
លោកស្រី​នាយក​រដ្ឋមន្ត្រី​ដាណឺម៉ាក អម​ដោយ​​រដ្ឋមន្ត្រីក្រសួងការបរទេស និង​រដ្ឋមន្ត្រីការពារជាតិលោក Troels Lund Poulsen ( ស្តាំ) AP - Emil Nicolai Helms
ផ្សាយពាណិជ្ជកម្ម

២១ពាន់​លាន​គួរោន​ សម្រាប់​ធ្វើទំនើប​កម្ម​សម្ភារៈ​បរិក្ខារ​យោធា អាគារ បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​​បុគ្គលិក។ ១១ពាន់​លាន​គួរោន​ទៀត ជា​ទុន​វិនិយោគ​ថ្មី​សម្រាប់​វិស័យការពារ​ជាតិ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​លម្អិត​របស់​ក្រសួងការពារ​ជាតិ​ដាណឺម៉ាក ដោយ​បញ្ជាក់​ថា ស្ថានភាព​ភូមិសាស្ត្រ​នយោបាយបច្ចុប្បន្ន​ជា​អ្នក​​ជំរុញ​ឱ្យរដ្ឋាភិបាល​​ដាណឺម៉ាកមាន​ធនធាន​ច្រើន​ជាង​មុន ដើម្បី​ធានា​រ៉ាប់រង​វិស័យ​ការពារ​ជាតិ​។

លោកTroels Lund Poulsen ​រដ្ឋមន្ត្រី ក្រសួងការពារ​ជាតិ​បាន​ពន្យល់​ទៀត​ថា ស្ថានភាព​នយោបាយ​សន្តិសុខ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំកន្លង​មក​នេះ បាន​ក្លាយជា​​បន្ទុក​ធ្ងន់​ណាស់​​សម្រាប់​ចំណាយ​យោធា​ប្រទេសនាពេល​នេះ។ ​ប៉ុន្តែ ​ការ​​​សម្រេច​ចិត្ត​ របស់​អ្នក​នយោបាយ​មុនៗ សុទ្ធ​តែ​ពឹង​​លើ​សម្មតិកម្ម​ដែល​មិន​ត្រឹម​ត្រូវ ទើប​ពេល​នេះ​ដាណឺម៉ាក​ ត្រូវ​ប្រឈម​នឹងដោះស្រាយ​បញ្ហា​​ដ៏​ធ្ងន់ធ្ងរ។ គឺ​ត្រូវ​ស្តារ​មូលដ្ឋាន​គ្រឹះនៃ​វិស័យការពារ​ជាតិ​សិនមុន​នឹង​ចាប់​ផ្តើម​ការងារ​ពង្រឹង​។

សេចក្តី​ប្រកាស​ធ្វើ​វិនិយោគ​និង​ទំនើបកម្មវិស័យការពារ​ជាតិ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​កង​កម្លាំង​យោធា​ដាណឺម៉ាក​ធ្វើ​សវនកម្ម​ដើម្បីត្រៀម​លក្ខណៈ​ចរចា​​រក​កញ្ចប់​ថវិកាចាប់​ពី​ឆ្នាំ​២០២៤​ទៅ មក​ប្តូរ​ផ្លាស់​គ្រឿង​បរិក្ខារ​ បន្ទាយ ដែល​ចាស់​រិចរិល​ និងរត់​តាម​​បច្ចេកវិទ្យាសម័យ​​ឌីជីថល​។ សម្រាប់​ប្រមុខ​យោធា ដាណឺម៉ាក​ក៏​ត្រូវ​ការ​ជ្រើសរើស​ទាហាន​ថ្មី​បន្ថែម​ជា​ច្រើន​ខ្លាំង​ដែរ។ តែ​បញ្ហានេះ​មិន​អាច​ដោះស្រាយ​បានដោយ​ប្រើ​ពេល​ខ្លី​ត្រឹម​ពីរ​បី​ឆ្នាំ បាន​ទេ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី បាន​ប្រកាស​ដំឡើង​ចំណាយ​យោធា​ កាលពី​ឆ្នាំ​២០២២ នៅពេល​ឃើញ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក ដាណឺម៉ាក បាន​គូស​បញ្ជាក់​ថា​អំពី គម្រោងចំណាយ​យោធា​ឱ្យ​ឡើង​ដល់​២%​នៃ​ផលិតផលសរុប​ក្នុង​ស្រុក​ តាម​កម្មវត្ថុ​កំណត់​ដោយ​អូតង់ ចាប់​ពី​ឆ្នាំ​២០៣០​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ