អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អ៊ុយក្រែន​ដណ្តើម​បាន​ភូមិ ៤ ក្នុង​ប្រតិបត្តិការ​វាយបក​យក​ទឹក​ដីមក​វិញ

កងកម្លាំង​អ៊ុយក្រែន បានប្រកាស ​នៅព្រឹក​ថ្ងៃ ចន្ទទី ១២​ មិថុនា​២០២៣ ដណ្តើម​កាន់កាប់​ ​ភូមិថ្មី​មួយ​ទៀត នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស។ ​ជា​សរុប គិត​មក​ទល់​នឹង​ម៉ោង​នេះ​ អ៊ុយក្រែន​ដណ្តើម​បាន​ភូមិ​ចំនួន​បួន​មក​វិញ ព្រោះ​កាលពី​ម្សិល ទាហាន​រំដោះ​បាន​ភូមិ​ចំនួន​បី នៅ​ក្នុង​តំបន់​ដូណេតស្ក៍។ នេះ​ជា​ជោគជ័យ​ដំបូង នៃ​ប្រតិបត្តិការ​វាយបក​យក​ទឹក​ដី​មក​វិញ។

អ៊ុយក្រែនប្រកាស​ដណ្តើមបានភូមិ ៤ ក្នុងប្រតិបត្តិការវាយបកយកទឹកដីមកវិញ
អ៊ុយក្រែនប្រកាស​ដណ្តើមបានភូមិ ៤ ក្នុងប្រតិបត្តិការវាយបកយកទឹកដីមកវិញ © REUTERS / VIACHESLAV RATYNSKYI
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​អ៊ុយក្រែន​​បាន​បើក​ប្រតិបត្តិការ​ដោយ​​ស្ងាត់ស្ងៀម និង​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន កុំ​ផ្សព្វផ្សាយ​ព័ត៌មាន​អ្វី​ទាំងអស់​ទាក់​ទង​នឹង​ប្រតិបត្តិការ​វាយបក​យក​ទឹកដី ភាគ​ខាង​ត្បូង​និង​ភាគ​ខាង​កើត ដែលធ្លាក់​ក្នុង​កណ្តាប់​ដៃ​​រុស្ស៊ី​​ ​មក​វិញ។

ទើប​តែ​នៅ​ថ្ងៃ​នេះ ជា​មួយ​សេចក្តី​ប្រកាស​អរគុណ​ កងពលម៉ារីន​​ទី ៣៥​ដែលរំដោះបាន​​ភូមិមួយនៃ តំបន់​ដូណេតស្ក៍ លោក​​អនុរដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​​អ៊ុយក្រែន​បាន​បង្ហោះ​រូបថត​ក្រុម​យោធាអ៊ុយក្រែន​កំពុង​លើក​គ្រវី​ទង់ជាតិ​​ នៅក្នុង​ភូមិ​ Storojeve។ ម្សិលមិញ កងពល​ទី​៦៨ ​ដណ្តើម​បាន​​មក​វិញ​នូវ ​ភូមិ​ចំនួន​បី​ ដែល​នៅ​ប៉ែក​ខាង​កើត​នៃ​តំបន់​ ក្នុង​នោះ​មាន​ភូមិ​មួយស្ថិត​នៅ​ជាប់​តំបន់​ហ្សាប៉ូរីចា​។ នេះ​បើ​តាម​លោក​អនុរដ្ឋមន្ត្រីដដែល។ ​នៅក្នុង​យុទ្ធនាការ​រំដោះ​ទឹក​ដី ទាហាន​អ៊ុយក្រែន​ចាប់​ខ្លួន​ទាហាន​រុស្ស៊ី​ពីរ​នាក់​និង​ក្រុមផ្តាច់​ខ្លួន​និយម​ស្និទ្ធ​នឹង​រុស្ស៊ី​ជា​ច្រើន​នាក់​ទៀត។

​ក្រៅ​ពី​សមរភូមិ​នៅ​តំបន់​ដូណេតស្ក៍ នាយសេនាធិការ​នៃ​កង​កម្លាំង​យោធា​អ៊ុយក្រែន ក៏​បាន​ជូន​ដំណឹង​អំពីការ​សម្រុក​របស់​ទាហាន​២៥​កង​ នៅ​ជិត​ក្រុង​បាក់មូដ និង​ក្នុង​តំបន់​លូហានស្ក៍ ដោយ​អាច​រុញ​ច្រាន​ទាហាន​រុស្ស៊ី​បាន​ប្រមាណ​៧០០ម៉ែត្រ។

ជា​លទ្ធផល​ស្តួចស្តើងទេ តែ​នេះ​គឺ​ជា​ជោគជ័យ​ និង​ជា​ការ​ដណ្តើម​​​ទឹកដី​របស់​ខ្លួនបាន​​ខ្លះ​មក​វិញ ជា​លើក​ដំបូង នា​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ។ នេះ​ក៏​ជា​សញ្ញា​បញ្ជាក់​ថា​ ​ប្រតិបត្តិការ​វាយបក​យក​ដី​វិញ ដែលអ៊ុយក្រែនត្រៀម​តាំងពីយូរ និង​ដែលលោក​​ប្រធានាធិបតី​ ហ្សេឡេស្គី ទើប​បានព្រលយ​​ប្រាប់​ដោយ​មិនលម្អិត​កាលពីថ្ងៃ​សៅរ៍ បាន​ចាប់ផ្តើម​មែន​ហើយ​​និង​កំពុង​រុល​ទៅ​មុខ​។

សូម​រំលឹក​ថា ​រុស្ស៊ី​បាន​ប្រកាស​ចាត់​ទុកថា​ជា​បរាជ័យ តាំងពី​ដើម​សប្តាហ៍​មុន ដោយ​ថែម​ទាំង​បង្ហោះ​ផ្សាយ​រូបភាព​យានយន្ត​ រថក្រោះ​អ៊ុយក្រែន ផលិត​នៅ​អាមេរិក​និង​អាល្លឺម៉ង់​ ត្រូវ​កម្ទេច​បាន​ដោយ​ទ័ព​រុស្ស៊ីផង។ កាលពី​ថ្ងៃសុក្រ​ ប្រធានាធិបតី​ពូទីន បាន​អះអាង​ថា​ប្រតិបត្តិការ​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​មែន​តែ​មិន​សម្រេចដូច​កម្មវត្ថុទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ