អានតួអត្ថបទ
អឺរ៉ុប-អាកាសធាតុ

ប្រែប្រួល​អាកាសធាតុ ៖ កម្តៅសីតុណ្ហភាពនៅអឺរ៉ុប​ឡើង​លឿន​ខ្លាំង​ជាងគេ ពីរ​ដង

នៅឆ្នាំ​២០២២ ​ ​សីតុណ្ហភាពនៅ​អឺរ៉ុប​បាន​​​​ឡើង​ក្តៅ​លើ​ស​ធម្មតា ជា​មធ្យម​ ២,៣អង្សា។ នេះ​បើ​តាម​របាយការណ៍​​របស់​អង្គការ​ឧតុនិយម​ពិភពលោក និង​អង្គការ​ឧតុនិយម​អឺរ៉ុប Copernicus ចេញផ្សាយ​នៅថ្ងៃចន្ទ​ទី ១៩ មិថុនា​២០២៣។ ជា​មួយ​នឹង​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​ ក្នុង​ល្បឿន​​លើស​មធ្យមភាគពិភពលោក ​​ដល់​ទ្វេដង ទើប​ទ្វីប​អឺរ៉ុបត្រូវ​ជួប​គ្រោះ​រាំងស្ងួត​និង​ក្តៅខ្លាំង​ យ៉ាង​ចម្លែក​។

កម្តៅសីតុណ្ហភាពនៅអឺរ៉ុបឡើងលឿនខ្លាំងជាងគេ
កម្តៅសីតុណ្ហភាពនៅអឺរ៉ុបឡើងលឿនខ្លាំងជាងគេ AFP - BERTRAND GUAY
ផ្សាយពាណិជ្ជកម្ម

២០២២ ជា​ឆ្នាំ​ដែល​ក្តៅ​ជាង​គេ​លំដាប់​ទី​២ សម្រាប់​ទ្វីប​អឺរ៉ុប​ជាទូទៅ ដែល​មាន​កំណើន​សីតុណ្ហភាព​លើ​សីតុណ្ហភាព​មធ្យមសម័យ​មុន​ឧស្សាហកម្ម (១៨៥០-១៩០០) ដែល​គេ​ប្រើ​ជា​គោល​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ ​ដល់​ទៅ​២,៣អង្សា ឬ០,៥​អង្សា លើ​សសីតុណ្ហភាព​មធ្យម​ពី​ឆ្នាំ​១៩៩១-២០២០។ ប៊ែលហ្សិក បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី លុចសំបួរ ព័រទុយហ្កាល់ អេស្ប៉ាញ ស្វីស និង​អង់គ្លេស ជា​ក្រុមប្រទេស​ដែល​រង​រលក​កម្តៅ​ខ្លាំង​ជាង​គេ​មិន​ធ្លាប់​ប្រទះ​ពីមុន​មក។

ការ​ឡើង​កម្តៅ​នេះ​បាន​បង្ក​ឱ្យ​អឺរ៉ុប​ជួប​គ្រោះ​រាំងស្ងួត ខ្លាំង​និង​ជា​ទូទៅ ព្រមទាំង​មាន​ភ្លើង​ឆេះព្រៃ​និង​ការ​ខូចខាត​សេដ្ឋកិច្ច​គិត​ជា​ប្រាក់​ ប្រមាណ​២ពាន់​លាន​ដុល្លារ។ បើ​តាម​ទិន្នន័យ​អឺរ៉ុបដដែល​ រលក​កម្តៅ​ខ្លាំង​ហួសហេតុ បាន​សម្លាប់​ជីវិត​មនុស្ស ១៦៣៦៥នាក់​ ​​និង​អ្នក​​រងគ្រោះ​ផ្ទាល់ ១៥៦០០០នាក់ នៅ​ឆ្នាំ​២០២២។

ដូច​ធ្លាប់​ប្រកាស​កាលពី​ខែ​វិច្ឆិកា​២០២២​ម្តងថា តាំងពី​ឆ្នាំ​១៩៩០មក ​អឺរ៉ុបឡើង​កម្តៅ​កន្លះអង្សា​ ក្នុង​មួយទសវត្សៗ អង្គការ​ឧតុនិយម​ពិភពលោក​​អង្គការ​សហប្រជាជាតិ​ បាន​រំលឹក​ថា អឺរ៉ុប គឺ​ជា​តំបន់​ដែល​ឡើង​កម្តៅ​លឿន​ជាង​គេ​ ក្នុង​ល្បឿន​២​ដង​លើស​សីតុណ្ហភាពមធ្យម​​នៃ៥​ទ្វីប​ផ្សេង​ទៀត។ កម្តៅ​ផ្ទៃ​ទឹក​មហាសមុទ្ទ​អាត្លង់ទិក​ខាង​ជើង ក៏​ឡើង​ក្តៅ​ខ្លាំង​ពុំ​មាន​ពី​មុន​មក។ ផ្ទាំង​ទឹកកក​លើ​កំពូល​ជួរ​ភ្នំ ក៏​បាន​រលាយ​និង​រួម​តូច​យ៉ាង​ខ្លាំង​បំផុត​។ រដូវ​ក្តៅ​ សីតុណ្ហភាព​ខ្ពស់​ខ្លាំង​ហើយ រដូវ​រងារ​ពុំ​សូវ​មាន​ព្រិល​ធ្លាក់​ទៀត នៅ​ទី​បំផុត​​ភ្នំ​ទឹកកក​អឺរ៉ុប បាន​បាត់​បង់​មាឌ​អស់​៨៨០គីឡូម៉ែត្រ​គូប គិត​តាំង​ពី​ឆ្នាំ​១៩៩៧មក។

ហេតុ​អ្វី​អឺរ៉ុប​ឡើង​កម្តៅ​ខ្លាំង​និង​លឿន​​ជាងទ្វីប​ដទៃ ? មាន​កត្តា​ជា​ច្រើនរួម​ផ្សំគ្នា។ ជាទូទៅ​តំបន់​អាកទិក និងតំបន់​​ភ្នំ​ឡើង​កម្តៅ​លឿន​ជាងគេ ហើយ​អឺរ៉ុបមួយ​ផ្នែក​ធំ​​ ជា​តំបន់​ភ្នំ​មាន​រយៈ​កម្ពស់​ខ្ពស់។ ​អឺរ៉ុប មាន​ទីតាំង​ភូមិសាស្ត្រស្ថិត​នៅ​ចន្លោះ​ចរន្តខ្យល់កំណាច​ពីរ​​ នៃ​អឌ្ឍគោល​ខាង​ជើង និង​អឌ្ឍគោល​ខាង​ត្បូង ​Double jet stream ទំនង​ជា​ដើម​ហេតុ​នាំ​ឱ្យ​អឺរ៉ុបខាង​លិច​ងាយ​រងគ្រោះ​ក្តៅ​ និង​ភាព​រាំងស្ងួត​ខ្លាំង។

ប៉ុន្តែ​២០២២ មិនមែនជា​ករណី​ក្តៅ​ចម្លែក​ ឬ​ជា​ករណី​ទោល​ឡើយ។ បើ​តាម​ប្រសាសន៍​របស់​លោក​នាយកស្ថានីយ៍​តាមដាន​ការ​ប្រែប្រួល​អាកាសធាតុ​អឺរ៉ុប Copernicus ដោយ​បញ្ជាក់​ថា​សីតុណ្ហភាពកំណាច​ហួសហេតុ នឹង​មាន​កាន់​តែ​ញាប់ និង​កាន់​តែ​ធ្ងន់ធ្ងរ​ពេញ​គ្រប់​តំបន់។ ​ជា​ចុងក្រោយ របាយការណ៍​បាន​លើក​ឡើង​អំពី​ក្តី​សង្ឃឹម​ដ៏​កម្រ​មួយ គឺ​នៅ​ឆ្នាំ​២០២២ អឺរ៉ុប​បាន​ផលិតអគ្គីសនី​ដោយ​ថាមពល​​កើត​ឡើង​វិញ (២២,៣%) ​ច្រើន​ជាង​ផលិត​ថាមពលដោយ​ឧស្ម័ន​​ផូស៊ីល​ (២០%)និង​ធ្យូងថ្ម (១៦%)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ