អានតួអត្ថបទ
អាល្លឺម៉ង់-លីទុយអានី

អាល្លឺម៉ង់​ត្រៀម​បញ្ជូន​ទ័ព​៤ពាន់​នាក់​ទៅ​ប្រចាំការ​នៅលីទុយអានី ដើម្បី​ពង្រឹង​ព្រំដែនអូតង់

ដោយ​ពុំ​អាច​យល់​អំពី​មូលហេតុ​នៃ​ការ​​​ទទួល​មេ​ក្រុម​​ទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ លោក ព្រីហ្គោហ្ស៊ីន ឱ្យ​នៅ​ប្រទេស​បេឡារុស ​សមាជិក​អង្គការ​អូតង់ ដូច​យ៉ាង​លីទុយអានី ដែល​មាន​ព្រំដែន​ជាមួយ​រុស្ស៊ី​និង​បេឡារុស ចាប់​ផ្តើម​គិត​គូរ​ពង្រឹង​​ព្រំដែន។ ​ក្រោយ​ការ​អំពាវនាវ​របស់​លីទុយអានី​​ រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​អាល្លឺម៉ង់ បាន​ប្រកាស​នៅថ្ងៃ​ចន្ទទី ២៦​មិថុនា​នេះ គម្រោង​បញ្ជូន​ទ័ព​បួន​ពាន់​នាក់​ទៅ​​ជួយ​ពង្រឹង​វត្តមាន​កងទ័ព​នៅ​តាម​បណ្តោយ​ព្រំដែនខាង​កើត​បំផុត​របស់​អូតង់។

រដ្ឋមន្ត្រីការពារ​ជាតិ​អាល្លឺម៉ង់ Boris Pistorius ប្រកាស​ត្រៀម​បញ្ជូន​ទ័ព​៤ពាន់​នាក់​ទៅ​ពង្រឹង​ព្រំដែន​លីទុយអានី
រដ្ឋមន្ត្រីការពារ​ជាតិ​អាល្លឺម៉ង់ Boris Pistorius ប្រកាស​ត្រៀម​បញ្ជូន​ទ័ព​៤ពាន់​នាក់​ទៅ​ពង្រឹង​ព្រំដែន​លីទុយអានី AP - Mindaugas Kulbis
ផ្សាយពាណិជ្ជកម្ម

អាល្លឺម៉ង់ គ្រោង​នឹង​បញ្ជូន​កងទ័ព​មួយកងពលតូច​ ដ៏​រឹង​មាំ​ និង​ជា​ប្រចាំ​នៅ​ក្នុង​ប្រទេស​លីទុយអានី ស្រប​តាម​លក្ខខណ្ឌ​នៃ​ការ​ពង្រាយ​រចនា​សម្ព័ន្ធ​យោធា មាន​ជា​អាទិ៍​បន្ទាយ​និង​ឃ្លាំង​ ​នៅ​ផ្ទាល់​កន្លែង​ផង និង​ស្រប​តាម​ផែនការ​របស់​អូតង់​ផង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់រដ្ឋមន្ត្រី​​ក្រសួងការពារ​ជាតិ​អាល្លឺម៉ង់ ទៅកាន់​លីទុយអានី។ លោក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ទៀត​ថា ​កង​ពល​អាល្លឺម៉ង់មាន​​រូប​រាងពេញ​លេញ​​បន្តិច​ម្តង​ នៅពេល​ណា​រចនា​សម្ព័ន្ធ​រៀប​ចំ​រួច។

គិត​មក​ទល់​ពេល​នេះ អាល្លឺម៉ង់​មាន​ទាហាន​ប្រយុទ្ធមួយ​ក្រុម ប្រចាំការនៅលីទុយអានី​ក្នុង​ក្របខ័ណ្ឌអូតង់ និង​មាន​ទ័ព​នៅផ្ទាល់​កន្លែង​ប្រមាណ​​​ ​ចំនួន ៨០០នាក់។ អាល្លឺម៉ង់​មានមួយកង​ពល​តូច​ទៀត ឈរ​ជើង​នៅអាល្លឺម៉ង់​ទេ តែ​ត្រៀម​ជា​ស្រេច​នឹង​ចេញ​ធ្វើ​ប្រតិបត្តការ​រហ័ស​នៅ​លីទុយអានី។ តែ​នៅ​ថ្ងៃខាង​មុខ ដើម្បី​ជួយ​ពង្រឹង​ព្រំដែន​ខាង​កើត​បំផុត​អូតង់ ទាហាន​អាល្លឺម៉ង់​នឹង​ឡើង​ដល់​​​ចំនួនដល់​៤០០០នាក់​។

កាលពី​ថ្ងៃអាទិត្យ​ទី ២៥​មិថុនា ប្រធានាធិបតី​លីទុយអានី បាន​អំពាវនាវ​ឱ្យ​អូតង់ ពង្រឹង​ព្រំដែន​ប៉ែក​ខាង​​កើត​​បំផុត​ ប្រសិន​បើ​បេឡារុស ទទួល​មេក្រុមទាហាន​ស៊ីឈ្នួល​ វ៉ាក់ណែ លោក​ ព្រីហ្គោហ្ស៊ីន ដូច​សេចក្តី​ប្រកាស​របស់​វិមានក្រេមឡាំងមែន។ សម្រាប់​លោកប្រធានាធិបតី​លីទុយអានី Gitanas Nauseda ប្រសិនបើ​លោក ព្រីហ្គោហ្ស៊ីន និង​ក្រុម​នាយទាហាន​វ៉ាក់ណែ មក​បេឡារុស ដោយ​គ្មាន​កម្មវត្ថុ​ និង​ផែនការ​ច្បាស់លាស់  យើង​ត្រូវ​តែ​ពង្រឹង​សន្តិសុខ​តាមព្រំដែនខាង​កើត មិនមែន​ដើម្បី​តែប្រទេស​​លីទុយអានី​ទេ តែ​ដើម្បី​ធានា​សុវត្ថិភាព​អូតង់​ទាំង​មូល។ លោក ណូសេដា បាន​គូស​បញ្ជាក់​ទៀត​ថា លីទុយអានី នឹង​ចំណាយ​​មធ្យោបាយចារកិច្ច​​ធំ​ជាង​មុន ដើម្បី​វាយ​តម្លៃ​ទិដ្ឋភាព​នយោបាយ​និង​សន្តិសុខនៅបេឡារុស។ លីទុយអានី មានព្រំប្រទល់​ជាប់​រុស្ស៊ីផង និង​បេឡារុស​ផង ហើយ​ត្រូវ​ទទួល​រៀប​ចំ​ជំនួបកំពូល​អូតង់​នៅ​ខែ​ក្រោយ​ តែលីទុយអានី​មិន​ប្តូរ​ផ្លាស់​វិធានការ​សន្តិសុខ​ថ្ងៃ​រៀប​ចំ​ព្រឹត្តិការណ៍​ ដោយហេតុ​តែ​ការ​បះបោរមិន​សម្រេច​​របស់​ទាហាន​វ៉ាក់ណែ​នៅរុស្ស៊ីទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ