អានតួអត្ថបទ
អឺរ៉ុប-អាកាសធាតុ

សីតុណ្ហភាព​ក្តៅខ្លាំង​នារដូវ​ក្តៅ​ឆ្នាំ​២០២២ សម្លាប់​មនុស្ស​ជាង​៦ម៉ឺន​​នាក់​នៅអឺរ៉ុប

រដូវ​ក្តៅ​ឆ្នាំ​២០២២ ជា​រដូវ​ដែល​មាន​សីតុណ្ហភាពឡើង​​ក្តៅ​ខ្លាំង​ជាង​គេ​បំផុត​ មិន​ដែល​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​ទេ នៅអឺរ៉ុប។ ក្តៅចម្លែក​ជាង​រដូវ​ក្តៅ​មុនៗហើយ រដូវ​ក្តៅ​២០២២ កំណាច​និង​សម្លាប់​មនុស្ស​អស់ច្រើន​ជា​ពិសេស​ជាង​គេ​ជា​ងឯង​ទៅ​ទៀត។ នេះ​បើ​តាម​ការ​សិក្សា​ទើប​ចេញផ្សាយ​នៅ​ថ្ងៃចន្ទទី១០កក្កដា ដែល​អំពាវនាវ​ឱ្យ​អាជ្ញាធរប្រឹង​ប្រែង​​​គិត​គូ​រទ្វេឡើងរក​វិធី​​ប្រឈម​នឹង​ការ​ឡើង​កម្តៅសីតុណ្ហភាព​ក្តៅហួត​ហែង​ខ្លាំង​នាពេល​អនាគត។

Monica Garcia អាយុ​ 65ឆ្នាំ ទ្រាំទ្រ​យ៉ាង​លំបាក​នឹង​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង
Monica Garcia អាយុ​ 65ឆ្នាំ ទ្រាំទ្រ​យ៉ាង​លំបាក​នឹង​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង REUTERS - ISABEL INFANTES
ផ្សាយពាណិជ្ជកម្ម

ដោយហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ ទ្វីប​អឺរ៉ុប​រងរលក​កម្តៅ​​​ខ្លាំង​ជាច្រើន​សា កាលពី​ឆ្នាំ​២០២២ និ​ងមាន​សីតុណ្ហភាព​ឡើង​ខ្ពស់​បំបែក​កំណត់​ត្រា​ចាស់ៗ​ទៀត។ ការិយាល័យ​ស្ថិតិ​អឺរ៉ុប ក៏ធ្លាប់​​បាន​លើក​ឡើងរួច​មក​ហើយ​​អំពី​ផលវិបាក​នៃ​ការ​ឡើង​កម្តៅ​នេះ​ថា​នាំ​ឱ្យមាន​អត្រា​មរណៈ​ឡើង​ខ្ពស់​ខុស​ប្រក្រតី គ្រាន់​តែ​​​មិន​បញ្ជាក់​​ថា​ប៉ុន្មាន​ឱ្យ​ប្រាកដ។ ប៉ុន្តែ​​នៅ​ថ្ងៃ​នេះ​ អ្នក​វិទ្យា​សាស្ត្រ​នៃ​វិទ្យាស្ថានសុខាភិបាល​​ជាតិ​បារាំង​ និង​វិទ្យាស្ថាន​សុខាភិបាល​បាសឺឡោន​ទទួល​​បាន​​ទិន្នន័យ​សីតុណ្ហភាព និង​អត្រាមរណៈ ​ពីឆ្នាំ​២០១៥-២០២២ មក​ពី​៨២៣​តំបន់​ក្នុង​​៣៥ប្រទេស​​នៅ​​អឺរ៉ុប ដែល​មាន​ប្រជាជន​សរុបជាង​៥៤៣​លាន​នាក់​ សម្រាប់មក​​វិភាគរក​អត្រា​មរណៈ​ពាក់​ព័ន្ធ​នឹង​កម្តៅ​សីតុណ្ហភាព តាម​តំបន់នីមួយៗ រាល់​គ្រប់​​មួយ​​សប្តាហ៍​ម្តងៗ ពេញ​មួយ​រដូវ​ក្តៅ។

ការ​វិភាគ​បាន​រក​ឃើញ​ថា​ នៅ​រវាង​ពី​ថ្ងៃ​ទី​៣០ឧសភា ដល់​ថ្ងៃទី ៤កញ្ញា​ឆ្នាំ​២០២២  កម្តៅ​សីតុណ្ហភាព​ខ្ពស់​បាន​សម្លាប់​​មនុស្ស​៦១៦៧២នាក់​នៅអឺរ៉ុប។ ហើយពី​ថ្ងៃទី ១៨ដល់​២៤កក្កដា ដែល​កម្តៅ​ឡើង​ខ្លាំង​ហួសហេតុ​នោះ មានមនុស្ស​១១៦៣៧នាក់​បាន​ស្លាប់។ នេះ​ជា​ឥទ្ធិពល​នៃ​ការ​ឡើង​កម្តៅសីតុណ្ហភាព​ជា​មធ្យម​នៅអឺរ៉ុប ក្នុង​កំរិត​មួយ​អង្សា តែ​បើ​លម្អិត​តាម​ប្រទេស​មួយៗវិញ នៅបារាំង​សីតុណ្ហភាពមធ្យម​ប្រចាំ​រដូវ​​បាន​ឡើង​ ២,៤៣អង្សាបើ​ប្រៀប​នៅ​សីតុណ្ហភាព​មធ្យម​ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​១៩៩១-២០២០ ស្វីស​២,៣០អង្សា អ៊ីតាលី២,២៨អង្សា ហុងគ្រី២,១៣អង្សា និង​​អេស្ប៉ាញ២,១១អង្សា។ ឯ​ចំនួន​អ្នក​ស្លាប់​វិញ ឡើង​ខ្ពស់​ខ្លាំង​ជាងគេ​នៅ​ប្រទេស​អ៊ីតាលី គឺ ១៨០១០នាក់ អេស្ប៉ាញ​១១៣២៤នាក់ និង​ជាង​៨ពាន់​នៅអាល្លឺម៉ង់។

ផ្សាយ​ក្នុង​ទស្សនាវដ្តី Nature Medecine ការសិក្សា​បាន​បញ្ជាក់​ថា អ្នក​ស្លាប់​បាត់​បង់​ជីវិត​ដោយ​កម្តៅ​ឡើង​ខ្លាំង ភាគ​ច្រើន​ជាមនុស្ស​ចាស់ អាយុ​លើស​៨០​ឆ្នាំ​និង​៦៣%​ជា​ស្ត្រី។ សម្រាប់​ អ្នក​វិទ្យាសាស្ត្រ ការ​សិក្សា​នេះ​បាន​ឆ្លុះ​ឱ្យ​ឃើញ​អំពី​ភាព​បន្ទាន់​នៃ​ការ​ការពារ​ប្រជាងាយ​រង​គ្រោះ និង​ជា​ការ​ចង្អុល​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​​ការ​ពារ​ជីវិត​ពី​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​ ដែល​ត្រូវ​បញ្ចូល​កត្តា​អាយុ​និង​ភេទ​ចូល​ផង។ ប្រសិន​បើ​អឺរ៉ុប​គ្មាន​វិធានការ​សមស្រប​ទេ នោះ​​​​អត្រាមរណៈ​​ក្នុង​រដូវ​ក្តៅ នឹង​ឡើង​លើស​ធម្មតា​ជា​មធ្យម​ជាង​៦៨០០០នាក់ នៅ​ឆ្នាំ​២០៣០ និង​ជាង​៩៤០០០នាក់​នៅឆ្នាំ​២០៤០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ