អានតួអត្ថបទ

ប្រធានាធិបតីបារាំងថា ឯកអគ្គរដ្ឋទូតបារាំងនៅនីហ្សេត្រូវបានរបបសឹកចាប់ជាចំណាប់ខ្មាំង

ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ថ្លែង​ក្នុង​ថ្ងៃ​សុក្រ ទី១៥ កញ្ញា​ថា ឯកអគ្គរដ្ឋទូត​បារាំង​លោក Sylvain Itté រួម​ទាំង​មន្រ្តីទូត​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​នីហ្សេ​ត្រូវ​បាន​របបសឹក​ចាប់​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​ស្ថានទូត។ តាម​លោក​ម៉ាក្រុង ពួក​គេ​ត្រូវ​បាន​របបសឹក​ផ្តល់​របបអាហារ​ឲ្យ និង​លែង​មាន​លទ្ធភាព​ដើម្បី​ចេញ​ក្រៅ​បាន​ឡើយ។ គួរ​បញ្ជាក់​ថា តាំង​ពី​ក្រោយ​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ស្របច្បាប់​លោក​ម៉ូហាម៉េដ បាហ្ស៊ូម​ក្នុង​ថ្ងៃទី២៦ កក្កដា​មក របបសឹក​បាន​ចេញ​បញ្ជា​បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង​នា​ដំណាច់​ខែ​សីហា។ តែ​បារាំង​មិន​ព្រម​ធ្វើ​តាម។

ប្រធានាធិបតីបារាំងថា ឯកអគ្គរដ្ឋទូតបារាំងនៅនីហ្សេត្រូវបានរបបសឹកចាប់ជាចំណាប់ខ្មាំង។
ប្រធានាធិបតីបារាំងថា ឯកអគ្គរដ្ឋទូតបារាំងនៅនីហ្សេត្រូវបានរបបសឹកចាប់ជាចំណាប់ខ្មាំង។ AFP - -
ផ្សាយពាណិជ្ជកម្ម

ដំណឹង​នៃ​ការ​ចាប់​ឯកអគ្គរដ្ឋទូត​បារាំង​លោក Sylvain Itté រួម​ទាំង​មន្រ្តីទូត​ផ្សេង​ទៀត​នៅ​ប្រទេស​នីហ្សេ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ពី​សំណាក់​របបសឹក​ត្រូវ​បាន​លោក​ម៉ាក្រុង​ប្រាប់​នៅ​ក្នុង​ឱកាស​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ប៉ែកកណ្តាល​ឈាង​ខាង​កើត​ប្រទេស​បារាំង​នា​ថ្ងៃ​សុក្រ ទី១៥ កញ្ញា។ នៅ​ពេល​អ្នកកាសែត​សួរ​ថា តើ​នឹង​អាច​មាន​ការ​ធ្វើមាតុភូមិនិវត្តន៍​របស់​លោក Sylvain Itté មក​កាន់​បារាំង​វិញ​ទេ?។ លោក​ម៉ាក្រុង​បាន​ឆ្លើយ​ថា លោក​នឹង​ធ្វើ​អ្វី​ដែល​លោក​យល់ស្រប​ជាមួយ​ប្រធានាធិបតី​នីហ្សេ​លោក​ម៉ូហាម៉េដ បាហ្ស៊ូម​ព្រោះ​លោក​បាហ្ស៊ូម​ជា​អ្នក​មាន​អំណាច​ស្របច្បាប់។

ចំណែក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​លោកស្រី Catherine Colonna បាន​ថ្លែង​នៅ​ទូរទស្សន៍ LCI ក្នុង​យប់​ថ្ងៃ​សុក្រ ទី១៥ កញ្ញា​ថា ដរាប​ណា​លោក​ម៉ាក្រុង​ចង់​បាន លោក Sylvain Itté ធ្វើ​ការ និង​នៅ​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​នីហ្សេ។ តាម​លោកស្រី Catherine Colonna ការ​សម្រេចចិត្ត​ណា​មួយ​អាស្រ័យ​លើ​ប្រធានាធិបតី​លោក​ម៉ាក្រុង។ គួរ​បញ្ជាក់​ថា រឿងរ៉ាវ​រវាង​បារាំង និង​នីហ្សេ​បាន​កើត​មាន​ឡើង​នៅ​ក្រោយ​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ម៉ូហាម៉េដ បាហ្ស៊ូម​ក្នុង​ថ្ងៃទី២៦ កក្កដា។ រដ្ឋប្រហារ​នេះ​បាន​ទទួល​ការ​ថ្កោលទោស​ខ្លាំង​ពី​បស្ចិមលោក ក្នុង​នោះ​ក៏​មាន​បារាំង​មួយ​ដែរ។

ក្រុង​ប៉ារីស​បាន​ទាមទារ​ឲ្យ​របបសឹក​ប្រគល់​អំណាច​ទៅ​ឲ្យ​លោក​បាហ្ស៊ូម​វិញ។ បន្ទាប់​មក​នៅ​ដំណាច់​ខែ​សីហា របបសឹក​នីហ្សេ​បាន​បញ្ជា​ឲ្យ​បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង​លោក Sylvain Itté ចេញ​ពី​នីហ្សេ។ តែ​បារាំង​មិន​ព្រម​ធ្វើ​តាម​ដោយ​ពន្យល់​ហេតុផល​ថា របបសឹក​គ្មាន​អំណាច​អ្វី​ក្នុង​ការ​បណ្តេញ​លោក Sylvain Itté ទេ។ សម្រាប់​បារាំង លោក​ម៉ូហាម៉េដ បាហ្ស៊ូម​ជា និង​នៅ​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ប្រទេស​នីហ្សេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ