អានតួអត្ថបទ
អ៊ុយក្រែន

លោក​​ហ្សេឡេនស្គី ព្យាយាម​​ប្រកូកប្រកាស​​​រកជំនួយ​ថវិកា​​ដើម្បី​បន្ត​ប្រយុទ្ធ ខណៈ​សមរភូមិ​នៅ​ទ្រឹង

លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី​ បានធ្វើដំណើរទៅដល់ទីក្រុង​អូស្លូ រដ្ឋធានីន័រវេស នៅព្រឹក​ថ្ងៃពុធ ទី​១៣ធ្នូ។ ជាដំណើរទៅ ដើម្បីជួបជាមួយ​ថ្នាក់​ដឹកនាំ​ប្រទេស​ស្កង់ឌីណាវទាំង៥ ដែលមាន​ន័រវែស ណាណឺម៉ាក ហ្វាំងឡង់ អ៊ីសឡង់​ និងស៊ុយអែត ដែលក្រុមប្រទេសទាំង​៥នេះ សុទ្ធតែជាសម្ព័ន្ធមិត្តជួយ​ផ្នែកថវិកាយ៉ាងច្រើនដល់អ៊ុយក្រែន​។ លោក​ហ្សេឡេនស្គី កំពុងតែព្យាយាម​កៀងគរ ឲ្យ​ការគាំទ្រអ៊ុយក្រែនកម្រើកខ្លាំងឡើងវិញ ព្រោះ​អ៊ុយក្រែន​បារម្ភអំពីបញ្ហាខ្វះថវិកានិងគ្រឿង​សព្វាវុធ ដើម្បីបន្តការ​ប្រយុទ្ធ​។​

Sweden's Prime Minister Ulf Kristersson, Iceland's Prime Minister Katrin Jakobsdottir, Ukraine's President Volodymyr Zelenskiy, Norway's Prime Minister Jonas Gahr Store, Finland's President Sauli Niin
លោក​ប្រធានាធិបតីអ៊ុយក្រែន ក្នុងពេល​ធ្វើសន្និសីទកាសែតរួមគ្នា ជាមួយ​ប្រមុខរដ្ឋភិបាល​ប្រទេសស្កង់ឌីណាវទាំង​៥។ អូស្លូ ថ្ងៃទី​១៣ធ្នូ ២០២៣ via REUTERS - NTB
ផ្សាយពាណិជ្ជកម្ម

មុននឹងជួប​ប្រជុំរួមគ្នា ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមប្រទេសស្កង់ឌីណាវទាំង៥ លោក​ប្រធានាធិបតីហ្សេឡេនស្គី បានជួប​ពិភាក្សជាមួយលោក​នាយករដ្ឋមន្ត្រី​​ន័រវែស Jonas Gahr Store។ ផ្អែកតាមលិខិតប្រកាស មុនលោកហ្សេឡេនស្គីទៅដល់ លោកនាយករដ្ឋមន្ត្រីន័រវែស​បាន​អះអាងថា ន័រវែសនឹងបន្ត​ជួយអ៊ុយក្រែនជានិច្ច​ នៅក្នុងការ​ប្រយុទ្ធការពារជាតិ ទល់នឹងការឈ្លានពានរបស់រុស្ស៊ី​។

គួរបញ្ជាក់ថា សមរភូមិប្រយុទ្ធនៅអ៊ុយក្រែន ហាក់នៅទ្រឹង មិនបានលទ្ធផលជោគជ័យ ដូចដែល​អ៊ុយក្រែនចង់បាននោះទេ។ សង្គ្រាម​កាន់តែអូសបន្លាយ បានធ្វើការគាំ​ទ្រអ៊ុយក្រែនពីសំណាក់​ក្រុមប្រទេសសម្ព័ន្ធមិត្ត កាន់តែចុះខ្សោយ​។ អ៊ុយក្រែនបានខំប្រឹងអំពាវនាវ ថាខ្លួនត្រូវការ​ថវិកា នឹងគ្រឿងសព្វាវុធបន្ថែមទៀត ដើម្បីអាចបន្តប្រយុទ្ធ​។

បន្ទាប់ពីទៅអាហ្សង់ទីន ក្នុងពេលប្រធានាធិបតីថ្មីស្បថចូលកាន់តំណែង លោក​ហ្សេឡេនស្គី បានបន្តដំណើរទៅ​កាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី​១២ធ្នូ ដើម្បី​ជំរុញឲ្យសហរដ្ឋ​អាមេរិក​ សម្រេច​ផ្តល់កញ្ចប់ថវិកា​ថ្មី ចំនួន​៦១ពាន់លានដុល្លារ​។ បច្ចុប្បន្ន​គម្រោងថវិកានេះ​ នៅជាប់គាំងនៅឡើយ ដោយសភាខុសហ្ក្រេស​មិនព្រមបោះឆ្នោតអនុម័ត​។ ក្នុងពេលធ្វើសន្និសីទកាសែតជាមួយលោកហ្សេឡេនស្គី លោក​ចូ បៃដិនបានធានាប្រាប់ថា រដ្ឋបាលលោកប្តេជ្ញា​បន្តជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធដើម្បីសេរីភាព​។ ក្នុងន័យ​ដាក់​សំពាធទៅលើសភាខុនហ្រ្កេស លោក​បៃដិន បាន​លើកឡើងថា ប្រវត្តិសាស្ត្រនឹង​វិនិច្ឆ័យ​ទោស អ្នកដែល​សម្រេចចិត្តបែរខ្នងដាក់អ៊ុយក្រែននាពេលនេះ​។​

ចេញពីវ៉ាស៊ីនតោនដែលមិនសូវមានសង្ឃឹមថាបានប្រាក់​ លោក​ហ្សេឡេនស្គីបានបន្តដំណើរ​ទៅ​អូស្លូភ្លាម ដើម្បីជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមប្រទេសស្កង់ឌីណាវទាំង​៥ និយាយ​អំពី​​ជំនួយថវិកាបន្ថែមទៀត។ គួរបញ្ជាក់ដែរថា ន័រវែសនិង​ដាណឺម៉ាក ធ្លាប់បានផ្តល់​រថក្រោះ​ កាណុង និង​គ្រាប់កាំភ្លើង​ទៅឲ្យអ៊ុយក្រែន។ ប្រទេសទាំង​២នេះ បានសន្យា​ផងដែរ​ ថានឹងផ្តល់យន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែន។

កាលពីដើមឆ្នាំ​នេះ ន័រវែស​​បានសន្យាថានឹងជួយ រវាង​២០២៣ដល់​២០២៧ ទាំង​ផ្នែក​ស៊ីវីលនិងកងទ័ព ក្នុងទំហំទឹកប្រាក់ ចំនួន​៦៨០០លានអឺរ៉ូ។ ចំណែក​ ស៊ុយអែតវិញ បាន​ប្រកាសថា នឹង​ផ្តល់ជា​សម្ភារៈយោធា ក្នុងទឹកប្រាក់​ប្រមាណ​១៩០លានអឺរ៉ូ។ ស៊ុតអែតបញ្ជាក់ផង​ដែរ ថាកំពុងពិចារណា​ រឿងប្រគល់យន្តហោះចម្បាំង ប្រភេទGripen ទៅឲ្យអ៊ុយក្រែន​។

សូមបញ្ជាក់ដែរថា សហភាព​អឺរ៉ុបនឹងប្រជុំនៅថ្ងៃទី​១៤ធ្នូ ដើម្បីសម្រេចអំពីកញ្ចប់ថវិកាថ្មីជួយអ៊ុយក្រែន​។ នៅក្នុងសន្និសីទ​កាសែតនៅអូស្លូ ក្រោយជួបលោក​នាយករដ្ឋមន្ត្រីន័រវែស លោកហ្សេឡេនស្គី បាន​ថ្លែងរន្ធាន់សុំឲ្យ​សម្ព័ន្ធមិត្ត​ទាំងអស់ មិនថាអឺរ៉ុប មិនថា​អាមេរិក ត្រូវតែបន្តជួយអ៊ុយក្រែន ព្រោះអ៊ុយក្រែនម្នាក់ឯង​ មិនអាចយកឈ្នះរុស្ស៊ីបានឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ