អានតួអត្ថបទ

រុស្ស៊ី កោះហៅទូតហ្វាំងឡង់ ក្រោយពីប្រទេសនេះចុះកិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាមេរិក

ថ្ងៃអង្គារ ទី១៩ ខែធ្នូ រដ្ឋធានី​ម៉ូស្គូ បានកោះហៅទូតហ្វាំងឡង់ប្រចាំនៅរុស្ស៊ី ដើម្បីសម្តែងការតវ៉ា ជំទាស់នឹង កិច្ចព្រមព្រៀងថ្មី ស្តីអំពីការការពារ ចុះហត្ថលេខា រវាង រដ្ឋបាលក្រុងហែលស៊ីនគី និងរដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន។ ​ ក្រសួងការបរទេសរុស្ស៊ី បាន​ថ្លែង​ប្រតិកម្មខឹងសម្បារ​ថា កិច្ចព្រមព្រៀងនេះ បើកទូលាយឲ្យ សហរដ្ឋអាមេរិក ចូលទៅក្នុងតំបន់នៅតាមបណ្តោយព្រំដែនដ៏វែង នៃប្រទេស រុស្ស៊ី តែម្តង។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ។ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

​មួយ​ឆ្នាំក្រោយ​ការ​លុកលុយរបស់​រុស្ស៊ីចូលអ៊ុយក្រែន គឺ​ប្រទេសហ្វាំងឡង់ ​បានសម្រេច​​សុំ​ចូល​​ជាសមាជិកបក្សសម្ព័ន្ធ អូតង់ ជា​ផ្លូវ​ការ​​។ មិនត្រឹម​តែប៉ុណ្ណេះ ​នៅ​ថ្ងៃចន្ទ ទី១៨ ធ្នូ រដ្ឋបាលក្រុងហែលស៊ីនគី ក៏​បានចុះកិច្ចព្រមព្រៀងថែមទៀត ដើម្បីពង្រឹងសហប្រតិបត្តិការយោធា ជាមួយសហរដ្ឋអាមេរិក។ មុនការប្រកាសចុះហត្ថលេខា ពួកមន្ត្រីទទួលខុសត្រូវហ្វាំងឡង់ បាន​ថ្លែង​បន្លឺឡើងដែរថា កិច្ចព្រមព្រៀងនេះ អនុញ្ញាតជាអាទិ៍​ ឲ្យសហរដ្ឋអាមេរិក ចូលខ្លួនយ៉ាងលឿននិងផ្តល់ជំនួយសង្គ្រោះដល់ហ្វាំងឡង់ ក្នុងករណីមានជម្លោះកើតឡើង​។

ចំណែក ភាគីរុស្ស៊ី យល់ថា កិច្ចព្រមព្រៀងថ្មីនេះមានលក្ខណៈឈ្លានពាន ពីខាង ហ្វាំងឡង់ និង បណ្តា​សម្ព័ន្ធមិត្ត របស់​ប្រទេសនេះ។ ដូច្នេះហើយ ទើប ក្រសួងការបរទេសរុស្ស៊ី បាន​កោះហៅ ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ទៅ​បំភ្លឺ។ រុស្ស៊ី​​ ក៏បាន​បញ្ជាក់​ប្រាប់សមភាគីជាព័ត៌មាន​មានថា​ រដ្ឋបាលម៉ូស្គូ នឹងពុំទុកដោយគ្មានចម្លើយឡើយ ការដែល ហ្វាំងឡង់ រឹតចំណងយោធា ជាមួយ អូតង់។  នេះបើតាម អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova។ សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសរុស្ស៊ី បានលម្អិតទៀតថា​ ​រុស្ស៊ីចាត់ទុករឿងនេះជាការគំរាមដល់សន្តិសុខជាតិខ្លួន ហើយ រដ្ឋបាលទីក្រុងម៉ូស្គូ នឹងចាត់វិធានការ​ចាំបាច់ ប្រឈមនឹងសេចក្តីសម្រេចទាំងនេះ។ ​

គួរបញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង រវាង ក្រុងហែលស៊ីនគី និង វ៉ាស៊ីនតោន មាន​រាយឈ្មោះ ទីតាំង និង មណ្ឌល ចំនួន ១៥ នៅក្នុង​ប្រទេស​ ហ្វាំងឡង់ ដែលក្នុងនោះមានមូលដ្ឋានទ័ពអាកាស ៤ កន្លែង និង កំពង់ផែយោធា ១ ផង​។ ពីអំណឺះទៅ​ កងទ័ពអាមេរិក អាច​មានលទ្ធភាពចូលខ្លួនទៅកាន់ហ្វាំងឡង់​ដោយសេរី និងក៏អាចស្តុកទុក សម្ភារៈ យោធា ហើយ​និង ស្បៀងសឹក បានទៀតផង។​

កិច្ចព្រមព្រៀងយោធាបែបៗនេះ​ ក៏បានត្រូវចុះហត្ថលេខា ក្នុងថ្ងៃអង្គារ រវាង សហរដ្ឋអាមរិក និង ដាណឺម៉ាក​ ដែល​អនុញ្ញាតឲ្យ ពួកទាហាន​អាមេរិក ដែលប្រចាំការនៅលើដីដាណឺម៉ាក មានលទ្ធភាពចូលទៅយ៉ាងងាយ។ នេះបើតាម​ការថ្លែង​របស់​ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងដែលឲ្យដឹងដែរថា វា​មានសុពលភាពសម្រាប់រយៈពេល​ ១០ ឆ្នាំឯណោះ។​​ សូ​ម​រំឭកដែរ​ថា សហរដ្ឋអាមេរិក បានចុះរួច​ស្រេច​ទៅហើយនូវ​កិច្ចព្រមព្រៀងយោធាដូចគ្នានេះ ជាមួយ បណ្តាប្រទេសជាច្រើនទៀត​ នៅអឺរ៉ុបខាងកើត​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ