អានតួអត្ថបទ

ប្រមុខ​ទូត​អាមេរិក​-ចិន​ ជួប​គ្នា​នៅ​អាល្លឺម៉ង់ ពិភាក្សាអំ​ពីសំណុំ​រឿងអន្តរជាតិ​និងបញ្ហាទ្វេភាគី

នៅ​​ប្រទេស​អាល្លឺម៉ង់ ​រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក​ បាន​​ជួបសំណេះសំណាល​ជាមួយ​​នឹង​រដ្ឋមន្រ្តីក្រសួងការបរទេសចិន ក្នុងឱកាស​​សន្និសីទ​ក្រុង​ម៉ុយនិចស្តីពី​សន្តិសុខ។ ប្រមុខ​ទូត​អាមេរិក​ លោក អង់តូនី ប្ល៊ីងកិន បាន​សម្តែងក្តីបារម្ភ​អំពី​បញ្ហា​ក្នុង​តំបន់​ប្រាប់ទៅប្រមុខ​ទូតចិន។ រីឯ ​លោក វ៉ាង យី បាន​ស្នើឲ្យ សហរដ្ឋ​​អាមេរិក ​លើកលែង​ទណ្ឌកម្ម​ទាំងឡាយ​ដែល​បាន​ដាក់​ចំពោះ​ចិន។ នេះបើតាមការ​​ឲ្យ​ដឹង​អំពីសំណាក់អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ាតធីវ មីល្ល័រ​ ​នៅ​ថ្ងៃសៅរ៍​ទី​១៧កុម្ភៈ​។​

នៅអាល្លឺម៉ង់ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបសំណេះសំណាលជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសចិន។
នៅអាល្លឺម៉ង់ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបសំណេះសំណាលជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសចិន។ AP - Wolfgang Rattay
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួបជាមួយ​សមភាគី​ចិន​នៅ​​​អាល្លឺម៉ង់  រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក​ លោក អង់តូនី ប្ល៊ីងកិន បាន​លើកឡើង​ពី​សារៈ​សំខាន់​នៃ​ការ​ធានារក្សា​សន្តិភាព​នៅ កោះតៃវ៉ាន់ ហើយ​និង​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​។​ នេះបើតាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ាតធីវ មីល្ល័រ​ ​ដោយ​បញ្ជាក់ទៀត​ថា  ប្រមុខ​ទូត​អាមេរិក ក៏បាន​រំឭក​​អំពីក្តីព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​របស់​ ចិន ​ចំពោះរុស្ស៊ី​ ​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​នៅអ៊ុយក្រែន ហើយ​និង​ព្រួយ​បារម្ភពី​ការ​ជ្រោម​ជ្រែង​របស់​ចិន​ ក្នុង​ឧស្សាហកម្មផលិត​​គ្រឿង​សព្វាវុធ​រុស្ស៊ី​។​ ពាក់ព័ន្ធនឹងរុស្ស៊ី រដ្ឋមន្រ្តីការបរទេស​អាមេរិក​ ក៏​សម្តែងមន្ទិល​សង្ស័យ​អំពី​សមត្ថភាព​ប្រឆាំង​ផ្កាយរណប​របស់​រុស្ស៊ី ប្រាប់​ទៅ​លោក វ៉ាង យី។ ចំពោះសហរដ្ឋ​អាមេរិក​​ ប្រព័ន្ធ​​ប្រឆាំង​ផ្កាយរណប​របស់​រុស្ស៊ី ជាប្រភព​គំរាមកំហែង​ធំ។​

កង្វល់​ទាំងអស់​នេះបាន​ដឹងឮ​ដល់​រដ្ឋមន្ត្រី​ការបរទេស​ចិន ដ្បិតថា ភាគីទាំង២​​​​ បាន​ជជែកគ្នា​ដោយ​​បើក​ចំហ ដោយ​ត្រង់ទៅត្រង់​មក ហើយ​ឈរ​លើ​ស្មារតី​កិច្ចស្ថាបនា​​។ នេះបើយោង​តាម​សេចក្តី​ថ្លែង​ការណ៍​ការទូត​។​

ក្រសួងការបរទេសចិន​ វិញ​ ក៏​បាន​ចេញ​សេចក្តីថ្លែង​ការ​ណ៍​ផ្ទាល់​ខ្លួន​ដែរ ដោយ​បញ្ជាក់ថា ប្រមុខ​ទូត​ចិន លោក វ៉ាង យី ​បាន​​ស្នើ​ឲ្យ​សមភាគី​អាមេរិក លើកលែង​ទណ្ឌកម្ម​​ទាំងឡាយ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ចិន​ ហើយ​និង​ បញ្ឈប់​អំពើទាំងឡាយទាំងពួង​ប្រឆាំង​នឹងប្រជាជន​​ចិន។ ប្រមុខ​​ទូត​ចិន​ លោក វ៉ាង យី សង្កត់ធ្ងន់​ថា សហរដ្ឋអាមេ​រិក ​​ត្រូវ​បញ្ចប់​ការរើសអើង​ បញ្ឈប់​ការ​​​ធ្វើ​ទុក្ខ​បុកម្នេញនិងកោះហៅ​ជំរិតសួរ​យក​ចម្លើយ​ពី​ប្រជាជន​ចិន​។ ផ្ទុយទៅវិញ ​សហរដ្ឋ​​អាមេរិក​ គួរ​តែ​ប្រឹង​សកម្មភាព​ផ្សេងៗ​ដើម្បីឈានទៅបង្កើនការ​​យល់គ្នា​​ទៅវិញ​ទៅ​មក​ រវាង​ប្រជា​ពលរដ្ឋ​ទាំង​ពីរ។

​នៅទី​​ក្រុង​ម៉ុយនិច ប្រទេស​អាល្លឺម៉ង់​ ក្នុង​ឱកាស​ជួបគ្នារបស់​ប្រមុខ​ការទូត​អាមេរិក​ចិន​ ភាគីទាំង២​​សុទ្ធតែ​ឲ្យ​តម្លៃខ្ពស់ទៅលើ​សារៈសំខាន់​នៃការ​បន្ត​​ជជែកគ្នា។​ ការបន្ត​ជជែក​គ្នា​រវាង​ចិន​និងអាមេរិក​ ​​ឋិត​ក្រោម​ក្របខណ្ឌ​​​ពង្រឹង​កិច្ច​សន្ទនាគ្នា ​ផ្តួច​ផ្តើម​ដោយ លោក ចូ បៃដិន និង​លោក ស៊ី ជីនពីង​ ដែល​ប្រធានាធិបតី​ទាំងពីរ ​បាន​ជួបគ្នា​ នៅរដ្ឋ​កាលីហ្វ័រញ៉ា កាលពីខែវិច្ឆិកា ឆ្នាំទៅមិញ។ កាលពី​ដើម​ឆ្នាំទៅមិញ ប្រទេស​ទាំង២​​ បាន​ឈ្លោះ​ទាស់​សម្តី​គ្នា​សម្បើម​ណាស់ ជុំវិញ​សំណុំ​រឿង​បាឡុង​ចារកិច្ច​។

ប្រភពពីទីភ្នាក់ងារព័ត៌មាន​បារាំង​អាអេហ្វប៉េ ក្នុង​ជំនួបរដ្ឋមន្ត្រីការបរទេស​​លើកនេះ ភាគី​ទាំងពីរ​ក៏បាន​បង្ហាញ​ចេតនា​សហការគ្នា​ ប្រកប​ដោយសេចក្តីទទួល​ខុសត្រូវ នៅលើ​វិស័យ​ជាច្រើន ហើយ​ជាពិសេស​ គឺ​ចេតនា​ចង់​​ចូលរួម​ទប់​ស្កាត់​គ្រឿង​ញៀនសំយោគ​ ប្រភេទ​ហ្វង់​តានីល ដែល​រីករាល​ដាល​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​​ និង​បាន​សម្លាប់​ពលរដ្ឋអាមេរិក អស់​ច្រើន​ រាប់​រយនាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ