អានតួអត្ថបទ
តៃវ៉ាន់-ចិន

ស្លាប់អ្នកនេសាទចិន៖ តៃវ៉ាន់ និងចិន​ចង្អុលមុខចោទគ្នាទៅវិញ ទៅមក

ចិន និង​តៃវ៉ាន់​កំពុងឈាន​ចូលក្នុងដំណាក់កាល​ប្រឈមមុខគ្នា​ដ៏គ្រោះថ្នាក់ បន្ទាប់​ពី​អ្នកនេសាទ​ចិន ពីរនាក់​ស្លាប់ នៅក្នុងការប៉ះទង្គិច​គ្នាជាមួយ​ឆ្មាំសមុទ្រ​តៃវ៉ាន់ កាលពីថ្ងៃ​ពុធទី ១៤​កុម្ភៈ។ ក្រោយ​ឧប្បត្តិហេតុ​ស្លាប់​អ្នកនេសាទ​ជនជាតិខ្លួន ចិន បានទាមទារការឆ្លើយបំភ្លឺជាបន្ទាន់ពីតៃវ៉ាន់។ ប៉ុន្តែ តៃវ៉ាន់វិញ​ទាមទារ​ឲ្យ​ចិនជួយឃាត់កុំ​ឲ្យអ្នក​នេសាទ​របស់ខ្លួន បើកទូក​ចូលខុសច្បាប់​ក្នុង​ដែនទឹក​​របស់​តៃវ៉ាន់។ 

ឆ្មាំសមុទ្រ​តៃវ៉ាន់ នៅថ្ងៃ​បើកតាមប្រមាញ់អ្នកនេសាទចិននៅថ្ងៃទី ១៤​កុម្ភៈ​២០២៤
ឆ្មាំសមុទ្រ​តៃវ៉ាន់ នៅថ្ងៃ​បើកតាមប្រមាញ់អ្នកនេសាទចិននៅថ្ងៃទី ១៤​កុម្ភៈ​២០២៤ AP
ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍​នៅ​ច្រកសមុទ្រ​តៃវ៉ាន់ កាន់តែ​តានតឹងឡើងមួយកម្រិត បន្ទាប់​ពី​អ្នកនេសាទ​ចិន​ពីរនាក់​ស្លាប់ នៅក្នុង​ហេតុការណ៍ តាម​ប្រមាញ់ដេញ​របស់​ឆ្មាំសមុទ្រ​តៃវ៉ាន់ កាលពីថ្ងៃពុធ ទី ១៤​កុម្ភៈ។ តាម​ទីភ្នាក់ងារ​ព័ត៌មានតៃវ៉ាន់ CNA ឧប្បត្តិហេតុ​លើកនេះ កើត​ឡើង នៅ​ក្បែរ​កោះKimen​របស់​តៃវ៉ាន់ នៅពេល​ទូកល្បឿនលឿន​របស់អ្នកនេសាទ​ចិន​មួយគ្រឿង​បើកចូល​ដោយខុសច្បាប់ ក្នុងដែនទឹក​របស់​តៃវ៉ាន់។ នៅពេល​បើកគេចចេញ​ពី​ការតាមប្រមាញ់​របស់កប៉ាល់ល្បាតតៃវ៉ាន់ ទូករបស់​អ្នកនេសាទ​ចិនក្រឡាប់ និង​ធ្វើ​ឲ្យមនុស្ស​៤នាក់​ធ្លាក់​ក្នុងទឹក។

នៅក្នុងសេចក្តីថ្លែងការណ៍​នៅថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ការិយាល័យ​ចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់ ទាមទារ​ឲ្យតៃវ៉ាន់​ត្រូវ​តែ​ឆ្លើយបំភ្លឺ​ជុំវិញ​ហេតុការណ៍ ព្រោះថា ចិន​យល់​ថា ឧប្បត្តិហេតុ​ដែល​តៃវ៉ាន់​លើកឡើង ជាឧប្បត្តិហេតុ​បែបបន្លំ​ពុតត្បុត​របស់​តៃវ៉ាន់តែប៉ុណ្ណោះ។

ក្រុមប្រឹក្សាកិច្ចការដីគោក ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយចិន បាន​ចេញមុខ​ការពារ​ឆ្មាំសមុទ្រតៃវ៉ាន់ថា បាន​ធ្វើឡើង​យ៉ាងតឹ្រមត្រូវ តាមច្បាប់ និង​ថា គឺ​ទូកអ្នកនេសាទ​ចិន​ទេ ដែល​បើករត់គេច មិនព្រម​សហការ​ជាមួយ​ឆ្មាំសមុទ្រ​តៃវ៉ាន់។ ម្យ៉ាង នៅក្នុងពេលមានគ្រោះថ្នាក់​ក្រឡាប់ទូកទៀតសោត ឆ្មាំសមុទ្រ​តៃវ៉ាន់​បាន​ចុះទៅស្រង់ ជួយសង្រ្គោះភ្លាមៗ ប៉ុន្តែ មនុស្ស២នាក់​ដាច់ខ្យល់ស្លាប់ ចំណែក ២នាក់ទៀត​ត្រូវដឹកយក​ទៅសង្រ្គោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លើ​កោះ Kimen របស់តៃវ៉ាន់។ នៅក្នុងពេល​រង់ចាំ​ការស៊ើបអង្កេត ឆ្មាំសមុទ្រ​តៃវ៉ាន់​នឹង​ជូនដំណឹង​ទៅ​គ្រួសារ​ជនរងគ្រោះ ដែលស្លាប់​នៅក្នុង​ឧប្បត្តិហេតុលើកនេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាតៃវ៉ាន់​ទទួលបន្ទុកទំនាក់ទំនង​ជាមួយ​ចិន​បាន​ទម្លាក់ការទទួលខុសត្រូវ​លើអាជ្ញាធរ​ចិនដីគោក ដែល​នៅ​តែ​បណ្តោយ​បើកដៃ​ឲ្យ​ជនជាតិចិន ចូល​មក​នេសាទ ក្នុងដែនទឹក​របស់តៃវ៉ាន់។

យោងតាម​អាជ្ញាធរ​តៃវ៉ាន់ នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ជនជាតិ​ចិន​កាន់តែច្រើន​បានបើកទូក​ចូល​ដោយ​ខុសច្បាប់ ក្នុង​ដែនទឹក​របស់​តៃវ៉ាន់ ដើម្បី​បូមដីខ្សាច់ នេសាទ​ដោយ​ប្រើ​គ្រឿងផ្ទុះ ឬ​យក​សំរាម​មក​ចាក់ក្នុងដែនសមុទ្រ​តៃវ៉ាន់។ ទោះជា​តៃវ៉ាន់​បាន​អំពាវនាវ​ម្តងហើយ ម្តងទៀត ឲ្យចិន​ពង្រឹង​ការគ្រប់គ្រង​សកម្មភាព​នេសាទ​របស់​ជនជាតិខ្លួន ប៉ុន្តែ ស្ថានការណ៍មិន​បាន​ប្រសើរទាល់តែសោះ។ អ្នកនេសាទ​ចិន​នៅ​តែ​បន្ត​ផ្គើន បើកទូក​ចូលដែនទឹកតៃវ៉ាន់ ជាពិសេស​នៅក្នុងអំឡុង​បុណ្យចូលឆ្នាំចិន វេលា​ដែល​ជនជាតិ​ចិន ចូលចិត្ត​ទៅ​នេសាទ​ចាប់ត្រី​សមុទ្រ​ដែលមាន​តម្លៃថ្លៃៗ។

ឧប្បត្តិហេតុ ដែលមាន​ស្លាប់​ជនជាតិ​ចិន ដោយសារ​ការតាមប្រមាញ់​របស់​ឆ្មាំសមុទ្រ​តៃវ៉ាន់ មិនមែនជា​សញ្ញាល្អ​ទេ​សម្រាប់​ចិន និង​តៃវ៉ាន់ ដែល​កាន់តែ​មើលមុខគ្នា​លែងចំ ចាប់តាំង​ពី​តៃវ៉ាន់​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី ដែលនៅតែប្រកាន់ជំហរតឹង​ដាក់ចិន។ ទោះប្រធានាធិបតីចិន លោក​ស៊ី ជីនពីង​គំរាមហើយថា នឹង​បង្រួបបង្រួម​ជាមួយតៃវ៉ាន់​មកក្នុងទឹកដី​ចិន ទោះជា​ត្រូវ​ប្រើកម្លាំងយោធា ប៉ុន្តែ តៃវ៉ាន់​នៅតែ​ជ្រើសរើសលោក​ឡៃ ជីងតឹ មកពីគណបក្ស​ដែល​មានទម្លាប់​តស៊ូមតិ​ចង់​ឲ្យ​តៃវ៉ាន់​ឯករាជ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ