អានតួអត្ថបទ
សំណង់-អាកាសធាតុ

៧០ប្រទេស​សន្យាគិតគូរឡើងវិញ ធ្វើឲ្យ​​វិស័យ​សំណង់​គោរព​និង​ទ្រទ្រង់​ភព​ផែនដី

នៅទីក្រុងប៉ារីស កាលពីថ្ងៃទី​៨​មីនា គេបានរៀបចំ “​វេទិកា​ពិភពលោកស្តីពីសំណង់និង​បរិស្ថាន” ដោយ​មានការចូលរួម​ ពីតំណាង​ក្រុមហ៊ុនផលិត​គ្រឿងសំណង់ ក្រុមហ៊ុនអចលនទ្រព្យ សហព័ន្ធស្ថាបត្យករ-វិស្វករ ព្រមទាំងតំណាង​រដ្ឋា​​ភិបាល​ប្រទេសជាច្រើន។ នៅក្នុងកិច្ចប្រជុំជាលើកទី១នេះ មាន​ប្រទេស​៧០ប្រទេស បានចុះហត្ថលេខាសន្យា ថានឹងគិតគូរឡើងវិញ ដើម្បី​ធ្វើ​យ៉ាងណាឲ្យវិស័យសំណង់អគារ ក្លាយជាវិស័យដែល​មិនបំពុលបរិស្ថាន មិនបញ្ចេញ​ឧស្ម័​នកាបូនិក និងដែលទ្រទ្រង់ដល់​តុល្យ​ភាពអាកាសធាតុនៃភពដែនដីយើង។

មនុស្សដើរកាត់​ក្បែរការដ្ឋានសំណង់ កណ្តាលក្រុងប៉ាកាំង ថ្ងៃទី ២ មីនា ២០២៤
មនុស្សដើរកាត់​ក្បែរការដ្ឋានសំណង់ កណ្តាលក្រុងប៉ាកាំង ថ្ងៃទី ២ មីនា ២០២៤ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ជាលើកទី១ដែល​ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិទទួលបន្ទុក​បរិស្ថាន​ រួមសហការជាមួយរដ្ឋាភិបាលបារាំង បានរៀបចំ​ «វេទិកាពិភពលោកស្តីសំណង់និងបរិស្ថាន » ដើម្បី​កំណត់ទិសដៅរួមគ្នា ឈានទៅ​ធ្វើ​ឲ្យ​វិស័យសំណង់ ក្លាយ​ជាវិស័យដ៏ស្អាតស្អំ មិនបំពុល​បរិស្ថានធម្មជាតិ​។

សេចក្តី​ថ្លែងការណ៍​រួមមួយ ត្រូវបាន​អនុម័តនៅចុងបញ្ចប់នៃ​កិច្ចប្រជុំនេះ ដោយ​មានរដ្ឋមន្ត្រី​បរិស្ថាន​នៃប្រទេសចំនួន​៧០ បានចុះហត្ថលេខា ក្នុងនោះមាន​ទាំងបារាំង សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត​ និង​ចិនជាដើម។ ក្រសួងបរិស្ថាន​និង​អន្តរកម្ម​ថាមពលបារាំង បានលើកឡើងថា សេចក្តីថ្លែងការណ៍រួមនេះ នឹងបើកចំហររងចាំស្វាគមន៍​ប្រទេសផ្សេងទៀត ដែលមិនទាន់សម្រេចចិត្តចុះហត្ថលេខា​។

សេចក្តីថ្លែងការណ៍​​ ដែលគេដាក់ឈ្មោះថា « Déclaration de Chaillot » មានខ្លឹមសារថា នៅក្នុងវិស័យសំណង់ ប្រទេស​ហត្ថលេខី​សន្យាថានឹង​​ ផ្តល់អាទិភាពដល់ការ​ជួសជុលកែលំអសំណង់ចាស់ ជាជាងការសាងសង់ថ្មីបន្ថែម​ និង​ផ្តល់អាទិភាព​ដល់​ការយក​មកប្រើប្រាស់ឡើងវិញ នូវ​សម្ភារៈសំណង់ចាស់ៗ​ជាជាងការផលិត​ថ្មី​។ ប្រទេសទាំងអស់ នឹងត្រូវគិតគូរ ហើយ​សម្របរបៀបនៃការ​សាងសង់សំណង់ ដើម្បីធ្វើយ៉ាងណា ចូលរួម​ឲ្យ​បានច្រើនបំផុតដល់​ការ​​ទប់ស្កាត់​ការឡើងកំដៅផែនដី និងដោយ​ធ្វើយ៉ាងណា ឲ្យសំណងរឹងមាំ​ធន់ អាចទប់ជាមួយ​លក្ខខណ្ឌធម្មជាតិ​ដែលមិនទៀតទាត់​។

គួររំលឹកដែរថា លោកស្រី Regina Gonthier ប្រធានសហភាព​ស្ថាបត្យករអន្តរជាតិ ធ្លាប់​បានប្រកាសថា វិស័យស្ថាបត្យកម្ម​សំណង់សូមសន្យា ថានឹងផ្តល់អាទិភាព​ ដល់​ការជួសជុលកែលំអដើម្បីប្រើប្រាស់ឡើងវិញ ជាជាងការសាងសង់សំណង់ថ្មី​។ តែយ៉ាងណា​លោកស្រីទទួលស្គាល់ថា ការងារនេះជាការងារលំបាក​ព្រោះត្រូវដើរបញ្ច្រាស នឹងគំនិតមោទនភាពរបស់​ម្ចាស់គម្រោងសំណង់នីមួយៗ ដែលចង់តែសាងសង់ថ្មី​។​

លោកស្រី Ligia Noronha អគ្គលេខារងនៃអង្គការសហប្រជាជាតិ បានអំពាវនាវ​ឲ្យ​វិស័យ​ឯកជន ចូលរួម​ឲ្យ​បានច្រើន នៅក្នុងលំហូរហិរញ្ញវត្ថុ​ ព្រមទាំងការកំណត់​បទដ្ឋានរួម។ យ៉ាងហោចណាស់ គេត្រូវការប្រាក់ ចំនួន២៤ពាន់​លាន​អឺរ៉ូ នៅរវាងឆ្នាំ​២០៣០ ដើម្បី​ឲ្យ​វិស័យ​សំណង់ឈានទៅមានអព្យាក្រិត្យភាពកាបូន។ ដោយឡែក លោក Fatih Birol នាយកប្រតិបត្តិ​ទីភ្នាក់ងារថាមពលអន្តរជាតិ បានត្អូញត្អែរថា គិតត្រឹមពេលនេះ មានប្រទេស​១១០ប្រទេស ដែលនៅតែមិនទាន់​មាន​ “ក្រិត្យ​ក្រមជាកាតព្វកិច្ច ស្តីពី​ប្រសិទ្ធិថាមពល​”។

គួរបញ្ជាក់ថា វិស័យសំណង់ត្រូវគេដឹងថា​ជាវិស័យ​ ដែល​បញ្ចេញ​នូវឧស្ម័ន​ផ្ទះកញ្ចក់​ច្រើនបំផុត។ យោងតាមសេចក្តីថ្លែងការណ៍រួមChaillot ​ ២១%នៃឧស្ម័នផ្ទះកញ្ចក់ទូទាំងពិភពលោក គឺកើតចេញពីវិស័យសំណង់ ហើយមាន​ចំណែក​​​៣៧%​នៃឧស្ម័នកាបូនិក ដែលបញ្ចេញ​ចោល​ដោយ​​ថាមពល​អគ្គិសនី។ ការប្រើប្រាស់ចរន្តអគ្គិសនី ដើម្បី​បើកម៉ាស៊ីនកំដៅ ឬម៉ាស៊ីនត្រជាក់ គឺ​មាន​ទំហំ​ដល់​ទៅ៣៤%​នៃទំហំប្រើប្រាស់ចរន្តអគ្គីសនីពិភពលោក​។ បន្ថែមពីនេះ ជារៀងរាល់ឆ្នាំ ការ​វាយរំលំសំណង់ចាស់ៗ ឬការជួសជុលសំណង់ បានបង្កើត​ឲ្យ​​មាន​​កាក​សំណល់ ចំនួន​១០០​ពាន់​លានតោន ដោយភាគច្រើនលើសលុប មិនត្រូវគេយកទៅកែច្នៃ​ប្រើឡើងវិញទេ ហើយ​មាន​៣៥%ត្រូវគេយកទៅកប់ដីចោលទៀត។

យោងតាមអ្នកជំនាញនៃវិស័យនេះ កម្មវត្ថុ​​កាត់បន្ថយការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់នៃវិស័យសំណង់​ គឺត្រូវធ្វើ​គ្រប់ដំណាក់កាលទាំងអស់ ដោយរាប់ចាប់​តាំងពី​ ការ​ផលិត​សម្ភារៈគ្រឿងបរិក្ខាសំណង់ ក្រិត្យ​ក្រមស្តង់ដារនៃការសាងសង់ ព្រមទាំង​ការប្រើប្រាស់ថាមពលចរន្តអគ្គិសនី នៅក្នុងសំណង់នីមួយៗជាដើម។ ទន្ទឹមគ្នានឹងការរិះរកមធ្យោបាយ បច្ចេកទេសថ្មីទាំងនេះ អ្នកជំនាញ​ត្រូវគិតគូរផងដែរ ធ្វើ​ឲ្យសំណង់​កាន់តែរឹងមាំ ធន់ ហើយឆ្លើយតបទៅ​នឹង​កត្តាអាកាសធាតុ ដែល​អាចជាគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ សីតុណ្ហភាពត្រជាក់ខ្លាំង ឬក្តៅខ្លាំងជាដើម។ យ៉ាងណាមិញ ប្រទេសក្រីក្រ នៅតំបន់ខាងត្បូងភពផែនដី គឺជាប្រទេសងាយ​រងគ្រោះបំផុត ដោយ​សារ​កត្តា​អាកាសធាតុ​ប្រែប្រួល​ទាំងនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ