អានតួអត្ថបទ
បារាំង-រវ៉ាន់ដា

៣០ឆ្នាំ​ក្រោយ​ ប្រធានាធិបតី​ម៉ាក្រុង​ថាបារាំង​អាច​រារាំង​អំពើ​ប្រល័យ​ពូជសាសន៍​នៅរវ៉ាន់ដា តែ​មិន​ធ្វើ

ថ្ងៃ​៧​មេសា​២០២៤ ជា​គម្រប់​ខួប​៣០​ឆ្នាំ​គត់​នៃ​ការ​ចាប់​ផ្តើម​អំពើ​ប្រល័យ​ពូជសាសន៍​នៅរវ៉ាន់ដា នាឱកាស​នេះប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង បាន​ថ្លែងសារ​វីដេអូ ចាក់​ផ្សាយ​តាម​បណ្តាញ​សង្គម​ ប្រកាស​ថា “បារាំងជាមួយ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច និង​អាហ្វ្រិក ​អាច​រារាំង​អំពើ​ប្រល័យ​ពូជសាសន៍​កុំឱ្យ​កើត​មាននៅ​ក្នុង​ប្រទេស​រវ៉ាន់ដាបាន ប៉ុន្តែគ្មាន​ឆន្ទៈ​នឹង​ធ្វើ។

 ប្រធានាធិបតីម៉ាក្រុងថាបារាំងអាចរារាំងអំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដា តែមិនធ្វើ
ប្រធានាធិបតីម៉ាក្រុងថាបារាំងអាចរារាំងអំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដា តែមិនធ្វើ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

ក្នុងឱកាស​ដែល​រវ៉ាន់ដា​ប្រារព្វ​ខួប​៣០​ឆ្នាំ​នៃ​​អំពើ​ប្រល័យ​ពូជសាសន៍​ ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី​៧មេសា​១៩៩៤ និ​ងបាន​ផ្តាច់​ជីវិត​មនុស្ស​ ភាគ​ច្រើន​ជាជាតិ​ពិន្ធុ​ទូតស៊ីប្រមាណ​ពី៨សែន​ទៅ​១​លាន​នាក់ លោក​ប្រធានាធិបតី​បារាំងអេម៉ានុយអែល​ម៉ាក្រុង ​បានប្រកាសថា “បារាំង​និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ព្រមទាំង​​អាហ្វ្រិក អាច​រារាំង​​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដាបាន កាលពី​៣០ឆ្នាំមុន ប៉ុន្តែ​មិន​ធ្វើ”។

នៅក្នុង​​​សារ​វីដេអូថតទុកសម្រាប់​​ចាក់​ផ្សាយ​តាម​បណ្តាញ​សង្គម​​​ នៅថ្ងៃ​អាទិត្យ​ទី៧​មេសា​២០២៤​នេះ លោក​ម៉ាក្រុង​បាន​រំលឹក​ជា​ពិសេស​ថា នៅ​ពេលសកម្មភាព​​​ប្រល័យ​ពូជសាសន៍ឈាន​ដល់​​​ដំណាក់​ការសម្លាប់​ផ្តាច់​​ពូជ​ជាតិ​ពន្ធុ​ទូតស៊ី សហគមន៍អន្តរជាតិ​មាន​មធ្យោបាយ​ដឹង និងមាន​​បញ្ចេញ​ប្រតិកម្ម​ ព្រោះ​ធ្លាប់ឆ្លង​កាត់​​បទពិសោធន៍​​ប្រល័យពូជសាសន៍​លើជនជាតិអារមេនី និងពី​សំណាក់​​ពួក​ហ្វាស៊ីសអ៊ីត្លែរ ហើយ​បារាំងដែល​ជាមួយ​បណ្តាសម្ព័ន្ធមិត្ត​បស្ចិមលោក និង​អាហ្វ្រិក​ ​អាច​បញ្ឈប់​​អំពើ​ប្រល័យ​ពូជសាសន៍នោះ​បាន​ បែរ​ជា​គ្មាន​ឆន្ទៈ​។ នៅ​​២​សប្តាហ៍​ ក្រោយ​ការ​ចាប់​ផ្តើម​សកម្មភាព​ប្រល័យពូជសាសន៍ កងកម្លាំង​មួកខៀវ​របស់​អង្គការ​សហប្រជាជាតិប្រចាំ​​រវ៉ាន់ដា ស្រាប់​តែ​នាំ​គ្នា​ដក​កង​កម្លាំង​អស់​ប្រមាណ​៩០%​ពី​ប្រទេស។ នេះ​បើ​តាម​ប្រភព​ប្រធានាធិបតី​បារាំង​ដដែល។

សម្រាប់​លោក​ម៉ាក្រុង សេចក្តី​ប្រកាស​នេះ​ជា​ការ​ទំនួល​ខុស​ត្រូវ​​បន្ត​ពីអ្វី​ដែល​លោក​ធ្លាប់​បាន​សន្យា​ជាមួយ​ប្រធានាធិបតី​រវ៉ាន់ដា លោក ម៉ាហ្កាលី​ កាលពី​ឆ្នាំ​២០២១។ នៅថ្ងៃទី​២៧​ឧសភា ឆ្នាំ​២០២១ នា​ឱកាស​បំពេញ​ទស្សនកិច្ច​ជា​លើក​ទីមួយនៅ​រវ៉ាន់ដា​ ដើម្បី​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឱ្យ​បាន​ធូរ​ស្រាល​ឡើង លោកប្រធានាធិបតី​បារាំង បានប្រកាស​​ទទួល​ស្គាល់​ទំនួល​ខុសត្រូវ​របស់​បារាំង​ចំពោះអំពើ​​ប្រល័យ​ពូជសាសន៍ ដោយ​ផ្អែក​លើ​របាយការណ៍​របស់​គណៈកម្មការ​អ្នកប្រវត្តិសាស្រ្ត​។ របាយការណ៍​​ចេញ​ផ្សាយនៅថ្ងៃទី​៧​មេសា​២០២១ បាន​​សន្និដ្នាន​ថា បារាំង​មាន​ការ​ទទួល​ខុស​ត្រូវ​លើសលុបណាស់​លើ​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា។

ថ្ងៃ​នេះលោក​ម៉ាក្រុង បាន​បោះ​​ជំហាន​ថ្មី​ដ៏​សំខាន់មួយ​ទៀត​ ដោយ​ប្រើពាក្យ “បារាំង​គ្មាន​ឆន្ទៈ” ដឹង​ហើយ​មិនធ្វើ។ ប៉ុន្តែបារាំង​គួរ​តែ​ក្លាហាន​ ហ៊ាន​​សុំទោស។ នេះ​​បើ​តាម​ប្រតិកម្ម​របស់​​ក្រុម​សមាគម​អ្នក​រួច​ពីស្លាប់​ជាតិ​ពិន្ធុ​ទូតស៊ី ឬ​សង្គម​ស៊ីវិល​រវ៉ាន់ដាដែល​យល់​ថា​សេចក្តី​ប្រកាស​របស់​លោក​ម៉ាក្រុង​នេះ ល្អ​ហើយ​តែ​ តិច​​តូច​ណាស់​បើ​ប្រៀប​ទៅ​នឹងការ​រង់ចាំ​របស់​អ្នក​រួច​ពីស្លាប់និង​ជនរងគ្រោះ​។

​រដ្ឋមន្ត្រីការបរទេស លោក ស្តេហ្វាន​ សេហ្សួរ​ណេ ជា​តំណាងប្រធានាធិបតី​អញ្ជើញ​​ទៅ​ចូល​រួម​​ខួប​៣០​ឆ្នាំ ជា​កិច្ច​ឆ្លើយ​តបទៅ​​នឹង​ការ​អញ្ជើញ​របស់ប្រធានាធិបតី​រវ៉ាន់ដា​ជា​មិត្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ