អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ហេតុអ្វីមន្រ្តីយោធាអង់គ្លេសថា អ៊ុយក្រែន​អាច​ចាញ់សង្រ្គាមនៅ​ឆ្នាំនេះ?

នៅអ៊ុយក្រែន ស្ថានការណ៍នៅ​សមរភូមិ​ខាងកើត​កាន់តែធ្លាក់ចុះអាក្រក់ ដោយសារ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​រឹតតែសន្ធឹក​ទៅលើ​កងទ័ពអ៊ុយក្រែន។ នៅក្នុងសារ​តេឡេក្រាម​កាលពីថ្ងៃសៅរ៍ទី​១៣​មេសា មេបញ្ជាការកងទ័ពអ៊ុយក្រែន ទទួលស្គាល់ថា ស្ថានការណ៍នៅសមរភូមិ​មុខ​កាន់តែយ៉ាប់យ៉ឺន នៅពេល​កងទ័ពរុស្ស៊ី​បើកការវាយប្រហារ​ទាំងផ្លូវអាកាស និង​ផ្លូវគោក។ នៅក្នុងបទសម្ផាសន៍​ជាមួយ​ទូរទស្សន៍អង់គ្លេស​BBC អតីត​មេបញ្ជាការកងទ័ពអង់គ្លេស​ម្នាក់​និយាយ​ថា អ៊ុយក្រែន​អាចចាញ់សង្រ្គាម​នៅ​ឆ្នាំនេះ បើសិន​អ៊ុយក្រែន​នៅតែ​ចាញ់ប្រៀបរុស្ស៊ី ទាំងរឿង​អាវុធទំនើប និង​​ចំនួនកងទ័ព។

នៅអ៊ុយក្រែន ស្ថានការណ៍នៅ​សមរភូមិ​ខាងកើត​កាន់តែធ្លាក់ចុះអាក្រក់ ដោយសារ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​រឹតតែសន្ធឹក​ទៅលើ​កងទ័ពអ៊ុយក្រែន (រូបភាពនៅថតនៅ​Avdiivka, Donetsk)
នៅអ៊ុយក្រែន ស្ថានការណ៍នៅ​សមរភូមិ​ខាងកើត​កាន់តែធ្លាក់ចុះអាក្រក់ ដោយសារ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​រឹតតែសន្ធឹក​ទៅលើ​កងទ័ពអ៊ុយក្រែន (រូបភាពនៅថតនៅ​Avdiivka, Donetsk) AP - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​បាន​បង្កើនការវាយប្រហារ ទៅលើ​អ៊ុយក្រែន នៅគ្រប់មុខព្រួញ។ ក្រៅពីវាយប្រហារ​ផ្លូវអាកាស បាញ់គ្រាប់មីស៊ីលបំផ្លាញ ​ហេដ្ឋារចនាសម្ព័ន្ធថាមពល​ធំៗរបស់​អ៊ុយក្រែន នៅក្នុងសមរភូមិឯណោះវិញ កងទ័ព​រុស្ស៊ី​បានបោះជំហាន​រុលទៅមុខ វាយដណ្តើមយកបានជាបន្តបន្ទាប់ ភូមិក្រុង​នៅភាគខាងកើត​អ៊ុយក្រែន។

នៅក្នុង​សារតេឡេក្រាម​កាលពីថ្ងៃសៅរ៍ មេបញ្ជាការ​កងទ័ពអ៊ុយក្រែន ទទួលស្គាល់​ថា ស្ថានការណ៍​នៅសមរភូមិ​ខាងកើត​ធ្លាក់ចុះអាក្រក់យ៉ាងខ្លាំង បន្ទាប់​ពី​រុស្ស៊ី​បើកការវាយប្រហារកាន់តែសន្ធឹក នៅក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី នៅខែ​មីនា។ ​បើតាម​មេបញ្ជាការ​អ៊ុយក្រែន លោក​ Oleksandre Syrsky កងទ័ពរុស្ស៊ី​វាយប្រហារ​លើទីតាំង​របស់​អ៊ុយក្រែន នៅ​ទីក្រុង Lyman និង Bakhmout។ អាកាសធាតុក្តៅស្ងួត មេឃស្រឡះ ហុចឱកាស​ឲ្យកងទ័ព​រុស្ស៊ីអាច​ប្រើ​កាំភ្លើងធំ​បាញ់ប្លោង និងរថក្រោះវាយលុក បោះជំហាន​កាន់តែលឿនទៅមុខ ក្នុងសមរភូមិ។ បើតាម​មេទ័ពអ៊ុយក្រែនដដែល នៅតាម​ជួរសមរភូមិខ្លះ ប្រើ​រថក្រោះ​វាយបំបែកខ្សែប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីបើកផ្លូវ​ឲ្យ​រថយន្តដឹកទ័ពថ្មើរជើង​ចូលទៅកាន់កាប់ភូមិអ៊ុយក្រែន។

បើតាមការប៉ាន់ប្រមាណទុក​របស់​អ្នកជំនាញយោធា រុស្ស៊ីទំនង​សម្រុកវាយប្រហារទ្រង់ទ្រាយធំ​នៅក្នុង​រដូវក្តៅ ប៉ុន្មានខែខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយ​ទូរទស្សន៍អង់គ្លេស​BBC អតីតមេបញ្ជាការកងទ័ពអង់គ្លេស លោក Richard Barrons និយាយថា អ៊ុយក្រែនអាច​នឹង​ចាញ់សង្រ្គាមនៅឆ្នាំនេះ។

មូលហេតុ មកពីប្រជាជនអ៊ុយក្រែនអាច​នឹង​មានអារម្មណ៍ថា ពួកគេ​មិនអាច​ឈ្នះសង្រ្គាម។ តើវាមានន័យអ្វីដែលត្រូវធ្វើសង្រ្គាមដែលមិនអាច​ការពារ​ប្រទេសជាតិនោះ។ បើតាម​អតីតមេបញ្ជាការទ័ពអង់គ្លេស អ៊ុយក្រែននៅមិនទាន់ឈានដល់​ដំណាក់កាលនោះនៅឡើយទេ។ ប៉ុន្តែ នៅក្នុងសមរភូមិ​ជាក់ស្តែង អ៊ុយក្រែនសព្វថ្ងៃនេះ ​ចាញ់​ប្រៀបរុស្ស៊ី ទាំងចំនួនកងទ័ព និងអាវុធ។ មេបញ្ជាការទ័ពអ៊ុយក្រែន​វាយតម្លៃថា នៅសមរភូមិភាគខាងកើត កងទ័ពរុស្ស៊ីមានចំនួនច្រើនជាង​កងទ័ពអ៊ុយក្រែន ពី៧ ទៅ១០ដង។ មួយវិញទៀត នៅពេល​រុស្ស៊ី​សំបូរអាវុធសុទ្ធតែទំនើបៗ មីស៊ីល​អ៊ីពែសូនិក មីស៊ីលបញ្ជា និង​គ្រាប់ផ្ទុះ​ទម្ងន់១៥០០គីឡូក្រាម ដើម្បីវាយប្រហារ​អ៊ុយក្រែន កងទ័ពអ៊ុយក្រែននៅក្នុងសមរភូមិវិញ ​កាន់តែ​ខើច អស់គ្រាប់ដើម្បីប្រយុទ្ធទប់ទល់នឹង​ការវាយលុករបស់​រុស្ស៊ី។ អ៊ុយក្រែន​បានទទូច​សុំ​សព្វាវុធ​ពី​សម្ព័ន្ធមិត្តលោកខាងលិច ប៉ុន្តែ ការផ្តល់ជំនួយ​នៅតែយឺតយ៉ាវ។ ម្យ៉ាង ​ជំនួយយោធា​ធំបំផុត​សម្រាប់​អ៊ុយក្រែន ទំហំ ៦០ពាន់លានដុល្លារ​នៅតែ​ជាប់គាំង​នៅ ព្រឹទ្ធសភាអាមេរិក។

អ៊ុយក្រែន​កាន់តែខ្សត់ខ្សោយអាវុធជារឿងមួយ។ ប៉ុន្តែ យោងតាម​មេទ័ពអ៊ុយក្រែន កងទ័ព​អ៊ុយក្រែននៅត្រូវការបណ្តុះបណ្តាល​ដើម្បីប្រើប្រាស់សព្វាវុធរបស់លោកខាងលិច ជាពិសេស​យន្តហោះចម្បាំង និង​រថក្រោះរបស់អាមេរិក។ ឧបសគ្គធំមួយទៀត​របស់​អ៊ុយក្រែន គឺ​ការកេណ្ឌទ័ព។ ដោយសារខ្វះទ័ព នៅសប្តាហ៍នេះ សភាអ៊ុយក្រែនបានអនុម័តច្បាប់រើសបញ្ចូលទ័ពដ៏ចម្រូងចម្រាស ដែលផ្តោតសំខាន់​លើការដាក់ពិន័យ​​អ្នកជាប់កាតព្វកិច្ច​យោធាទាំងឡាយណា ដែលបដិសេធមិន​ចូលបម្រើទ័ព។ ទាហាន និងក្រុមគ្រួសាររបស់ទាហានអ៊ុយក្រែន​ប្រឆាំង​នឹង​ច្បាប់ថ្មី ព្រោះវា​គ្មានចែង​ការបិទបញ្ចប់កាតព្វកិច្ច​យោធា​សម្រាប់អ្នកដែលបានចូលធ្វើទាហាន​៣ឆ្នាំ។ អ្នកដែលចូលសមរភូមិ​ជាង​២ឆ្នាំមកនេះ ខ្លាចថា ជាមួយច្បាប់ថ្មី បូកផ្សំនឹងអំពើពុករលួយ និងភាពអយុត្តិធម៌ ពួកគេនឹង​ត្រូវ​ស្ថិតនៅក្នុង​សមរភូមិប្រយុទ្ធ គ្មានកាលកំណត់។ ​

សង្រ្គាម​ជាង​២ឆ្នាំមកនេះបានធ្វើឲ្យប្រជាជន​អ៊ុយក្រែន​មួយចំនួន​នឿយណាយ បាក់ទឹកចិត្ត លែង​ចង់ស្ម័គ្រ​ចូល​បម្រើកងទ័ពដែល​ខ្វះអាវុធ ពោលគឺមិនខុសពីចូលទៅធ្វើជា​​ផ្ទាំងស៊ីបវាយប្រហារ​របស់​​កងទ័ពរុស្ស៊ី ដែល​មានចំនួនច្រើន និង​បំពាក់ដោយ​សព្វាវុធទំនើបៗនោះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ