អានតួអត្ថបទ

ប៉ារីសបើក​សន្និសីទ​មនុស្ស​ធម៌កុំ​ឱ្យ​ភ្លេច​ស៊ូដង់​ ដែលអាចធ្លាក់​ក្នុង​មហន្តរាយ​គ្មាន​ប្រៀប

​ស៊ូដង់​អាច​នឹងធ្លាក់​ក្នុង​​​វិបត្តិ​ស្បៀង​អាហារធំធេង​​បំផុត​ដែល​ពិភពលោកមិន​​ធ្លាប់ជួប​​ប្រទះ​ពី​មុន​មក​ទេ។ នេះ​ជា​ពាក្យ​ព្រមាន​របស់​អគ្គនាយក​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ក្នុង​ពេល​បើ​ក​សន្និសីទ​ស្តី​ពី​ប្រទេស​ស៊ូដង់​នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី ១៥​មេសា​២០២៤។ ផ្តួច​ផ្តើម​ឡើង​ដោយ​បារាំង ដើម្បី​តើនរំឮក​សហគមន៍​អន្តរជាតិ​កុំ​ឱ្យ​ភ្លេចស៊ូដង់​មួយ​នេះ សន្និសីទ​មាន​កម្មវត្ថុ​ប្រមូល​ជំនួយ​និង​សម្របសម្រួល​ឱ្យ​មានការ​ចរចា​បិទ​បញ្ចប់​ជម្លោះ​ដែល​អូស​បន្លាយ​ពេល​មួយ​ឆ្នាំ​គត់ហើយ។

Des partisans de la résistance populaire armée soudanaise, qui soutient l'armée, circulent sur des camions à Gedaref, dans l'est du Soudan, le 3 mars 2024, dans le cadre du conflit qui oppose actuelle
ប៉ារីសបើក​សន្និសីទ​មនុស្ស​ធម៌កុំ​ឱ្យ​ភ្លេច​ស៊ូដង់​ ដែលអាចធ្លាក់​ក្នុង​មហន្តរាយ​គ្មាន​ប្រៀប © AFP
ផ្សាយពាណិជ្ជកម្ម

ស្ថាន​ភាព​នៅ​ស៊ូដង់​អាក្រក់​ខ្លាំង​ណាស់​។ ស្ទើរ​ជា​ក្លាយ​ជា​មហន្តរាយ។​ នៅ​ក្នុង​ផ្ទៃ​ប្រទេសមាន​តែ​​ភាព​អត់​ឃ្លាន​ អត់​ឃ្លាន​ខ្លាំងហួស​និស្ស័យ​ ដែល​បើ​ប្រកាស​ដាក់ប្រទេស​ក្នុង​ភាព​អាសន្ន​ទុរ្ភិក្ស​ក៏សឹង​​ហួស​ពេល​ទៅ​ហើយ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ស្រី ស៊ីនឌី ម៉ាក់កែន អគ្គនាយិកា​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ ​នា​ឱកាស​បើក​សន្និសីទ​ស្តីពី​ប្រទេស​ស៊ូដង់ នៅ​ទីក្រុង​ប៉ារីស។

តំណាង​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​អះអាង​ទៀត​ថា នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ ប្រជាពលរដ្ឋ​ស៊ូដង់​ជិត​៥​លាន​នាក់​នឹង​​ធ្លាក់​ក្នុង​អន្លង់ ​​អស្ថិរភាព​​ស្បៀងអាហារ​ដ៏មហា​មហន្តរាយ​បំផុត​ ពោល​គឺ​ក្នុង​កំរិត​ដ៏​អាក្រក់​​បំផុត​នៃ​មាត្រដ្ឋាន​សុវត្ថិភាព​ចំណីអាហារ​ពិភពលោក។ ប៉ុន្តែ​អង្គការ​មិន​អាច​បញ្ជាក់​បាន​ថា មាន​គ្រោះ​ទុរ្ភិក្ស​ឬ​យ៉ាងណា​ទេ ព្រោះ​គ្មាន​មធ្យោបាយ​អាច​ចូល​ទៅ​ដល់​ផ្ទៃ​ក្នុង​ប្រទេស​ស៊ូដង់​។ បើ​តាម​អង្គការសហប្រជាជាតិ​ នៅពេល​សង្គ្រាម​បាន​ផ្ទុះ​ឡើង​ ពលរដ្ឋ​ជាង​៨លាន​នាក់​កន្លះ​បាន​បង្ខំ​ចិត្ត​ធ្វើ​បំលាស់​ទី ហើយ​រចនា​សម្ព័ន្ធ​ដ៏​ទន់​ខ្សោយ​ស្រាប់​របស់​ប្រទេស​ត្រូវ​បំផ្លាញ​ស្ទើរ​អស់។ បច្ចុប្បន្ន ស៊ូដង់បាន​ទទួល​​ហិរញ្ញវត្ថុ​ជា​ជំនួយ​មនុស្សធម៌ត្រឹម​កំរិត​ប្រមាណ​៥%​ប៉ុណ្ណោះ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​លោកស្រី ស៊ីនឌី ម៉ាក់កែន ស្រែក​ព្រមាន​​ថា​ស៊ូដង់​អាច​នឹង​ក្លាយ​ជាប្រទេស​មាន​​វិបត្តិ​ស្បៀងអាហារ​ធំជាង​គេ​និង​ខ្លាំង​ជាង​គេ​នៅ​ពិភពលោក ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​ទេ។

ជាមួយនឹង​សេចក្តី​អំពាវនាវដាស់​ពិភពលោកថា​​មិន​​គួរ​បំភ្លេច​ប្រទេស​ដូច​យ៉ាង​ស៊ូដង់​ឡើយទោះ​វក់​វី​នឹង​សង្គ្រាម​ហ្កាហ្សា​ខ្លាំង​យ៉ាង​ណា​ក៏ដោយនោះ ​លោកស្រី​អគ្គនាយិកា​អង្គការ​កម្មវិធីស្បៀងអាហារក៏​បាន​ទទូច​​ឱ្យ​ភាគី​ជម្លោះ​ស៊ូដង់​បើកច្រក​មនុស្សធម៌​នាំ​ជំនួយ​ទៅ​ជួយ​ពលរដ្ឋ​ប្រមាណ​៩០%​ទៀត ដែល​កំពុង​ត្រដរ​រស់។

សង្គ្រាម​នៅ​ស៊ូដង់​បាន​ផ្ទុះ​ឡើង​នៅថ្ងៃទី ១៥មេសា​២០២៣។ តាំងពី​មួយឆ្នាំមក​នេះ ពលរដ្ឋ​ស៊ូដង់​បាន​ក្លាយ​ជា​ជ​ន​រងគ្រោះ​នៃ​សង្គ្រាមក្នុង​ផ្ទៃ​ប្រទេស ហើយ​​គ្មាន​នរណា​សូវ​នឹក​ចាប់អារម្មណ៍​ជួយទៀត។ ទើប​តែនៅថ្ងៃ​​នេះ បារាំង សហការជាមួយ​អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​បាន​រៀប​ចំ​សន្និសីទ​មនុស្សធម៌​ឡើង​ ដើម្បី​ដាស់​ស្មារតី​ពិភពលោក​កុំ​ឱ្យ​ភ្លេច​សង្គ្រាម​នៅស៊ូដង់ ដែល​ញាំញី​​ក្នុង​​ប្រទេសអាហ្វ្រិក​មួយ​នេះ​អស់​ពេល​មួយ​ឆ្នាំ​គត់​ហើយ។ មាន​តែ​សម្ពាធ​អន្តរជាតិ​ប៉ុណ្ណោះ ដែល​អាច​រុញ​ភាគី​ជម្លោះ​ឱ្យ​ចូល​ចរចា​​ផ្អាក​ប្រយុទ្ធ​និង​បញ្ចប់​សង្គ្រាម។ កម្មវត្ថុ​មួយ​ទៀត​នៃ​សន្និសីទ​ គឺ​ប្រមូល​ជំនួយមនុស្សធម៌​បន្ទាន់​​ឱ្យ​បាន​ជាង​១ពាន់​លាន​អឺរ៉ូ ទៅ​ជួយ​ពលរដ្ឋ​ជាង​៣លាន​បួន​សែន​នាក់​ដែល​ត្រូវ​ការ​ស្បៀង​អាហារ​ជា​បន្ទាន់។ សង្គ្រាម​ស៊ូដង់អាច​ជា​ហានិភ័យ​នាំ​ឱ្យ​មាន​អស្ថិរភាព​ដល់​​តំបន់​ស្នែង​អាហ្វ្រិក​ទាំង​មូល​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ