អានតួអត្ថបទ
ភូមា

លោកស្រី​អ៊ុងសាន​ស៊ូជី​​​ចូល​​រួម​​ប្រជុំ​​ក្នុង​​រដ្ឋសភា​​ជា​​លើក​​ទី​​មួយ​​ថ្ងៃ២៣មេសា​

លោក​ស្រី​ អ៊ុងសាន​ស៊ូជី ​ប្រមុខ​​គណបក្ស​​ប្រឆាំង​​គឺ​​សម្ព័ន្ធ​ជាតិ​​ដើម្បី​​លទ្ធិ​​ប្រជាធិបតេយ្យ ​LND​ ដែល​​ទើប​​បាន​​ជាប់​​​ឆ្នោត​​ជា​​​តំណាងរាស្រ្ត​​នៅ​​ឱកាស​​បោះ​ឆ្នោត​​សភា​​កាលពី​​​ថ្ងៃ​​ទី​​១​​មេសា​​២០១២​​កន្លង​ទៅ​​នេះ​នឹង​​​ឡើង​​​កាន់​​​កាប់​​​​អាសនៈ​​​របស់​​ខ្លួន​​​ជា​​លើ​ក​​ទី​មួយ​​​នៅ​​ក្នុង​​​រដ្ឋ​សភា​​​​​នៅ​​ថ្ងៃ​​ទី​​២៣​​មេសា​​ខាង​​មុខ​​-នេះ​​ជា​​ការ​​គូស​​បញ្ជាក់​​របស់​​អ្នក​​នាំ​​ពាក្យ​​នៃ​គណបក្ស​​LND។​  

លោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សប្រឆាំងភូមា​​
លោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សប្រឆាំងភូមា​​ Reuters/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ជ័យលាភី​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព លោកស្រី​អ៊ុងសាន​ស៊ូជី ដែល​បាន​ជាប់​ឆ្នោត​​ជា​តំណាងរាស្រ្ត​នៅ​មណ្ឌល បោះ​ឆ្នោត​នៅ​​តំបន់​ជនបទ Kawhmu ជិត​ទីក្រុង​រ៉ង់ហ្គូន នឹង​បង្ហាញ​ខ្លួន​​ជា​លើក​ទី​មួយ ក្នុង​ឋានៈ​ជា​អ្នកតំណាង​រាស្ត្រ​ភូមា-នេះ​ជា​ការ​គូស​បញ្ជាក់​របស់​​លោក Nyan Win អ្នក​​នាំ​ពាក្យ​​របស់​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ​​(LND) គណបក្ស​ប្រឆាំង​របស់​លោក​ស្រី ​ស៊ូជី ប្រាប់​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​ចន្ទ​៩​មេសា​នេះ។

គួររំលឹកថា លោកស្រី ស៊ូជី ​ធ្លាប់​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​លំនៅ​ឋាន​១៥​ឆ្នំា​ក្នុង​អំឡុង​​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​ប៉ុន្តែ​ត្រូវ​បាន​របប​ថ្មី​នៃ​លោក​ប្រធានាធិបតី​​និង​ជា​អតីត​ឧត្តម​សេនីយ៍ ​ថេនសេន ដែលបាន​​ឡើង​កាន់​អំណាច​​តាំង​ពី​មួយ​ឆ្នាំ​កន្លង​មកហើយ អញ្ជើញ​​ឲ្យ​មក​ចូល​​រួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ស្របច្បាប់​មួយ​ ដើម្បី​ចូលរួម​​កសាង​និង​ផ្សះផ្សា​ជាតិ។

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​រដ្ឋសភា​ភូមា បាន​អះអាង​​ថា ”គាត់​​​បាន​​អញ្ជើញ​សមាជិក​រដ្ឋ​សភា​​ទាំង​អស់​​រួម​ទាំង​​លោកស្រី​អ៊ុងសាន​ស៊ូជី​​ផង​ ​ឲ្យ​មក​ចូល​រួម​ប្រជុំ​នៅ​រដ្ឋសភា​​នៅ​ថ្ងៃ​២៣​​មេសា​ខាង​មុខ​នេះ។
សូមបញ្ជាក់ថា គណបក្ស ​(LND)​របស់​លោកស្រី​ស៊ូជី ​បាន​ទទួល​ជ័យ​ជំនះ​ដ៏​​ធំធេង​​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​មួយ​ភាគ​​នៅ​ថ្ងៃ​១​មេសា​នោះ​ ​ដោយ​ដណ្តើម​​យក​បាន​ ​​៤៣​​​អាសនៈ​ក្នុង​ចំណោម​​អាសនៈទាំង​៤៤ ។ គណបក្ស​(LND) ចាប់ពី​អំណើះ ​តទៅ ​បាន​ក្លាយ​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​​ទី​មួយ​នៅ​ភូមា មួយ​ឆ្នាំ​កន្លះបន្ទាប់ពី ​របបសឹក​ភូមា​បាន​ទទួល​ជ័យ​ជំនះ​ដ៏​គគ្រឹក​គគ្រេង​នៅ​ក្នុង​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​​នៅ​​ខែ​វិច្ឆិកា​២០១០​-ការ​បោះ​ឆ្នោត​ដែល​គណបក្ស​(LND) ធ្វើ​ពហិការ​មិន​ចូល​រួម។

ចំណែក​គណបក្ស​សាមគ្គី​និង​អភិវឌ្ឍន៍​​សហភាព (USDP) ដែលឧប្បត្តិក​ឡើង​ទាំង​ស្រុង​​​ ដោយ​​អតីត​របប​សឹកជំនាន់​នោះ បាន​ប្រកាស​ថា ​គណបក្ស​របស់​ខ្លួន​ដណ្តើម​បាន​អាសនៈ​សភា​ចំនួន​៨០%​-ហើយ ​សមាជិក​សភា​ចំនួន​១/៤ ​សុទ្ធតែ​ជា​ពួក​យោធា​ដដែល។​

នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​មួយ​ភាគ​លើក​នេះ គណបក្សសាមគ្គី​និង​អភិវឌ្ឍន៍​​សហភាព (USDP)នេះ  ​ដណ្តើម​បាន​អាសនៈ​​តែ​មួយ​គត់​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​​តែ​មួយ​គត់​​ដែល​ពុំ​មាន​បេក្ខជន​របស់​គណបក្សប្រឆាំង។

ការបោះឆ្នោតសភាទី១​មេសា​កន្លង​ផុត​ទៅ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា ​test​មួយ​ ដើម្បី​ពិសោធ​ចង់ដឹង​​ភាព​ស្មោះត្រង់​​នៃ​​កំណែ​ទម្រង់​​ធ្វើដោយ​របបថ្មី និង​បាន​ទទួល​ការ​ស្វាគមន៍​​​ពី​សហគមន៍​អន្តរជាតិផងដែរ។
ដើម្បីបង្ហាញក្តីសោមនស្សពេញចិត្ត​របស់​ខ្លួន​ សហរដ្ឋអាមេរិក បានសន្យាថានឹង​ « សម្រាល​ »​ទណ្ឌកម្មរឹតត្បិត​ការធ្វើ​វិនិយោគ​​ទុន​​​នៅប្រទេស​ភូមានិង​តែង​តាំង​ឲ្យ​​បានឆាប់រហ័ស​ឯកអគ្គរដ្ឋទូតមួយរូប​ឲ្យ​ទៅ​​ប្រចាំ​នៅ​ប្រទេស​ភូមា៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ