អានតួអត្ថបទ
អូស្រ្តាលី

អូស្ត្រាលី​​តវ៉ា​​ឥរិយាបថ​​របស់​​ឥណ្ឌូនេស៊ី​​ចំពោះ​​អ្នកទោស​​អូស្ត្រាលី​

អូស្ត្រាលី​​ទើប​តែ​​បាន​ធ្វើ​ការ​តវ៉ា​​ទៅ​កាន់​​ស្ថានទូត​​ឥណ្ឌូនេស៊ី​​ប្រចាំ​​ទីក្រុង​​កង់​បេ​រ៉ា​ ចំពោះ​​ឥរិយាបថ​​របស់​​ប៉ូលីស​​ឥណ្ឌូនេស៊ី ​ដែល​​ប្រព្រឹត្ត​​ទៅលើ​​អ្នកទោស​​ជាតិ​​អូស្ត្រាលី​​ពីរ​នាក់​។ ​នេះ​​បើ​តាម​​ការ​​ឲ្យ​​ដឹង​​ពី​​លោក​នាយក​រដ្ឋមន្ដ្រី​​អូស្ត្រាលី​ ថូ​នី ​អា​ប៊​ត ​នៅ​​ថ្ងៃ​​សុក្រ​​នេះ​។ ​ការ​តវ៉ា​​របស់​​អូស្ត្រាលី​​នា​ពេលនេះ ​ធ្វើ​ឡើង​​ចំ​ពេល​​ដែល​មាន​​ពាក្យ​​ចចាម​អារ៉ាម​​ថា​​ ការ​កាត់​ទោស​​ប្រហារ​ជីវិត​​អ្នកទោស​​ជាតិ​​អូស្ត្រាលី​​ទាំង​ពីរ​នាក់​​នោះ ​អាច​​នឹង​​ពន្យារ​​ពេល​​ដល់​ទៅ​១០ថ្ងៃ​​ឯណោះ​។​

Andrew Chan (c.) et Myuran Sukumaran (g.) lors d'une audience devant la cour de Denpasar, en Indonésie, en octobre 2010.
Andrew Chan (c.) et Myuran Sukumaran (g.) lors d'une audience devant la cour de Denpasar, en Indonésie, en octobre 2010. REUTERS/Nyoman Budhiana/Antara Foto
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្មខ្លាំងៗពី​អូស្ត្រាលី​ផ្ទុះឡើង​ភ្លាម ក្រោយពី​មានការ​បែកធ្លាយ​រូបថត​ពីរ​សន្លឹក របស់​អ្នកទោស​ជនជាតិ​អូស្ត្រាលី២នាក់ ដែល​ត្រូវបញ្ជូន​តាម​យន្តហោះ​ទៅកាន់​កោះ​ហ្សា​វ៉ា កាលពី​ថ្ងៃ​ពុធ ដើម្បី​រង់ចាំ​ការប្រហារជីវិត។ រូបថត​មួយ​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​ពី​ស្នងការ​ប៉ូលីស​របស់​ឥណ្ឌូនេស៊ី លោក Djoko Hari Utomo ដែល​កំពុង​ដាក់​ដៃ​លើ​ខ្នង​អ្នកទោស​ម្នាក់ ព្រមទាំង​ញញឹម​យ៉ាង​ស្រស់​មកកាន់​កា​ម៉េ​រ៉ា។ រូបថត​មួយ​សន្លឹក​ទៀត បង្ហាញ​ពី​លោកស្នងការ​ប៉ូលីស​ដដែល យកដៃ​ដាក់​លើ​ស្មា​អ្នកទោស​អូស្ត្រាលី​ម្នាក់ទៀត ដែល​កំពុងតែ​ងើយ​មុខ​សម្លឹង​មកកាន់​លោកស្នងការ។

នៅក្នុង​រូបថត​ទាំងពីរ​សន្លឹក​នោះ គេ​ក៏​បានឃើញ​ផងដែរ ក្រុម​ប៉ូលីស​ឥណ្ឌូនេស៊ី​ដែល​ស្ថិតក្នុង​ឯកសណ្ឋាន​ខ្មៅ ពាក់មួក​ការពារ ព្រមទាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ផង អង្គុយ​ពេញ​ត្រៀបត្រា​ពេញ​យន្តហោះ។ ការ​បែកធ្លាយ​រូបថត​ពី​ក្នុង​យន្តហោះ​យ៉ាង​ដូច្នេះ ត្រូវបាន​អូស្ត្រាលី​ហៅថា ជាការ​ប្រមាថ។

នៅ​ថ្ងៃ​សុក្រ ទី០៦ខែមីនា​នេះ នាយករដ្ឋមន្ដ្រី​អូស្ត្រាលី លោក​ថូ​នី អា​ប៊​ត មានប្រសាសន៍ប្រាប់​អ្នកកាសែត​អំពី​រូបថត​ដែល​បែកធ្លាយ​ថា វា​ជា​រឿង​មិន​សមរម្យ និង​បានបង្ហាញ​ពី​ការខ្វះ​ការគោរព និង​សេចក្ដីថ្លៃថ្នូរ។ លោក​បន្តថា អូស្ត្រាលី​បានធ្វើ​ការតវ៉ា​ទៅកាន់​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​កង់​បេ​រ៉ា​រួចហើយ អំពី​រឿងនេះ។

គួររំលឹកថា អ្នកទោស​ជនជាតិ​អូស្ត្រាលី​ចំនួន២នាក់ ត្រូវបាន​តុលាការ​ចេញ​សាលក្រម​កាត់ទោស​ប្រហារជីវិត​កាលពី​ឆ្នាំ២០០៦ ពីបទ​ដឹកនាំ​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​ពី​ឥណ្ឌូនេស៊ី​ទៅ​អូស្ត្រាលី។ ទីក្រុង​កង់​បេ​រ៉ា បានស្នើ​ដោះដូរ​អ្នកទោស​ជាមួយ​ទីក្រុង​ចា​កាតា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៥មីនា ប៉ុន្តែ​ត្រូវ​សំណើរ​នេះ ត្រូវបាន​ទីក្រុង​ចា​កាតា​បដិសេធ​មិន​ទទួលយក​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ