អានតួអត្ថបទ
ភូមា

លោកស្រី អ៊ុង សានស៊ូជី ប្រកាសបេក្ខភាព​ប្រធានាធិបតី ឆ្នាំ២០១៥

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង​ភូមា​ អ៊ុង សានស៊ូជី បាន​ប្រកាស​​​ជូន​ដំណឹង​ ថា​លោកស្រី​នឹង​​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ ក្នុង​សម័យ​បោះឆ្នោត​​ប្រធានាធិបតី ឆ្នាំ​២០១៥។ កា​របោះឆ្នោតដែល​អាច​ចាត់ទុក​ថា​ការ​បោះឆ្នោត​ដោយ​សេរី​ ជា​លើក​ទី​មួយ គិត​តាំង​ពី ៥០​ឆ្នាំ​មក។

លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង​ភូមា​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខនារី​ប្រធានាធិបតី
លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង​ភូមា​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខនារី​ប្រធានាធិបតី © Reuters
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​ចង់​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី ! ជា​ការ​​សម្រេច​ចិត្ត​ដ៏​ច្បាស់​លាស់​ !” នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ អ៊ុង សានស៊ូជី ​​​​ក្នុង​​សន្ទរកថា នៅ​ចំពោះ​មុខ​​វេទិកា​សេដ្ឋកិច្ច​អាស៊ី ដែល​ភូមា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ជា​លើក​ទី​មួយ និង​ដែល​មាន​ប្រតិភូ​​ជា​មួយ​ពាន់​នាក់​មក​ពី​ប្រទេស​ជាង​៥០​។

ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាពឆ្នាំ​១៩៩១​ និង​បានក្លាយ​ជា​​សមាជិក​សភា​​ភូមា តាំង​ពី​​​ខែ​​មេសា​ឆ្នាំ​២០១២មក ​​លោកស្រី អ៊ុងសាន​ស៊ូជី ទើ​ប​ត្រូវ​បានទទួល​ការ​គាំទ្រ​និង​​ជ្រើសតាំង​ ជា​ឯកច្ឆ័ន្ទ ​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ ជា​ថ្មី​ទៀត កាលពី​ខែ​មីនា ២០១៣ ដែល​អនុគ្រោះ​កាន់​តែ​ខ្លាំង​ដល់​ការ​ឈរ​ឈ្មោះ​ជា​បេក្ខនារី​ប្រធានាធិបតី។ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពីរ​ឆ្នាំ​ទៀត​ខាង​មុខ (២០១៥)ជាការ​​រង់ចាំ​បំផុត​ មិន​ថា​សម្រាប់​​បណ្តាជន​ភូមា ឬ​​សហគមន៍​អន្តរជាតិ​ទេ។ ព្រោះ​នេះ​អាច​ចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​ដោយ​សេរី​ជា​លើក​ទី​មួយ​ នៅ​ភូមា​ គិត​ចាប់​ពី​ជាង​៥០​ឆ្នាំ​មក និង​ជា​ឱកាស​តែ​មួយ​ដែល​លោកស្រី ​អ៊ុងសានស៊ូជី​ អាច​ទទួល​ជោគជ័យ​ និង​ដឹកនាំ​ប្រទេស​ បន្ត​ពី​រដ្ឋាភិបាល​ចាស់​ជា​យោធា​ ទើប​រំលាយ​ខ្លួន​មក​ស៊ីវិល​នៅ​ឆ្នាំ​២០១១។

ប៉ុន្តែ​ លោកស្រី​ អ៊ុង​សានស៊ូជី ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដ៏​ធំ​មួយ គឺ​រដ្ឋធម្មនុញ្ញ ! រដ្ឋធម្មនុញ្ញ​ភូមា បាន​ចែង​យ៉ាង​ច្បាស់​ ហាមឃាត់​​មិន​​ឱ្យ​ជន​ភូមា​រៀប​ការ​ជាមួយ​បរទេស​ អាច​ឈរ​​ឈ្មោះប្រកួត​ប្រជែង​យក​តំណែង​កំពូល​បាន​ឡើយ។ ដូច្នេះ​ដើម្បី​អាច​សម្រេច​សេច​ក្តី​ប្រាថ្នា​នេះ​​បាន លោកស្រី​អ៊ុងសានស៊ូជី ត្រូវ​រំពឹង​ទៅ​លើ​​​កែប្រែ​ច្បាប់រដ្ឋធម្មនុញ្ញ​សិន ព្រោះ​លោក​ស្រី​មាន​ស្វាមី​ ដែល បាន​ទទួល​មរណភាព​​ ​ ​ជាជនជាតិ​អង់គ្លេស។ កូន​ទាំង​ពីរ​នាក់​របស់​លោក​ស្រី​ក៏​ជា​​ជាតិអង់គ្លេស​ និង​រស់​នៅ​អង់គ្លេស​ជា​រៀង​រហូត​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ