អានតួអត្ថបទ
ចិន

សញ្ញា​បី​បញ្ជាក់​​ពីការ​ធ្លាក់​ស្រុត​ចុះ​​នៃ​​កំណើន​​សេដ្ឋកិច្ច​​ចិន

ទីក្រុង​ប៉េកាំង​បាន​ផ្សាយ​នៅ​ថ្ងៃសៅរ៍​ទី៩​មិថុនា​ឆ្នាំ២០១២នេះ​ឲ្យដឹង​ពី​សញ្ញា​បី​ដែល​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​ធ្លាក់​ស្រុតចុះ​នៃ​កំណើន​សេដ្ឋកិច្ចចិន​នៅ​ខែឧសភា​កន្លងទៅ។​ សញ្ញា​ទាំងបីនោះ​មាន៖​ ​ ការកើនឡើង​នៃ​ផលិតផល​ឧស្សហកម្ម​ចិន​ដែល​មាន​អត្រា​តិចជាង​១០%​សម្រាប់​រយៈពេល​ពីរខែ​ចុងក្រោយ​នេះ​បន្ត​បន្ទាប់​គ្នា។​ ការធ្លាក់​ចុះ​នៃ​ពាណិជ្ជកម្ម​លក់រាយ​ ​ ហើយនិង​ការថយ​ស្រុតចុះ​នៃ​ការបោះ​ទុន​ធ្វើ​វិនិយោគ។

លោក​ប្រធានាធិបតីចិន​ ហ៊ូ​ ជិនតាវ​
លោក​ប្រធានាធិបតីចិន​ ហ៊ូ​ ជិនតាវ​ REUTERS/Herwig Prammer
ផ្សាយពាណិជ្ជកម្ម

ផលិតផល​ឧស្សាហកម្មចិន​បាន​កើនឡើង​ទាបជាង​១០%​ក្នុង១ឆ្នាំ​សម្រាប់​ខែឧសភា​ឆ្នាំ២០១២​ពោលគឺ​មាន​៩,៦%​ទល់នឹង​៩,៣%​សម្រាប់​ខែមេសា​ឆ្នាំ២០១២។​ ដូច្នេះ​ឃើញថា​ ពីរខែ​បន្ត​បន្ទាប់​គ្នា​ដែល​ផលិតផល​ឧស្សាហកម្មចិន​មាន​កំណើន​តិចជាង​១០%​ក្នុង១ឆ្នាំ។​ នេះបើយោង​តាម​តួលេខ​របស់​ការិយាល័យ​ជាតិ​ខាងស្ថិតិ​ដែលបាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍នេះ។

 
នៅខែ​មេសា​កន្លងទៅ​ សភាព​ទន់ខ្សោយ​នៃ​ផលិតផល​ឧស្សាហកម្ម​ចិន​បាន​ធ្វើឲ្យ​អ្នកវិភាគ​ជាច្រើន​កើតមាន​ក្តី​​បារម្ភ​ម្តង​រួចទៅ​ហើយ។​ អត្រា​នៃ​កំណើន​ផលិតផល​ឧស្សាហកម្ម​ចិន​បាន​ធ្លាក់​មកនៅ​កម្រិត​មួយ​ដ៏ទាប​ពុំដែល​កើតមាន​ ចាប់តាំង​ពី​ខែ​ឧសភា​ឆ្នាំ២០០៩មក។​ ជាពិសេស​ក្នុងខណៈ​ដែល​ អត្រា​នៃ​កំណើន​ផលិតផល​ឧស្សាហកម្ម​ចិន​បាន​កើនឡើង​ដល់​១១,៦%​ក្នុង១ឆ្នាំ​នៅ​ត្រីមាស​ទី១​ឆ្នាំ២០១២​កន្លង​ទៅនេះ។

ចំណែកឯ​ការបោះ​ទុន​ធ្វើ​វិនិយោគ​នៅក្នុង​តំបន់​ទីក្រុង​ចិនវិញ​បាន​កើនឡើង​២០,១%​សម្រាប់​រយៈកាល​ប្រាំខែ​នៃឆ្នាំ២០១២​កន្លង​ទៅនេះ។ ​នេះបើ​គេ​ប្រៀបផ្ទឹម​ទៅនឹង​កំណើន​នៃ​ការបោះ​ទុន​ធ្វើ​វិនិយោគ​សម្រាប់​រយៈពេល​ដដែល​នៅឆ្នាំ២០១១។

គួរបញ្ជាក់ថា​ ​ ការបោះទុន​ធ្វើ​វិនិយោគ​ដែល​តំណាង​ដល់ទៅ​ជាង​៥០%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​ចិន​ ​ បាន​ឆ្លៀត​ទាញយក​ផល​ពី​វិធានការ​របស់​រដ្ឋាភិបាល​នៃ​ទីក្រុង​ប៉េកាំង​ដើម្បី​ជួយ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ ​ ជាពិសេស​តាមរយៈ​ការសាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ។

រីឯ​វិស័យ​ពាណិជ្ជកម្ម​លក់រាយ​ ដែល​អនុញ្ញាត​ឲ្យ​គេ​វាស់ដឹង​ពី​ជោគជ័យ​នៃ​វិធានការ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ជួយ​ជំរុញ​ ឲ្យ​មាន​សន្ទុះ​ក្នុង​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​ ​ បាន​កើនឡើង​តែ​១៣,៨%​ប៉ុណ្ណោះ​ក្នុង១ឆ្នាំ​សម្រាប់​ខែឧសភា​កន្លងទៅ​ទល់នឹង​១៤,១%​សម្រាប់​ខែមេសា​ឆ្នាំ២០១២។​ គឺ​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​នេះឯង​ដែល​រដ្ឋាភិបាល​ចិន​រំពឹង​ថា​អាច​ជួយ​អូស​ទាញ​ម៉ាស៊ីន​សេដ្ឋកិច្ចចិន​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ ​ ហើយដែល​បច្ចុប្បន្ននេះ​រំពឹង​ខ្លាំង​ទៅលើ​ការបោះទុន​ធ្វើ​វិនិយោគ​ ​ ហើយនិង​ការនាំ​ផលិតផល​ឧស្សាហកម្ម​ចេញ​ទៅលក់​ក្រៅប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ