អានតួអត្ថបទ
បង់ក្លាដែស

ផ្លូវដើរ​​ដើម្បី​​កែប្រែ​​ល័ក្ខខ័ណ្ឌ​​ការងារ​​កម្មករ​​បង់ក្លាដែស​​នៅ​​វែងឆ្ងាយ​​ណាស់​​

គ្រោះ​ថ្នាក់​បាក់រលំអគារពាណិជ្ជកម្ម​ Rana Plaza នៅប្រទេស​បង់ក្លាដែស កាល​​ពី​ថ្ងៃ​២៤​មេសា ​​ដែល​បាន​សម្លាប់​មនុស្ស​​ជាង​១០០០​នាក់​​​នោះ បាន​ធ្វើ​អោយ​​ក្រុមហ៊ុនយីហោ​បរទេសនានា​​​ដែល​​បញ្ជាទិញ​សម្លៀកបំពាក់នៅ​​​​បង់ក្លាដែស​​ មាន​ការតក់ស្លុត​ខ្លាំង។ ប៉ុន្តែ គ្រោះថ្នាក់​នេះ​ហាក់​នៅ​​​មិនទាន់​​អាច​ធ្វើ​អោយ​មាន​ការ​កែប្រែ​​ល័ក្ខខ័ណ្ឌ​ការងារ​កម្មករ​រោងចក្រកាត់ដេរ​នៅឡើយ​ទេ។  

ការ​​បាក់រលំអគារពាណិជ្ជកម្ម​​​​ Rana Plaza កាលពី​ថ្ងៃ​២៤​មេសា បាន​សម្លាប់​មនុស្ស​ជាង​១០០០នាក់​។
ការ​​បាក់រលំអគារពាណិជ្ជកម្ម​​​​ Rana Plaza កាលពី​ថ្ងៃ​២៤​មេសា បាន​សម្លាប់​មនុស្ស​ជាង​១០០០នាក់​។ REUTERS
ផ្សាយពាណិជ្ជកម្ម

មនុស្ស​​ជាង​១០០០នាក់​ ដែល​​រងគ្រោះ​ក្នុង​ការ​​បាក់រលំអគារពាណិជ្ជកម្ម​​​​ Rana Plaza នៅបង់ក្លាដែស​នោះ​ សុទ្ធ​តែ​ជា​កម្មករ​​កាត់ដេរ​ដែល​​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​អោយ​ក្រុមហ៊ុន​យីហោ​បរទេស​​ល្បីៗ​ ដែល​មាន​ដូច​ជា Mango រឺ​ក៏ Benetton ជាដើម។

មិនទាន់ដល់​ពីរ​អាទិត្យ​ផង​ បន្ទាប់​ពី​​អគារពាណិជ្ជកម្ម​កម្ពស់​៩​ជាន់​នេះបាន​បាក់រលំ​​​​​​ អគ្គិភ័យ​រោងចក្រ​កាត់ដេរ​មួយកន្លែង​​បាន​កើតឡើង​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សម្លាប់​មនុស្ស​៨នាក់។​ ជាសំណាង​ល្អ​ ដោយសារតែ​អគ្គិភ័យ​​​កើតឡើង​នៅពេល​យប់​ ជាពេល​គ្មាន​មនុស្ស​ធ្វើការ​នោះ គ្មាន​កម្មករ​ណាម្នាក់​ត្រូវ​ស្លាប់​នោះទេ។

បន្ទាប់​ពីមាន​គ្រោះថ្នាក់ទាំងនោះ​មក រដ្ឋាភិបាល​​ប្រទេស​នានា​​​នៅទូទាំង​ពិភពលោក​ បាន​​ដាក់​កំហិត​អោយ​មាន​បែបផែន​ការពារ​សុវត្ថិភាព​សន្តិសុខ​អោយ​បាន​តឹងរ៉ឺង នៅបង់ក្លាដែស។ សហរដ្ឋអាមេរិក​ដែល​​នាំ​ចូល​​ក្នុង​ស្រុក​នូវ​មួយភាគបី​នៃ​​​​សម្លៀកបំពាក់​ផលិត​​​នៅ​បង់ក្លាដែស​​នោះ ​បាន​ស្នើ​ខ្លួន​ជួយ​បង់ក្លាដែស​តាម​រយៈ​កម្មវិធី​បែប​អន្តរជាតិ​មួយ​ស្តីពី​បទដ្ឋាន​​ការងារ​​រោងចក្រ។ ប៉ុន្តែ រាល់​បំណង​ល្អ​ទាំងអស់​នេះ ហាក់​​ពុំ​​​​ចេញជាលទ្ធផល​អ្វីសោះ​ឡើយ។ សំរាប់​​ក្រុមហ៊ុនបរទេស​នានា បង់ក្លាដែស​​នៅតែជា​ប្រទេស​​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​​លើ​​ផ្នែក​ផលិត​សម្លៀកបំពាក់។ ថ្លៃផលិត​មាន​កម្រិតតិច​ កម្មករ​កាត់ដេរក្នុង​ប្រទេស​នេះ ​ទទួលប្រាក់​ខែ​​តិចតួចបំផុត។

ដូច្នេះ ផ្លូវដើរសំរាប់​បង់ក្លាដែស​​នៅវែង​ឆ្ងាយ​ទៀតណាស់។ នៅពេលនេះ គេ​គ្រាន់តែ​សង្ឃឹម​ថា ​ច្បាប់ដែល​​សមាជិក​សភា​បង់ក្លាដែស​​បាន​អនុម័ត​ដើម្បី​ជួយ​​ដល់​សហជីព​​កម្មករ​អោយ​ទទួល​បាន​​អំណាច​​ទូលំទូលាយ​ជាងមុន​នោះ អាច​នឹង​ជួយ​កែប្រែ​ល័ក្ខខ័ណ្ឌ​ការងារ​​​កាត់ដេរ​បានខ្លះប៉ុណ្ណោះ។

ទោះ​យ៉ាងនេះ​ក្តី គេ​នៅចាំ​បាន​ថា បន្ទាប់​ពី​​មាន​ភ្លើងឆេះ​​រោងចក្រ​មួយ​កន្លែង​ កាលពី​ឆ្នាំ​២០១០​ ធ្វើអោយ​​មនុស្ស​២៩​នាក់​​បាត់បង់ជីវិត​មក សហគ្រាស​រោងចក្រ​នានា និង​សហជីព​កម្មក​រ​បាន​ពិភាក្សា​គ្នា​​ដើម្បី​សំរេច​អោយ​ចេញ​កិច្ច​ព្រមព្រៀងអនុញ្ញាត​អោយ​មាន​ការ​ត្រួតពិនិត្យ​​ជា​​ឯករាជ្យ​មួយ​ នៅ​ក្នុង​រោងចក្រ។ ប៉ុន្តែ​ មានតែ​សហគ្រាសបរទេស​​ចំនួន​ពីរ​ប៉ុណ្ណោះ​​ដែល​បាន​​​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ។ ​រោងចក្រ​កាត់ដេរផលិត​យីហោ​ Gap ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​នោះ​​បាន​ដក​ខ្លួន​ចេញ​ពី​​កិច្ច​ពិភាក្សា​ជាមួយ​សហជីព​​ ដោយ​ប្រាប់​ថា​នឹង​រៀបចំ​កម្មវិធី​​កែលំអ​រោងចក្រ​​​ ​ដែល​មានជា​ទឹកប្រាក់​២០​លាន​ដុល្លារ។

កិច្ច​ព្រមព្រៀង​ជាមួយ​សហជីព​កម្មករ​ជា​បន្លា​ក្នុង​កែវភ្នែក​របស់​សហគ្រាស​បរទេស​ទាំង​អស់​នេះ ព្រោះថា​​​​សំរាប់​ពួកគេ កិច្ច​ព្រមព្រៀង​នេះ​ផ្តល់​អំណាចច្រើន​​ដល់​កម្មករ។ ហើយ​ប្រសិន​បើ​ពួកគេ​ចុះហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀងនេះ​ នោះ​កម្មករ​​នៅ​តាម​បណ្តា​ប្រទេស​​ផ្សេង​​ទៀត​នឹង​ទាមទារ​ដូចគ្នាផង​​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ