អានតួអត្ថបទ
វេណេស៊ុយអេឡា

បេក្ខជន ​Nicolas​ Maduro​ ទទួល​ជោគជ័យ​ បក្ស​ប្រឆាំង​ទាមទារ​អោយ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែល​បាន​ប្រព្រិត្តិ​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ​លោក Nicolas ​Maduro ដែល​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​ បានទទួល​​ជោគជ័យ​​យ៉ាង​ប្រកិតប្រកើយ​ជាមួយ​នឹង​សម្លេង​​​ ៥០,៦៦ ភាគរយ​ ទៅ​​លើ​លោក Heinrique Capriles ដៃគូ​ប្រជែង​​មក​ពី​គណបក្ស​ប្រឆាំង​​​ ដែល​ទទួល​បាន​​សម្លេង​រហូត​ដល់​​​​ ៤៩,០៧ភាគរយ។​ គណបក្ស​ប្រឆាំង​​បាន​បដិសេធ​នឹង​លទ្ធផល​បោះឆ្នោត​នេះ​ ហើយ​បាន​ទាមទារ​អោយ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ។

លោក​ Nicolas Maduro មកពី​គណបក្ស​កាន់​អំណាច​​ ទទួល​​បាន​សម្លេង​​ ៥០,៦៦ ភាគរយ​
លោក​ Nicolas Maduro មកពី​គណបក្ស​កាន់​អំណាច​​ ទទួល​​បាន​សម្លេង​​ ៥០,៦៦ ភាគរយ​ REUTERS/Tomas Bravo
ផ្សាយពាណិជ្ជកម្ម

សម្លេង​​ ៥០,៦៦ ភាគរយ​​របស់គណ​​បក្សកាន់​អំណាច​ ទល់​នឹង​​៤៩,០៧ភាគរយ​​​ដែល​ទទួលបាន​ដោយ​គណបក្សប្រឆាំង​ នេះ​​គឺ​ជា​លទ្ធផលនៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​​នៅ​វេណេស៊ុយអេឡា ដែល​បាន​ប្រព្រិត្តិ​ទៅ​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ គណបក្ស​​កាន់​អំណាច​ទទួល​បាន​​ជោគជ័យ​យ៉ាងប្រកិត​ប្រកើយ​ គឺ​ទទួល​បាន​សន្លឹក​ឆ្នោត​​ប្រហែល​ជា​ ៣សែន​តែ​ប៉ុណ្ណោះ លើ​​​គណបក្ស​ប្រឆាំង​។

លទ្ធផល​នេះ ​បាន​ផ្តល់​ជោគជ័យ​ដល់​បេក្ខជន​​ Nicolas ​Maduro ​អោយ​ឡើង​កាន់​ដំណែង​ជា​ប្រធានាធិបតី​ សំរាប់​អណត្តិ​៦ឆ្នាំ​ ​បន្ត​ពី​​អតីប្រធានាធិបតី Hugo Chavez។​ ​ លទ្ធផល​​ ​នេះ បាន​បង្ក​អោយ​មាន​ភាព​តានតឹង​ក្នុង​ប្រទេស។ គួរ​រំលឹក​ថា វេណេស៊ុយអេឡា​ ​បាន​បែក​ចែក​ជាពីរ​បក្សពួក​ បន្ទាប់​ពី​មាន​ការ​​បះបោរនៅ​ក្នុង​​​​សង្គម​​​​អស់​រយៈ​ពេល​១៤​ឆ្នាំ​ កន្លង​មក​។

បក្ស​ប្រឆាំង​​ដែល​ដឹកនាំ​ដោយ​បេក្ខជន Heinrique Capriles ជា​​​​​​អភិបាល​រដ្ឋ​Miranda  ស្ថិត​នៅ​ភាគ​ខាង​ជើងប្រទេស​ បាន​បដិសេធ​មិន​​​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​ ហើយ​ទាមទារ​អោយ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ។ គួរបញ្ជាក់​ថា នៅ​ពេល​មុន​នេះ​បន្តិច​ ក្រុមប្រឹក្សា​​ជាតិ​ទទួល​បន្ទុក​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រកាស​ថា លោក Nicolas ​Maduro បាន​ទទួល​ជោគជ័យ​​ដ៏លើសលុបជាមួយ​សម្លេង​ ​៩៩ ភាគរយ។ ប៉ុន្តែ​ សមាជិក​​ម្នាក់​នៅ​ក្នុងក្រុមប្រឹក្សា​បាន​ទាមទារ​អោយ​ត្រួតពិនិត្យ​​មើល​ សន្លឹក​ឆ្នោត​ឡើងវិញ។

នៅវេណេស៊ុយអេឡា ប្រជាជន​​បាន​បោះឆ្នោត​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​​។ គណ​បក្ស​ប្រឆាំង​​​​ចង់​អោយ​រាប់​សន្លឹក​ឆ្នោត​​​នៅ​ក្នុង​ម៉ាស៊ីន​ អេឡិចត្រូនិក​នេះ​​ឡើងវិញ។ អ្នកវិភាគ​គិតថា ដោយសារ​តែ​លោក​ Heinrique Capriles​ ជា​​​មេដឹកនាំសំខាន់​របស់​​បក្សប្រឆាំង​​ ការ​ប្រកែក​របស់​លោក​​ មិន​ទទួល​​ស្គាល់​ជោគជ័យ​របស់​បក្ស​កាន់អំណាច​​​​ អាច​នឹង​ធ្វើ​អោយ​សកម្មភាព​​តស៊ូ​​នយោបាយ​របស់​បក្សប្រឆាំងអាច​បន្ត​​ទៅ​​​​ បាន​យូរអង្វែង​​ទៀត។

ទោះ​យ៉ាងនេះ​ក៏ដោយ គណបក្ស​កាន់​អំណាច​​មាន​ការ​សប្បាយ​រីករាយ​នឹង​ជោគជ័យ​របស់​ខ្លួន។ “នៅ​ថ្ងៃ​នេះ យើង​អាច​និយាយបាន​ថា យើង​ទទួលបាន​ជោគជ័យ​មួយ​ប្រកប​ដោយ​យុត្តិធម៌ ស្របតាម​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ។” នេះ​ជា​ការ​លើក​ឡើង​របស់​លោក Nicolas ​Maduro។

ប្រធានាធិបតី​អាហ្សង់ទីន​ លោកស្រី​ Christina Kirchner ជា​ប្រធានាធិបតី​​ទីមួយ​​ ដែល​បាន​​សំដែង​ការ​អបអរ​ចំពោះ​ជោគជ័​យ​របស់​លោក ​ Nicolas ​Maduro។​ ជា​គោលការណ៏​ ប្រសិន​បើ​ លោក​ ​Maduro កាន់​ដំណែង​ជា​ប្រធានាធិបតី​នោះ លោក​ត្រូវ​តែ​ប្រឈម​មុខ​នឹង​សេដ្ឋកិច្ច​ដ៏​ផុយស្រួយ​ ​​ដោយ​សារ​ថា​​បំណុល​​ជាតិ​ ​មាន​ដល់​ទៅពាក់កណ្តាល​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ ហើយ​អតិផរណា​​មាន​ដល់​ទៅ​២០ភាគរយ គឺ​ខ្ពស់​បំផុត​នៅ​អាមេរិក​ឡាទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ