អានតួអត្ថបទ
ប្រេស៊ីល

រដ្ឋា​ភិបាល​ប្រេស៊ីល​និង​ម៉ិក​ស៊ិក​ ស្នើ​អោយ​វ៉ាស៊ីន​តោន​បំភ្លឺ​រឿង​លួច​ស្តាប់​ការ​សន្ទនា​

រដ្ឋមន្ត្រី​ការ​បរទេសប្រេស៊ីល និង​រដ្ឋមន្ត្រី​ការបរទេស​ម៉ិកស៊ិកបាន​កោះហៅឯកអគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិក​ ដើម្បី​ស្នើអោយប្រទេស​មហាអំណាច​មួយនេះ បំភ្លឺព័ត៌មាន​ដែល​ត្រូវ​បាន​គេ​ផ្សាយថា ភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​អាមេរិក​បាន​លបលួច​ស្តាប់ការ​សន្ទនា​តាម​​ទូរស័ព្ទ​របស់​មេដឹកនាំ​​នៃ​ប្រទេស​ប្រេស៊ីល និង​ម៉ិកស៊ិក។

ផ្សាយពាណិជ្ជកម្ម

ការ​កោះហៅនោះ​ត្រូវបាន​ធ្វើ​ឡើង ​នៅ​ថ្ងៃចន្ទ​ម្សិលមិញ។ ប្រមុខការ​ទូត​នៃប្រទេស​ប្រេស៊ីល និង​ម៉ិកស៊ិក​បាន​ផ្ញើ​កំណត់ទូតទៅ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ តាម​រយៈឯកអគ្គរដ្ឋ​ទូតអាមេរិក​ប្រចាំ​នៅក្នុងប្រទេសទាំងនេះ។ កំណត់ទូតដែល​ស្នើអោយ​រដ្ឋាភិបាល​អាមេរិក​បំភ្លឺព័ត៌មាន​ដែល​ត្រូវបាន​ផ្សាយថា ភ្នាក់ងារ​សន្តិសុខជាតិ​របស់​អាមេរិក​បាន​លួច​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​ប្រធានាធិបតី​នៃប្រទេសប្រេស៊ីល និង​ម៉ិកស៊ិក។

រដ្ឋមន្ត្រី​ការបទេស​ប្រេស៊ីល លោក ល្វី ហ្វីហ្គីរេដូ (Luis Figueiredo) បាន​និយាយថា ការ​លបលួច​ចូល​ក្នុងប្រព័ន្ធ​ទិន្នន័យរបស់​លោកប្រធានាធិបតី ឌីលម៉ា រូសេហ្វ (Dilma Rousseff) គឺជាការ​​រំលោភ​អធិបតេយ្យភាព​របស់​ប្រេស៊ីល។ នៅឯប្រទេសម៉ិកស៊ិកឯណោះវិញ រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេសនេះ​ បាន​សរសេរ​នៅ​ក្នុង​កំណត់ទូតអំពាវនាវ​អោយ​​អាមេរិក​បើក​ការ​ស៊ើបអង្កេត​ទៅលើ​ព័ត៌មាន​ដែល​ថា ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក​បាន​តាម​ដានទៅលើ​លោកប្រធានាធិបតី អេនរីក ពេណា នីតូ (Enrique Pena Nieto)។ រដ្ឋាភិបាល​ម៉ិកស៊ីក​បាន​ព្រមាន​អាមេរិក​ថា ប្រសិនបើ​​ព័ត៌មាន​ស្តីពីការជ្រៀតជ្រែក​​លួចទិន្នន័យ​របស់​មេដឹកនាំ​ម៉ិកស៊ិកនេះ​ គឺជាការ​ពិត​នោះ នេះគឺ​ការ​រំលោភ​លើច្បាប់​អន្តរជាតិ​ហើយ។

គួរ​បញ្ជាក់ថា ព័ត៌មាន​ស្តីពីការ​លបលួចរបស់ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក ​យក​ទិន្នន័យ​របស់​មេដឹកនាំនៃបណ្តា​ប្រទេស​ក្នុង​ទ្វីប​អាមេរិកឡាទីន ត្រូវ​បាន​បញ្ចេញដោយ​អ្នកកាសែត​ជនជាតិ​អាមេរិកឈ្មោះ Greenwald ដែល​អះអាងថា បាន​ទទួល​ឯកសារ​សម្ងាត់​ពី​យុវជន Edward Snowden។ យុវជន​ Snowden បាន​ក្លាយ​ជា​បុគ្គល​ដ៏​ចម្រូងចម្រាស​ បន្ទាប់ពី​​រូបគេ​បានទម្លាយ​ឯកសារ​ដែល​បញ្ជាក់ថា ក្រុម​ចារកិច្ច​របស់​អាមេរិក​បាន​លួច​ស្តាប់​ការ​សន្ទនា និង​លួច​ទិន្នន័យរបស់​រដ្ឋាភិបាល​ជាច្រើន​នៅ​ក្នុង​ពិភពលោក រាប់ទាំង​រដ្ឋា​ភិបាល​នៅ​អឺរ៉ុប​ផង​ដែរ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ