អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក​បញ្ជូន​យានអវកាស​គ្មាន​មនុស្ស​មួយគ្រឿង​ ទៅ​កាន់​ឋាន​ព្រះចន្ទ​

នៅយប់ថ្ងៃសុក្រ​ម្សិលមិញ​នេះ អង្គការ​ណាសា​​បាន​បាញ់បញ្ជូន​​​​យានអវកាស​គ្មានមនុស្ស មួយគ្រឿង ឈ្មោះថា ឡាដេ LADEE ឡើងទៅឋានព្រះចន្ទ ដើម្បី​ធ្វើការ​សិក្សា​ពី​ភាពអាថ៌កំបាំង​នៃ​បរិយាកាស​ដ៏ស្រាល នៅឋានព្រះចន្ទ។ ​បេសកកម្ម​​យានអវកាស​នេះ ធ្វើឡើង​ បន្ទាប់ពី​អ្នកអវកាស​​អាមេរិក​ចុងក្រោយ​បង្អស់​នៃ​កម្មវិធី​អាប៉ូឡូ​ បាន​ចាកចេញ​ពី​ឋានព្រះចន្ទ​ កាលពី​៤០ឆ្នាំ​មុន។ បេសកកម្ម​យានអវកាស​ឡាដេ អាច​នឹង​ជួយ​ផ្តល់ការ​យល់ដឹងពី​វត្ថុ​ផ្សេងៗ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​ ដូចជា​អាចមន៍​ផ្កាយ រឺ​ក៏​ភពពុធ​ផងដែរ។

យានអវកាស​LADEE​ មុននឹង​ត្រូវ​បង្ហោះ​​ចេញ​ពី​​កោះមួយ​ នៅក្បែរ​ឆ្នេរ​សមុទ្រ​រដ្ឋ Virginia ​ដើម្បី​ឡើងទៅ​ឋាន​ព្រះចន្ទ។
យានអវកាស​LADEE​ មុននឹង​ត្រូវ​បង្ហោះ​​ចេញ​ពី​​កោះមួយ​ នៅក្បែរ​ឆ្នេរ​សមុទ្រ​រដ្ឋ Virginia ​ដើម្បី​ឡើងទៅ​ឋាន​ព្រះចន្ទ។ REUTERS/NASA/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

យានអវកាស​ដែល​អង្គការ​ណាសា បានបញ្ជូនទៅ​ឋានព្រះចន្ទ​កាលពី​យប់ថ្ងៃសុក្រ មាន​ទំហំ​ស្មើ​នឹង​រថយន្តតូច​មួយ ​គឺ​មាន​ទំងន់​៣៨៣គីឡូក្រាម មានទិសដៅ​​សិក្សា​ពីបរិយាកាស​​ឋានព្រះចន្ទ។ គឺ​ជាយានអវកាស​គ្មានមនុស្សនៅ មានឈ្មោះថា « បរិយាកាស​ឋានព្រះចន្ទ និង​អ្នករុករក​ធូលីនៃបរិដ្ឋាន » ហៅកាត់ថា LADEE។

យានអវកាស​ LADEE ត្រូវ​ចំណាយពេល​១ខែ ដើម្បី​ធ្វើដំណើរ​​ទៅដល់​គន្លង​ឋានព្រះចន្ទ។ ​ LADEEនឹង​ប្រមូលយក​ទិន្នន័យ​​នៃប្រព័ន្ធ​និង​ធាតុផ្សំ​គីមី​ដែល​មាន​ក្នុង​បរិយាកាស​នៅឋានព្រះចន្ទ។ កំហាប់​បរិយាកាស​នៅទីនោះ​ គឺស្រាលខ្លាំងណាស់ គិតទៅ​គឺ​មាន​ត្រឹមតែកម្រិត​មួយភាគ​មួយសែន (១/១​០០០ ០០០) នៃកំហាប់​ផែនដីប៉ុណ្ណោះ។ អាមេរិក​ចង់​ដឹង​ថា តើកំទេច​ធូលី​អាច​នឹង​​ទើរ​ជាប់នៅទីនោះ រឺក៏ទើរ​ជាប់​ក្បែរ​ដី​ទីនោះដែរ រឺ​យ៉ាងណា។ ជាពិសេស​ទៅទៀត​នោះ​ កំទេចធូលីប្រហែល​ជា​​អាច​​ជួយពន្យល់​អ្នកវិទ្យាសាស្ត្រ​ ​ពី​ភាពអាថ៌កំបាំង​នៃពន្លឺ​ព្រឹមៗ​ ដែល​អ្នកអវកាស​កម្មវិធី​អាប៉ូឡូ ធ្លាប់​បាន​សង្កេតឃើញ ក្នុង​ចន្លោះឆ្នាំ​១៩៦៩ និង​ឆ្នាំ​១៩៧២ នៅ​ជើងមេឃ គឺមុនពេល​ថ្ងៃរះ។

កាលពី​ឆ្នាំ​២១០២ អង្គការ​ណាសាក៏​​ធ្លាប់​បាន​​បញ្ជូន​​យានអវកាស​ភ្លោះ​ពីរគ្រឿង ឈ្មោះថា GRAIL ទៅឋានព្រះចន្ទផងដែរ​ ដើម្បី​ស្វែងរក​​ភាពអាថ៌កំបាំង​នៅក្នុង​ឋានព្រះចន្ទ​ និង​វាស់វែង​ដែនកំលាំង​ស្រូបទាញ​ទីនោះ។

អាមេរិក​ចង់​សិក្សា​ពី​បរិយាកាស​ឋានព្រះចន្ទ​ អោយបាន​មុន​បេសកម្ម​រុករក​ផ្សេងៗទៀត ដែលបេសកកម្មទាំងនោះ អាច​នឹង​ប៉ះពាល់​បរិដ្ឋានដ៏ផុយស្រួយ​នៃឋានព្រះចន្ទ។ យោងតាម​អង្គការ​ណាសា សូម្បី​តែការចុះចត​ឧបករណ៍តូចមួយ ​ក៏អាចប៉ះពាល់​ដល់​ឋានព្រះចន្ទបានដែរ។ កាលពី​សប្តាហ៍​មុន ចិន​បាន​ប្រកាស​ថា នឹង​បញ្ជូន​យានអវកាស​ខ្លួនទៅឋាន​ព្រះចន្ទ​ យ៉ាងយូរ​បំផុត​ចុងឆ្នាំ​២០១៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ