អានតួអត្ថបទ
អាមេរិក-អវកាស

Neil Armstrong អវកាសយានិក​ដែល​បាន​ជាន់​ដី​ព្រះចន្ទ​មុនគេ ទទួល​មរណភាព​ក្នុង​វ័យ​៨២ឆ្នាំ

លោក Neil Armstrong អវកាសយានិក​អាមេរិក ដែល​មាន​ឈ្មោះ​ល្បី​សុះសាយ​ពាសពេញ​ពិភពលោក បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្នុង​វ័យ ៨២ឆ្នាំ ក្រោយ​ពី​បាន​ទទួល​ការ​វះកាត់​បេះដូង កាល​ពី​​ដើមខែ​សីហា​នេះ។ លោក Armstrong ត្រូវ​គេ​ស្គាល់​ជាទូទៅ​ថា​ជា​មនុស្ស​ដំបូង​បំផុត ដែល​បាន​ឈានជើង​ជាន់ដី​ព្រះចន្ទ។ លោក​បារ៉ាក់ អូបាម៉ា បាន​ថ្លែង​ថា​លោក Neil Armstrong គឺជា​វរជន​ដ៏អស្ចារ្យ​ម្នាក់ ក្នុង​ចំណោម​វរជន​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។

អវកាសយានិក​អាមេរិក Neil Armstrong
អវកាសយានិក​អាមេរិក Neil Armstrong REUTERS/NASA
ផ្សាយពាណិជ្ជកម្ម

កើតថ្ងៃ​ទី៥ សីហា ឆ្នាំ​១៩៣០ នៅ​រដ្ឋ Ohiao លោក​ Neil Armstrong មាន​ចិត​​ស្រឡាញ់​ការ​ហោះហើរ​តាំង​ពី​នៅ​កុមារ ហើយលោក​​បានទទួលអាជ្ញាប័ណ្ណ​ជា​អ្នក​បើកបរ​យន្តហោះ តាំង​ពី​អាយុ ១៦ឆ្នាំ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​​សកលវិទ្យាល័យ ​ខាង​ផ្នែក​វិស្វកម្ម​យន្តហោះ និង​​ធ្លាប់​​​​បើកបរ​យន្តហោះ​ចម្បាំង ក្នុង​កងទ័ពជើងទឹកអាមេរិក នៅ​ក្នុង​អំឡុង​សង្រ្គាម​កូរ៉េ មុននឹង​ចូលបម្រើ​ការងារ​ឲ្យ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) នៅ​ឆ្នាំ​១៩៦២។

នៅ​ខែកក្កដា ឆ្នាំ​១៩៦៩ យានអវកាស​ឈ្មោះ Appollo 11 បញ្ជា​ដោយ​​លោក​ Neil Armstrong រួមជាមួយ​នឹង​សហការី​ពីររូប​ទៀត គឺ Buzz Aldrin និង Michael Collins បាន​ហោះ​ចេញ​ពី​រដ្ឋ​ Florida​ ឆ្ពោះទៅកាន់​ព្រះចន្ទ ក្នុង​ដំណើរ ដែល​​ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ។

ក្រោយ​ពីចំណាយពេល ៤ថ្ងៃ ធ្វើ​ដំណើរ​កាត់ទីអវកាស ក្នុងរយៈចម្ងាយ​ប្រមាណ ៤០ម៉ឺន​គីឡូម៉ែត្រ នៅថ្ងៃ​ទី២០ កក្កដា ម៉ោង ១០ និង​៥៦នាទី​យប់ ម៉ោង​នៅ​អាមេរិក (ត្រូវ​នឹង​ម៉ោង ១០ និង​៥៦នាទី ព្រឹកថ្ងៃ​ទី២១ នៅប្រទេស​កម្ពុជា)​ លោក Neil Armstrong ក្នុងវ័យ ៣៨ឆ្នាំ បាន​ឈានជើង​ចុះពីយាន ជាន់​ដី​ព្រះចន្ទ​ជាលើក​ដំបូង​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្តមនុស្សជាតិ ហើយ​បាន​ចំណាយពេល ២ម៉ោង និង​៣២នាទី ​នៅលើ​ព្រះចន្ទ។

លោក Neil Armstrong ​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​វរជន​​​អាមេរិក និង​ជា​អវកាសយានិក​ដ៏​ល្បីល្បាញ​បំផុត នៅលើ​ពិភពលោក ក៏ប៉ុន្តែ លោកគឺ​ជា​មនុស្សម្នាក់ ដែល​ចូលចិត្ត​រស់​នៅ​ដោយ​ស្ងាត់ស្ងៀម។ មិន​សូវ​បង្ហាញមុខ​ជា​សាធារណៈ។ មិន​ចូលចិត្ត​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន។ សូម្បីតែ​ហត្ថលេខា​ក៏​លោក​មិន​ចង់​ឲ្យ​ទៅអ្នកណា​ដែរ ជាពិសេស ក្រោយ​ពី​ដឹងថា ហត្ថលេខា​របស់​លោក​ត្រូវបាន​គេ​យក​ទៅលក់​ដូរ ក្នុង​តម្លៃ​ខ្ពស់។

ក្រោយ​ពី​បាន​លាឈប់​ពីការងារ នៅ NASA នៅ​ឆ្នាំ​១៩៧១ លោក Neil Armstrong បាន​ចាប់​យក​អាជីព​ជា​សាស្រ្តចារ្យ​​វិស្វកម្ម ​នៅ​សកលវិទ្យាល័យ​ ហើយ​រស់នៅ​ក្នុង​ជីវិត​ដ៏​សាមញ្ញ​មួយ នៅ​ក្នុង​រដ្ឋ Ohio រហូតដល់​ថ្ងៃ​លោក​ទទួលមរណភាព។

ក្រោយ​ពី​បាន​ទទួល​ដំណឹង​អំពី​​មរណភាព​របស់​លោក Neil Armstrong អ្នកវិទ្យាសាស្រ្ត និង​ថ្នាក់ដឹកនាំ​អាមេរិកគ្រប់ជាន់ថ្នាក់ និង​គ្រប់​និន្នាការ​នយោបាយ បាន​មូលមតិគ្នា លើក​សរសើរ និង​រំឭក​ អំពី​វីរភាពរបស់​អវកាសយានិក​រូបនេះ ដែល​ជា​និមិត្តរូប​នៃ​ជោគជ័យ​របស់​អាមេរិក ក្នុង​សង្រ្គាម​ត្រជាក់ ដែល​​អាមេរិក កំពុង​ប្រណាំងប្រជែង​ជាមួយ​សហភាព​សូវៀត ក្នុង​ទីអវកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ