អានតួអត្ថបទ
អាមេរិក-អវកាស

NASA បញ្ជូន​មន្ទីរពិសោធន៍​ចល័ត​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះ​អង្គារ

មន្ទីរ​ពិសោធន៍​ចល័ត​របស់​​ទីភ្នាក់ងារ​អវកាស​អាមេរិក​ ហៅកាត់​ថា NASA បាន​​ចុះចត​ដោយ​ជោគជ័យ​លើ​ភព​ព្រះអង្គារ នៅព្រឹក​ថ្ងៃចន្ទ​នេះ។ នេះ​គឺ​ជា​មន្ទីរពិសោធន៍​ចល័ត​មាន​បច្ចេកវិទ្យា​ខ្ពស់​បំផុត ដែល​មនុស្សជាតិ​បញ្ជូន​ឲ្យ​ទៅ​ចុះចត​នៅលើ​ពិភពផ្សេង។ មន្ទីរពិសោធន៍​នេះ​មាន​បេសកកម្ម​សិក្សា​លម្អិត ដើម្បី​ស្វែងយល់​បន្ថែម​អំពី​បរិយាកាស​នៅលើ​ភព​ព្រះអង្គារ ជាពិសេស ​ស្វែងរកមើល​ក្រែង​មាន​តម្រុយ​បង្ហាញ​ពី​ជីវិត​នៅទីនោះ។

មន្ទីរពិសោធន៍​ចល័ត Curiosity
មន្ទីរពិសោធន៍​ចល័ត Curiosity Nasa
ផ្សាយពាណិជ្ជកម្ម

មន្ទីរពិសោធន៍​ចល័ត​របស់​ទីភ្នាក់ងារ NASA នេះ មាន​ឈ្មោះ​ថា “Curiosity” មាន​ទម្ងន់​ប្រមាណ​ ​១តោន ទំហំ​ប៉ុនឡាន​ មាន​កង់ ៦ ផ្ទុក​ទៅដោយ​ឧបករណ៍​ពិសោធន៍​ទំនើបៗ​បំផុត ដែល​គិត​ជា​សរុប​ត្រូវ​ចំណាយ​លុយ​រហូតដល់​ទៅ ២ពាន់ ៥រយ​លាន​ដុល្លារ ដើម្បី​ផលិត។

Curiosity ត្រូវ​បាន​ទីភ្នាក់ងារ NASA បាញ់​បង្ហោះ​ចេញ​ពី​រដ្ឋ Florida កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីអវកាស ក្នុងរយៈចម្ងាយ ប្រមាណ ៥៧០​លាន​គីឡូម៉ែត្រ ហើយ​ចំណាយ​ពេល​​​ជាង ៨ខែ Curiosity បាន​​ចុះចត​ដោយ​ជោគជ័យ ​លើ​ភព​ព្រះអង្គារ នៅ​ថ្ងៃចន្ទ ម៉ោង ៥ និង៣០នាទី ម៉ោងសកល (ត្រូវ​នឹង​ម៉ោង ១២ និង​៣០នាទី ម៉ោង​នៅ​ប្រទេស​កម្ពុជា)។

បេសកកម្ម​របស់ Curiosity នឹង​ត្រូវ​ចំណាយពេលយ៉ាងតិច ២ឆ្នាំ ហើយ​គោលដៅ​សំខាន់​បំផុត គឺ​ សិក្សា​មើល​អំពី​តម្រុយ​នៃ​ជីវិត​សរីរាង្គ នៅលើ​ភពព្រះអង្គារ។ អ្នកវិទ្យាសាស្រ្ត​មិន​រំពឹង​ថា គេ​នឹង​អាច​រក​ឃើញ​ទម្រង់​នៃ​ជីវិត ដែល​កំពុង​រស់នៅ​លើ​ភព​ព្រះអង្គារ​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ក៏ប៉ុន្តែ អ្វី​ដែល​គេ​ចង់​ស្វែងរក គឺ​តម្រ៉ុយ​នៃ​ទម្រង់​នៃ​ជីវិត កាល​ពី​អតីតកាល ដើម្បី​ចង់ដឹង​ថា តើ​ពី​មុន ភព​ព្រះអង្គារ​ធ្លាប់​មាន​បរិយាកាស​អំណោយផល សម្រាប់​ទ្រទ្រង់​ជីវិត​នៅលើ​នោះ​ដែរ​ឬ​ក៏យ៉ាងណា?

ក្រៅពីនេះ Curiosity មាន​បេសកកម្ម​ធំៗ​ចំនួន ៣ទៀត គឺ​ សិក្សា​លម្អិត​​អំពី​អាកាសធាតុ​នៅលើ​ភព​ព្រះអង្គារ សិក្សា​អំពី​ស្ថានភាពដី និង​​សិក្សា​មើល​អំពី​លទ្ធភាព ក្នុងការ​បញ្ជូន​មនុស្ស​ទៅកាន់​ភព​ព្រះអង្គារ ទៅ​ថ្ងៃអនាគត។ គួរបញ្ជាក់​ថា បើ​គេ​ពឹងទៅលើ​បច្ចេកវិទ្យា​បច្ចុប្បន្ន គេ​ត្រូវ​ចំណាយ​ពេលយ៉ាងតិច​បំផុតមួយឆ្នាំ ដើម្បី​ធ្វើ​ដំណើរ​ពី​ផែនដី ទៅ​ភពព្រះអង្គារ និង​ពី​ភពព្រះអង្គារ ត្រឡប់​មក​ផែនដី​វិញ។

គួររំឭក​ផងដែរ​ថា មុន Curiosity ទីភ្នាក់ងារ NASA ធ្លាប់​បាន​បញ្ជូន​​ Robot ទៅកាន់​ភពព្រះអង្គារ ចំនួន ៣​រួចមកហើយ។ ក៏ប៉ុន្តែ Curiosity គឺ​ជា​​ Robot ដែលមាន​ទំហំ​ធំ និង​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ទំនើប​ជាងគេ​បំផុត។ ខុសពី​​យាន​មុនៗ ដែល​ទាញ​ថាមពល​ពី​ព្រះអាទិត្យ Curiosity ផលិត​​ថាមពល ដែល​ទាញយក​ពី​វិទ្យុសកម្ម នៅ​ក្នុង​បរិយាកាស ដែល​អាច​ដំណើរការ​បាន​ទាំង​ថ្ងៃ​ ទាំងយប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ