អានតួអត្ថបទ
រុស្ស៊ី-អាចម៍ផ្កាយ

អ្នកស្រុក​ឆោឡោ​នឹង​អាចម៍ផ្កាយ​ ធ្លាក់​ព្រឹកមិញ​ទៅ​លើ​តំបន់​ភ្នំ​ Oural​ ប្រទេស​រុស្ស៊ី​

បាតុភូត​ដ៏​កម្រ​នេះ​បាន​កើតឡើង​នៅ​តំបន់​នោះ ដែល​នាំ​ឲ្យ​បណ្តាជន​ក្រុង Chelyabinsk នៅ​ចម្ងាយ​ប្រមាណ ១.៨០០គ.ម. ខាង​កើត​ពី​រដ្ឋធានី​ម៉ូស្គូ រងគ្រោះ​ច្រើន​ជាង​គេ។ តាម​តួលេខ​ចុង​ក្រោយ មាន​មនុស្ស​ជាង​៤០០​នាក់​ទៅ​ហើយ បាន​សុំ​ជំនួយ​ពេទ្យ មក​ពី​គេ​ភាគច្រើន​មុត​នឹង​កញ្ចក់​ដែល​ខ្ទៀត​បែក​ទៅ​ក្រោម​ចំហាយ​រលក បង្ក​ដោយ​ការ​ហោះ​ល្បឿន​លឿន ឥត​ឧបមា​នៃ​អាចម៍​ផ្កាយ នៅ​កំពស់ ៥គ.ម.ពី​ដី។

អាចមន៍​ផ្កាយ​ធ្លាក់​​ បណ្តាល​អោយ​ប្រជាជន​​ក្រុង Chelyabinsk នៅ​ចម្ងាយ​ប្រមាណ ១.៨០០គ.ម. ខាង​កើត​ក្រុង​​ម៉ូស្គូ រងគ្រោះ​ច្រើន​ជាង​គេ
អាចមន៍​ផ្កាយ​ធ្លាក់​​ បណ្តាល​អោយ​ប្រជាជន​​ក្រុង Chelyabinsk នៅ​ចម្ងាយ​ប្រមាណ ១.៨០០គ.ម. ខាង​កើត​ក្រុង​​ម៉ូស្គូ រងគ្រោះ​ច្រើន​ជាង​គេ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

ជា​បឋម គួរ​និយាយ​ថា​ព្រឹត្តិការណ៍​នេះ កើត​ឡើង​ព្រឹក​ថ្ងៃ​១៥ កុម្ភៈនេះ វេលា​ម៉ោង ៩-២២នាទី ដោយ​អាចម៍​ផ្កាយ​មុន​ដំបូង បាន​ហោះ​ចូល​ក្នុង​ដែន​អាកាស ប្រទេស Kazakhstan រួច​មក​ឆាប​លើ​ខេត្ត Sverdovsk, ខេត្ត Chelyabinsk តំបន់​ភ្នំ Oural ប្រទេស​រុស្ស៊ី បាន​ន័យ​ថា ក្នុង​លំហ​ដែល​ស្ថិត​នៅ​ចម្ងាយ​ពី ១.៧០០​គម ដល់​២.០០០​គម ខាង​កើត​ និង​អគ្នេយ៍​ពី​រដ្ឋធានី​ម៉ូស្គូ។ 

អ្នកស្រុក​ជា​សាក្សី​ដែល​បាន​ឃើញ​បាតុភូត​ចម្លែក​នេះដោយ​ផ្ទាល់​ភ្នែក នាំ​គ្នា​រៀបរាប់​ទាំង​ស្លន់ស្លោ​ថា ក្នុង​ផ្ទៃ​មេឃ គេ​ឮ​សូរ​ស្នូរ​ផ្ទុះ​ម្តង​ហើយ​ម្តង​ទៀត បែក​ចេញ​ជា​ពន្លឺ​ភ្លឺ​ចិញ្ចាច​រួច​មក ធ្លាក់​គ្ឌុកៗ​មក​លើ​ដី គឺ​អំបែង​ក្តៅ​គគុក ប្រៀប​បាន​ជា​​ភ្លៀង​អាចម៍​ផ្កាយ។ នៅ​ខេត្ត Chelyabinsk បណ្តាញ​ទូរសព្ទ​ដៃ​ស្រាប់​តែ​ដើរ​លែង​ស្រួល ហើយ​ក្រុមសង្គ្រោះ​ចាប់​ផ្តើម​ជម្លៀស​អ្នកស្រុក​ចេញ​ខ្លះៗ​ទៅ​ផង។ ល្បឿន​ហោះ​លឿន​សែន​លឿន​នៃ​អាចម៍ផ្កាយ បាន​បង្ក​ជា​រលក​បោកបក់​ ឲ្យ​កញ្ចក់​ផ្ទះ​អ្នកស្រុក​ បែក​ខ្ទៀត​មុត​សាច់​គេ​តែ​ម្តង។ តាម​តួលេខ​ចុងក្រោយ​ អ្នក​រងគ្រោះ​បែប​នេះ មាន​ចំនួន​ដល់​ជាង ៤០០​នាក់ ពី​ក្នុង​នោះ​៥​នាក់ ត្រូវ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ 

រីឯ​ការ​ខូចខាត​សម្ភារៈ មាន​ដូច​ត​ទៅ ៖ អំបែង​មួយ​នៃ​អាចម៍ផ្កាយ បាន​ធ្លាក់​ទៅ​ចំ​រោងចក្រ​ដែល​ផលិត​ស័ង្កសី បណ្តាល​ឲ្យ​ជញ្ជាំង និង​ដំបូល​វា​បែក​បាក់​អស់​មួយ​ភាគ។ ប៉ុន្តែ​សំណាង​ល្អ ឥត​បណ្តាល​ឲ្យ​កម្មករ​រោងចក្រ​រងគ្រោះ​ឡើយ។ នៅ​កន្លែង​មួយ​ផ្សេង​ទៀត ការ​ធ្លាក់​នៃ​អំបែង​អាចម៍​ផ្កាយ បាន​បំបះ​ជា​ពពក​ផ្សែង​និងធូលី​ហុយ ទាល់តែ​នាំ​ឲ្យ​ផ្អាក​ចរាចរណ៍។ ក្នុង​ឃុំ​មួយ​នៅ​ចម្ងាយ​៣០គ.ម. ពី​ទី​រួម​ខេត្ត Chelyabinsk អំបែង​អាចម៍ផ្កាយ​បាន​បំផ្លាញ​ក្លោងទ្វារ​ដែក​នៃ​អគារ​មួយ ប៉ុន្តែ​គ្មាន​អ្នក​រងគ្រោះ​ទេ។ ចំណែក​សាលារៀន​បាន​ផ្អាក​ការសិក្សា​មួយ​រយៈ។

ក្រសួង​រុស្ស៊ី​ខាង​ស្ថានការណ៍​អាសន្ន ថ្លែងថា​បុគ្គលិក​ខ្លួន​ទាំង ២០.០០០​នាក់ នៅ​លើ​ដី ក៏​ដូច​ជា​យន្តហោះ​៣​គ្រឿង​របស់​ខ្លួន កំពុង​ពិនិត្យ​មើល​សភាពការណ៍​តំបន់​ នៅ​លើ​ដី​ផ្ទាល់ ក៏​ដូច​ពី​លើ​អាកាស​តែ​ម្តង។ គឺ​នៅ​ក្នុង​ខេត្ត Chelyabinsk ដែល​គេ​រក​ឃើញ​ទៅ​ហើយ​អាចម៍ផ្កាយ​នោះ​ទម្ងន់​តែ​១ គីឡូក្រាម​សោះ។

តាម​ដែល​ពួក​អ្នកប្រាជ្ញ​ក្នុង​លោក​នាំ​គ្នា​រង់ចាំ គឺ​យប់​នេះ​ឯង នៅ​វេលា​កណ្តាល​អធ្រាត្រ ម៉ោង​ម៉ូស្គូ នឹង​មាន​អាចម៍ផ្កាយ​មួយ​ធំ​សំបើម ទំហំ​ដល់ ៤៥​ម៉ែត្រ ស្មើ​នឹង​អគារ​កំពស់​១៥ជាន់​ ហោះ​ដោយ​ល្បឿន​ជិត​៨​គ.ម. ក្នុង​១​វិនាទី មក​ជិត​ផែនដី នៅ​ចម្ងាយ​តែ ២​ម៉ឺន​៨​ពាន់​គម ពី​ផែន​ដី។

ប្រសិន​បើ​វា​បុក​នឹង​ផែនដី​នោះ តួ​ខ្លួន​វា​ដែល​មាន​ទម្ងន់ ១៣០.០០០​តោន អាច​ធ្លាយ​ចេញ​ជា​ថាមពល​ស្មើ​នឹង ២,៤ Megatonnes ឬ​រាប់​ពាន់​ដង​នៃ​កម្លាំង​ផ្ទុះ​របស់​គ្រាប់បែក​បរមាណូ ដែល​ស.រ.អា.​បាន​ទម្លាក់​លើ​ក្រុង​ជប៉ុន Hiroshima ក្នុង​ឆ្នាំ​១៩៤៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ