ភេរវកម្មនៅស្រីលង្កា៖ មេប៉ូលីសសុំចុះចេញពីតំណែង
ក្រោយអំពើភេរវកម្មនៅស្រីលង្កា, នៅថ្ងៃសុក្រ ទី២៦មេសានេះ មេនគរបាលជាតិស្រីលង្កា និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត របស់ភ្នាក់ស៊ើបការសម្ងាត់ បានសុំលាឈប់ពីតំណែង។ ដំណឹងនេះ បញ្ជាក់ដោយលោកប្រធានាធិបតី ស្រីលង្កា។ ក្រៅពីនេះ ប្រមុខរដ្ឋស្រីលង្កា ក៏បានបញ្ជាក់ផងដែរពីអត្តសញ្ញាណរបស់មេភេរវជនអ៊ីស្លាមជ្រុលនិយមម្នាក់ ដែលបានស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អធិការប៉ូលីសជាន់ខ្ពស់បំផុតរបស់ស្រីលង្កា លោក ពុយជីត ជាយាស៊ុនដារ៉ា Pujith Jayasundara បានសុំចុះចេញពីតំណែង ហើយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិមួយរូបទៀត ក៏បានសុំឈប់ពីការងារដែរ។ ពួកលោកទាំងពីរនាក់ យល់ព្រមសុខចិត្តទទួលស្គាល់កំហុស ពីភាពបរាជ័យ ដែលពុំបានចាត់ចែងបញ្ជៀសការធ្វើភេរវកម្ម កាលពីថ្ងៃអាទិត្យ ទី២១មេសា កន្លងទៅ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីស្រីលង្កា។ តាមពិតទៅ មុនពេលកើតហេតុ ក្រុមស៊ើបការស្រីលង្កា ក៏បានទទួលសញ្ញាណ និងព័ត៌មានសម្ងាត់ ដែលប្រទេសឥណ្ឌាបានផ្តល់ឲ្យដែរ ថាអាចនឹងមានហានិភ័យនៃអំពើភេរវកម្ម។ នៅពេលទទួលដំណឹងហើយ អាជ្ញាធរប៉ូលីសហាក់មានការធ្វេសប្រហែស តែនេះក៏មកពីមានការបែកបាក់គ្នា ក្នុងចំណោមអ្នកនយោបាយជាន់ខ្ពស់របស់ប្រទេសផងដែរ។
ក្រៅពីប្រកាសការសុំឈប់ធ្វើការរបស់មន្ត្រីពីរនាក់នេះ លោកប្រធានាធិបតីស្រីលង្កា ក៏បានប្រាប់ឲ្យដឹងពីការស្លាប់របស់មេចលនាភេរវនិយម ឈ្មោះ ហ្សាហ្រាម ហាស្ស៊ីន Zahran Hashim ។ បុរសនេះ មានអាយុប្រមាណ៤០ឆ្នាំ ជាមេខ្លោងធំមួយរបស់ចលនាអ៊ីស្លាមជ្រុលនិយមអ៊ីនធីជេ NTJ និងដែលគេបានឃើញរូបភាពរបស់ភេរវជននេះ នៅក្នុងវីដេអូ ដែលពួកជីហាតបានផ្សាយកាលពីពេលថ្មីៗនេះ។ សាកសពរបស់ ហ្សាហ្រាម ហាស្ស៊ីន បានត្រូវប៉ូលីសរកឃើញនៅក្នុងគំនរបាក់បែកនៃសណ្ឋាគារមួយ ដែលជននេះ បានបំផ្ទុះគ្រាប់បែកអត្តឃាត។
ដោយឡែក ដំណឹងចុងក្រោយ ស្តីពីចំនួនមនុស្សមរណភាព បានថយចុះទៅវិញ។ មានអ្នកស្លាប់ត្រឹមតែ២៥៣ប៉ុណ្ណោះ ខុសពីទិន្នន័យព័ត៌មានមុនៗ ដែលផ្សាយថា អ្នកស្លាប់ មានដល់ទៅ៣៦០នាក់។ អាជ្ញាធរបានរាប់ចំនួនអ្នកស្លាប់ខុស ច្រឡំពីព្រោះថា បំណែកសាកសពនៅរាយប៉ាយ។ ដល់ពេលគេផ្គុំមកវិញ ទើបគេអាចកំណត់ជាក់ច្បាស់ពីចំនួនអ្នកស្លាប់ គឺ២៥៣នាក់ គិតត្រឹមថ្ងៃសុក្រ ទី២៦មេសា។ រីឯចំនួនអ្នករងរបួសវិញ ក្រសួងសុខាភិបាលស្រីលង្កា បញ្ជាក់ប្រាប់អ្នកកាសែត ថានៅមានអ្នកជំងឺចំនួនប្រមាណ១៥០នាក់ ដែលកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ងាកទៅខាងស៊ើបអង្កេតរបស់សមត្ថកិច្ចឯណោះ, ប៉ូលីសបានបន្តស្រាវជ្រាវរាវរកមុខភេរវជននិងជនជាប់សង្ស័យបន្ថែមទៀត។ រហូតមកដល់ពេលនេះ នគរបាលស្រីលង្កា ចាប់ខ្លួនមនុស្សជាប់សង្ស័យក្នុងអំពើភេរវកម្ម បានចំនួន ៧៥ នាក់ហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ