អានតួអត្ថបទ
ភេរវនិយម

ភេរវកម្ម​នៅស្រីលង្កា៖ សមត្តកិច្ច​ឃាត់​ខ្លួនជន​សង្ស័យ​ចំនួន​៥៨នាក់

ភេរវកម្មបំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​កន្លែង​នៅ​ស្រីលង្កា, រហូត​មកដល់​ពេ​លនេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ប្រមាណ​៣៦០នាក់ ហើយរងរបួស​ជាង​៥០០នាក់។ មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ង​រ​បែប​នេះ ត្រូវ​គេ​បន្ទោស​ទៅលើ​ថ្នាក់​ដឹកនាំ​ប្រទេស ដែល​បែកបាក់​គ្នា និង​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា ពិសេស​គឺ​ការ​ប្រកាន់​បក្សពួក​ រវាង​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតីស្រី​លង្កា​។ ការ​ធ្វេសប្រហែស​របស់​អ្នកនយោបាយ​បែបនេះ គឺ​បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​ទទួល​ទុក្ខសោក​យ៉ាង​​ទម្ងន់។​ ហេតុ​ចម្បង​មួយ​ទៀត គឺដោយសារតែ​ជម្លោះ​សាសនា។​ ​​មន្ត្រីជាន់​ខ្ពស់​របស់​ក្រសួង​ការពារជាតិ​ស្រីលង្កា ធ្លាប់​លើកឡើង​ថា ការបំផ្ទុះ​គ្រាប់បែក​លើ​​វិហារគ្រិស្តសាសនានិង​​​សណ្ឋាគារ​នៅស្រីលង្កា ជាការ​សងសឹក​ ចំពោះ​ការ​វាយ​ប្រហារ​លើ​វិហារអ៊ីស្លាម នៅ​នូវែលហ្សេឡង់ កាលពី​ខែ​មុន​។ ទោះយ៉ាងណាក្តី ការ​ស៊ើប​​អង្កេតលម្អិត​​កំពុង​តែ​បន្ត​អូស​បន្លាយ​នៅឡើយ។ 

ស្រីម្នាក់ បាត់បង់​ស្វាមី និងកូនពីរនាក់ ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក កាលពីថ្ងៃអាទិត្យ ទី​២១មេសា
ស្រីម្នាក់ បាត់បង់​ស្វាមី និងកូនពីរនាក់ ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក កាលពីថ្ងៃអាទិត្យ ទី​២១មេសា @Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ស៊ើប​អង្កេត របស់​ផ្នែក​ងារ​ស៊ើប​ការ​សម្ងាត់ និង​ក្រសួង​ការពារជាតិស្រីលង្កា​ កំពុងតែបន្ត​​ញាប់​ដៃជើងនៅឡើយ​។ ពីថ្ងៃពុធ ទី​២៤មេសា ប៉ូលីស​បាន​ចាប់ខ្លួន ជន​សង្ស័យ​ចំនួន​១៨នាក់​បន្ថែមទៀត គឺបន្ទាប់ពី​បាន​ឃាត់ខ្លួន​ មនុស្ស​ ៤០ នាក់​រួច​ហើយ តាំងពី​ថ្ងៃ​កើត​ហេតុ​ ថ្ងៃអាទិត្យនោះមក។

នៅពេល​នេះ អាជ្ញាធរ​ស្រី​លង្កា បាន​តម្រុយ​ច្រើន​ និងបានសន្និដ្ឋាន​​ចង្អុរ​មុខ​ចំពោះ​ក្រុម​ឧទ្ទាមភេរវនិយម អ៊ីនធីជេ NTJ ។​ បើ​តាម​ប្រភព​ពី​ប៉ូលីស គឺ​គេ​រកឃើញ​សាកសព​បុរស​ម្នាក់​ ដែល​អនុញ្ញា​ឲ្យ​គេ​ស្គាល់​ថា ជា​បក្ស​ពួក​របស់​​ក្រុម​ អ៊ីនធីជេ នេះឯង​។ ក៏ប៉ុន្តែ ក្រុម​អ៊ីស្លាម​ជ្រុល​និយមនេះ គ្មាន​បាន​ចេញមុខមក​អះអាង​ថា​ការ​បំផ្ទុះ​គ្រាប់​បែក​ ពីថ្ងៃ​ទី​២១មេសានោះ ថាជាស្នាដៃ​របស់​ក្រុម​ខ្លួន​នោះទេ។

ផ្ទុយទៅវិញ ក្រុម​អង្គការ​រដ្ឋ​ជីហាត ដែល​ប្រភព​ធំ​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ឯណោះ​ បាន​ប្រកាស​ទទួល​ស្គាល់​ថា​ជា​ទង្វើ​របស់​ខ្លួន ហើយ​ថែម​ទាំង​បានផ្សព្វ​​ផ្សាយ​រូបថត​​នៃ​វីរជន​ក្រុម​ខ្លួន​ចំនួន​ ៨ នាក់ផង​។​ ចំពោះ​អ្នក​​ខ្លះ គេ​ជឿ តែ​អ្នក​វិភាគ​ខ្លះទៀត​​ មិន​ជឿទេ ដោយ​គេ​គិតថា ពួក​ជីហាតនេះ​ ចេះតែ​ចេញ​មុខ​អះអាងដើម្បី​ចង់​បាន​ល្បីឈ្មោះ​តែប៉ុណ្ណោះ។ ប៉ុន្តែ មា​នអ្នក​ជំនាញ​ផ្សេងទៀត ដូច​ជា​លោក វីក្រាម រាជាកុមារ Vikram Rajakumar ជា​អ្នក​ប្រឹក្សា​ខាង​សន្តិសុខ​និង​ខាង​ទប់​ស្កាត់​ភេរវកម្ម លោក​បាន​ស្រាវជ្រាវ​ ស្គាល់​បុរស​ម្នាក់ នៅក្នុង​ចំណោម​មនុស្ស​ទាំង៨នាក់​ ដែល​ក្រុម​អង្គការ​រដ្ឋ​ជីហាត បង្ហោះ​ផ្សាយ​រូប​ថត​នោះ។ តាម​អ្នក​ជំនាញ​ដដែល, ​បុរសម្នាក់​នោះឈ្មោះ ហ្ស៉ាហ្រាម ហាស្ស៊ីន Zahram Hashim គឺ​​ជា​សមាជិក​របស់​ក្រុម​ អ៊ីនធីជេ ដែល​រូបគេ​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​ជាមួយ​ក្មេងៗនិងយុវជន​អ៊ីស្លាម។ បុរស​នេះ អាច​អូសទាញ​និង​បំពាក់បំប៉ន​យុវជន​ឲ្យល្លង់ជឿ ហើយ​នឹង​អាច​ជំរុញ​ឲ្យយុវជន​​ធ្វើ​អ្វីៗ ដែល​គេ​ហៅថា​ «ដើម្បីការពារ​សាសនាអ៊ីស្លាម»ថែមទៀត​ផង​។

អ្នក​ជំនាញ​ដដែល បញ្ជាក់ថា​ ​ក្រុមភេរវជននិយម ​​អ៊ីនធីជេ NTJ មានខ្សែ​បណ្តាញ​នៅ​ច្រើន​ប្រទេស​ ដូចជា នៅ​ឥណ្ឌា នៅ​អារ៉ាបីសាអូឌីត និង​នៅ​ស្រីលង្កាជា​ដើម ដែល​ក្រុម​នេះ អះអាង​ខ្លួន​ឯង​ថា​ មា​នគោលដៅការពារ​ និង​មើលការ​ខុសត្រូវ ចំពោះ​ជនអ៊ីស្លាមលើពិភពលោក​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ