ភេរវកម្មស្រីលង្កា ៖ កងទ័ពបញ្ចេញកម្លាំងបន្ថែម ជួយប៉ូលិសប្រឈមនឹងការគំហែងថ្មី
ស្នូរផ្ទុះបានលាន់ឮជាថ្មីទៀត នៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះ នៅភាគខាងកើតនៃរដ្ឋធានីកូឡុំបូ ប៉ុន្តែជាសំណាងល្អ ហេតុការណ៍នេះ មិនបានបង្កឱ្យមានមនុស្សស្លាប់ឬរងរបួសទេ។ នេះបើតាមប្រភពប៉ូលិសស្រីលង្កា។ ប៉ុន្តែស្នូរផ្ទុះតូច ធំ ខ្លាំងឬខ្សោយសុទ្ធជាប្រភពនៃភាពតក់ស្លុតទាំងអស់ សម្រាប់ប្រជាពលរដ្ឋស្រីលង្កា ដែលទើបរងគ្រោះភេរវកម្មមួយខ្សែធំ និងដែលទើបបញ្ចេញកងកម្លាំយោធាមកបន្ថែមទៀត ដើម្បីជួយភ្នាក់ងារប៉ូលិសក្នុងការរក្សាសន្តិសុខនិងធ្វើប្រតិបត្តិការតាមកម្ចាត់ជនជាប់សង្ស័យ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៨
ស្ថានភាពទូទៅ នៅតែតានតឹង នៅស្រីលង្កា។ ការគំរាមកំហែងភេរវកម្មថ្មី មិនបានស្រកចុះសោះ។ បើតាមអ្នកនាំពាក្យប៉ូលិស គ្មានទេជនរងគ្រោះនៅក្នុងការបំផ្ទុះក្បែរតុលាការ ពូហ្កោដា ដែលស្ថិតនៅចម្ងាយតែ៤០គីឡូម៉ែត្រពីរដ្ឋធានីកូឡុំបូ កាលពីព្រឹកមិញ។ ហើយបើតាមការអង្កេតបឋម នេះមិនមែនជាការបំផ្ទុះជំនាញទេ។ នៅធនាគារជាតិ នាទីក្រុងកូឡុំបូ ក៏មានការទាញសញ្ញាអាសន្នសន្តិសុខមួយដែរ។ ចំណែកផ្លូវនាំឆ្ពោះទៅអាកាសយានដ្ឋាន ក៏ត្រូវប្រកាសបិទ ដោយឃើញមានរថយន្តសង្ស័យចតក្បែរនោះ។ នោះបើតាមប៉ូលិសប្រចាំព្រលានយន្តហោះ។
បួនថ្ងៃក្រោយភេរវកម្ម ប្រឆាំងនឹងវិហារកាតូលិក និងសណ្ឋាគារប្រណិតៗ ដែលបានសម្លាប់ជីវិតអស់ច្រើនជាងគេបំផុតមិនធ្លាប់មានគិតចាប់តាំងពីមហាភេរវកម្មថ្ងៃទី ១១កញ្ញា២០០១មក ស្រីលង្កាបន្តស្ថិតក្នុងស្ថានភាពរន្ធត់និងតក់ស្លុត។ ស្នូរផ្ទុះ និងភាពសង្ស័យទោះតិចតួចក្តី អាចប្រភពនៃភាពស្លន់ស្លោនិងអាសន្នទាំងអស់។
ប្រឈមនឹងស្ថានភាពបែបនេះ អាជ្ញាធរស្រីលង្កា បានសម្រេចណែនាំឱ្យវិហារតាកូលិក បន្តបិទទ្វារ រហូតដល់ស្ថានភាពសន្តិសុខបានប្រសើរឡើង។ ការប្រារព្ធពិធីផ្សេង និងការសូត្រធម៌ ជាសាធារណៈ ត្រូវផ្អាក រហូតដល់មានបទបញ្ជាថ្មី។ ពិធីបុណ្យបញ្ចុះសពជនរងគ្រោះភេរវកម្ម ត្រូវធ្វើឡើងជាលក្ខណៈឯកជន។
ចំណែកការប្រមាញ់ជនជាប់សង្ស័យ កំពុងបន្តធ្វើយ៉ាងសកម្ម និងក្នុងទ្រង់ទ្រាយធំ ដោយមានកម្លាំងជំនួយពីយោធាតែម្តង។ ក្រុមយោធាជើងគោក បានបញ្ចេញ និងដំឡើងកម្លាំងកងទ័ពមកចូលរួមក្នុងប្រតិបត្តិកនេះ ក្នុងបរិមាណពី១៣០០ ទៅ៦៣០០នាក់។ ចំណែកកងទ័ពជើងទឹក បានបញ្ចេញកម្លាំង២ពាន់នាក់។ នៅយប់ថ្ងៃពុធឆ្លងចូលមកថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរស្រីលង្កា ចាប់បានជនសង្ស័យចំនួន១៦នាក់ថ្មីបន្ថែមលើការចាប់ខ្លួនចាប់តាំងពីថ្ងៃអាទិត្យមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ