អានតួអត្ថបទ
ថៃ

ជំនួប​ចរចា​ជាលើក​​ដំបូង​រវាង​រដ្ឋាភិបាល​ថៃ​និង​ពួក​ឧទ្ទាម​ប៉ែក​ខាងត្បូង

ការ​ចរចា​រវាង​អាជ្ញាធរ​ថៃ​និង​ពួក​ឧទ្ទាម​ទាមទារ​ចង់​ផ្តាច់​ទឹក​ដី​នៅ​ភាគ​ខាង​ត្បូង​មួយ​ក្រុម​ នឹង​ប្រព្រឹត្តទៅ​ជា​លើកទី​មួយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ទី ២៨ មីនា ២០១៣ នៅ​ប្រទេស​ម៉ាឡេស៊ី។ ជំនួប​ចរចា​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក​សង្ឃឹម​ថា​នឹង​អាច​បិទ​បញ្ចប់​អំពើ​ហិង្សា​ភេរវកម្ម​សម្លាប់​ជន​ស៊ីវិល​ស្លូត​ត្រង់បាន​ខ្លះ។

ភេរវកម្ម​មួយ​នៅ​ខេត្ត​យ៉ាឡា​ ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​ថៃ
ភេរវកម្ម​មួយ​នៅ​ខេត្ត​យ៉ាឡា​ ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​ថៃ REUTERS/Surapan Boonthanom
ផ្សាយពាណិជ្ជកម្ម

ទី​កន្លែង​ពិត​ប្រាកដ និង​កម្មវិធី​នៃ​ជំនួប​ចរចា មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ពុធ​ទី ២៧​មីនា​នេះ។ ប្រទេស​ម៉ាឡេស៊ី​ ដែល​ធ្លាប់​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀប​ចំ​កិច្ច​ចរចា​ជា​ច្រើន​រវាងពួក​ឧទ្ទាម​អ៊ីស្លាម​និង​រដ្ឋាភិបាល​​ហ្វីលីពីន​រហូត​បាន​សម្រេច​កិច្ច​ព្រមព្រៀង​កាលពី​ឆ្នាំ​ទៅ ហាក់​មាន​ភាព​​ប្រុង​ប្រយ័ត្ន​ខ្លាំង​ក្នុង​សំណុំ​រឿង​ប្រទេស​ថៃ​នេះ ព្រោះ​ប្រភព​នៃ​ដើម​ហេតុ​មាន​ទីតាំង​នៅ​ជាប់​ព្រំដែន​ខ្លួន។

 
អ្វី​ដែល​គេ​បាន​ដឹង​នៅពេល​នេះ គឺ​រដ្ឋាភិបាល​ក្រុង​បាងកក​ នឹង​ធ្វើ​ការ​ចរចា​ នៅ​ថ្ងៃ​ស្អែក ជាមួយ​នឹង​ក្រុម “រណសិរ្សបដិវត្តជាតិ” ពួក​ឧទ្ទាមសកម្មតែ​​មួយ​​​ ដោយ​សង្ឃឹម​ថានឹង​អាច​ ​បិទ​បញ្ចប់​​អំពើ​ហិង្សា​វាយប្រហារ​សំដៅ​ជន​ស៊ីវិល មាន​ជា​អាទិ៍​ដោយ​ប្រើ​គ្រាប់​បែក​ច្នៃជា​ដើម។ ប៉ុន្តែ​ប្រសិន​បើ​អំពើ​ហិង្សានៅ​ភាគ​ខាង​ត្បូង​​មិន​ចុះ​ថយ​​ទេ ក្នុង​រយៈ​បី​ខែ​ក្រោយ​ក្រុង​បាងកក​នឹង​បន្ត​ស្វែង​រក​​ចរចាជាមួយ​នឹង​ក្រុម​ឧទ្ទាម​​ផ្សេងៗ​ទៀត។ នេះ​បើ​តាម​ការ​​ អះអាង​របស់​លោក​ ប៉ារ៉ាដន ប៉ាតាណាតាប៊ុត ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ មក​កាន់​​ភ្នាក់ងារសារព័ត៌មាន​បារាំង។

​ប៉ុន្តែ​​​អ្នក​វិភាគ​ និង​អ្នក​ឯកទេស​មួយ​ចំនួន​ មិន​សង្ឃឹម​លើ​ការ​ចរចា​នេះ​ទេ ព្រោះ​គេ​មិន​សូវ​ស្គាល់​ពួក​​ឧទ្ទាម​ក្រុម​នេះ ហើយ​ម្យ៉ាង​ទៀត​ពួក​​​អ៊ីស្លាម​ជ្រុល​និយម​ចង់​ផ្តាច់​ទឹក​ដី​នៅប្រទេស​ថៃ មិន​មែន​ជា​ពួក​​អ៊ីស្លាម​ជ្រុលនិយម​ ជីហាត​ ទេ ! គំនិតប៉ះបោរ​របស់​ពួក​អ៊ីស្លាម​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជសាសន៍​ “ជនជាតិ​ភាគតិច​ម៉ាឡេ” នៅ​ក្នុង​ប្រទេស​ដែល​ភាគ​ច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​។

ទោះ​ជា​យ៉ាង​ណា​ក្តី -ទោះ​​ដំណឹង​បើក​ការ​ចរចា​ ដែល​បាន​ប្រកាស​តាំង​ពី​ខែ​កុម្ភៈ​មក​ មិន​បាន​​ធ្វើ​ឱ្យ​ឧទ្ទាម​​បន្ថយ​សកម្មភាព​​ធ្វើ​ភេរវកម្ម​ ក៏​​ជំនួប​ចរចា​​ជា​លើក​ទី​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​បាង​កក​ចាត់​ទុក​ជា​ឱកាស​ល្អ​​មិន​ធ្លាប់​មាន​ និង​ការ​បើកផ្លូវ​ទៅ​រក​ដំណោះស្រាយ​បញ្ចប់​អំពើ​ហិង្សា​ ដែល​បាន​​ធ្វើ​ឱ្យ​ប្រលាក់​ប្រលូស​រូបភាព​រដ្ឋាភិបាល​មុនៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ