អានតួអត្ថបទ
ថៃ-សហរដ្ឋអាមេរិក

អាមេរិក​ប្រកាស​រក្សា​សមយុទ្ធ​ធ្វើ​នៅ​ប្រទេស​ថៃ

សហរដ្ឋអាមេរិក​បាន​ប្រកាស កាលពីថ្ងៃ​សៅរ៍ ទី ២៥ តុលា ថា ខ្លួន​នៅតែ​រក្សា​ធ្វើ​លំហាត់​សមយុទ្ធ​ប្រចាំឆ្នាំ ដែល​ត្រូវ​នៅប្រទេស​ថៃ។ ដោយសារ​តែ​រដ្ឋប្រហារ​របស់​ពួក​យោធា ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស្របច្បាប់ ទីក្រុង​វ៉ាស៊ីនតោន​បាន​សម្រេច​​ផ្អាក​ជំនួយ​យោធា​ដល់​ប្រទេស​ថៃ និង​បាន​គំរាម​លុបចោល សមយុទ្ធ​អន្តរជាតិ ដែល​ត្រូវ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ប្រទេស​ថៃ។ 

បន្ទាប់ពីចូល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី ដោយសារ​រដ្ឋប្រហារ លោក​ចាន់ អូចា ប្រគល់​តំណែង​ប្រមុខ​យោធា​ទៅ​ឲ្យ​អ្នកស្នងតំណែង
បន្ទាប់ពីចូល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី ដោយសារ​រដ្ឋប្រហារ លោក​ចាន់ អូចា ប្រគល់​តំណែង​ប្រមុខ​យោធា​ទៅ​ឲ្យ​អ្នកស្នងតំណែង ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

អាមេរិក​មិន​បានធ្វើ​ទៅតាម​ការគំរាម​របស់​ខ្លួន។ កាលពី​ថ្ងៃ​សៅរ៍ ទីក្រុង​វ៉ាស៊ីនតោន តាមរយៈ​អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក​បាន​បញ្ជាក់ថា សមយុទ្ធ​អន្តរជាតិ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នឹង​នៅ​តែត្រូវ​​ធ្វើ​នៅក្នុង​ទឹកដី​ថៃ។

 
កាលពី​ខែ​មិថុនា ទីក្រុង​វ៉ាស៊ីនតោន​ដែល​បាន​ថ្កោលទោស​រដ្ឋប្រហារ ដណ្តើម​អំណាច​របស់​ពួកយោធា​ថៃ ធ្លាប់​បាន​ប្រកាស​ផ្អាក​ជំនួយ​របស់​ខ្លួន​ប្រមាណ​ជិត​៥​លាន​ដុល្លារ​សម្រាប់​ផ្នែក​សន្តិសុខ​ថៃ និង​បាន​ព្រមាន​ឈប់​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​ប្រទេស​ថៃ។

ប៉ុន្តែ ៤ខែ ក្រោយ​រដ្ឋប្រហារ​ថៃ អាមេរិក​បាន​ប្រកាស​រក្សា​ធ្វើ​សមយុទ្ធ​នៅក្នុង​ទឹកដី​ថៃ​ដដែល។ តាម​អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​បាងកក ដោយយោង​ទៅលើ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ក្នុង​ប្រទេស​ថៃ គេ​នឹង​កាត់បន្ថយ​ការប្រើប្រាស់​អាវុធ​ធ្វើ​សង្រ្គាម នៅ​ក្នុង​សមយុទ្ធ ប៉ុន្តែ គេ​នឹង​ផ្តោត​សំខាន់​ទៅលើ​ការ​ជួយ​សង្រ្គោះ ផ្នែក​មនុស្សធម៌ វិញ។

ទោះបី​ជា​ថ្កោលទោស​រដ្ឋប្រហារ​យោធា​ថៃ ប៉ុន្តែ អាមេរិក​នៅ​តែ​ត្រូវការ​ថៃ​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​ដែរ​របស់​ខ្លួន នៅ​អាស៊ី។ តាំងពី​ឆ្នាំ ១៩៨០ អាមេរិក និង​ថៃ​តែងតែ​រួមគ្នា​ធ្វើ​សមយុទ្ធ​ជា​រៀងរាល់​ឆ្នាំ។ សមយុទ្ធ​ឈ្មោះ កូប្រា ដឹកនាំ​ដោយ​អាមេរិក មាន​ចូលរួម​ពី​ទាហាន ប្រមាណ​១ម៉ឺន ៣​ពាន់​នាក់ ដែល​នៅក្នុង​នោះ​មាន​មួយចំនួន​មក​ពី​ប្រទេស​អាស៊ី​ផ្សេង​ទៀត។ សមយុទ្ធ​កូបា្រ​ដើរ​តួនាទី​សំខាន់​នៅក្នុង​យុទ្ធសាស្រ្ត​យោធា​របស់​អាមេរិក​ដែល​ចង់​យក​អាស៊ី​ប៉ាស៊ីហ្វិក ធ្វើ​ជា​ទីតាំង​របស់ខ្លួន ​ទប់ទល់​នឹង​ការពង្រីក​អំណាច​ឥទ្ធិពល​របស់​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ