អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយ​ក្រែន​​ស្គាល់​​បទ​​ឈប់​បាញ់​ «​ពិត​​ប្រាកដ​»​ ជា​​លើក​​ដំបូង​ នៅ​​ក្នុង​​រយៈពេល​​៧​​ខែ​

នៅ​ទី​បំផុត អ៊ុយក្រែន​បាន​​ស្គាល់​បទ​ឈប់​បាញ់ «ពិត​ប្រាកដ» ជា​លើក​ដំបូង នៅ​ក្នុង​រយៈពេលជាង​​៧​ខែ​កន្លង​មក​​។ ​នេះ​បើ​តាម​ប្រសាសន៍​លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ ដែល​បាន​ថ្លែង​នៅ​ថ្ងៃសុក្រ​នេះ​។ ប្រមុខ​ដឹក​នាំ​អ៊ុយក្រែន​រូប​នេះ​អះអាង​ថា ការ​វិវត្តន៍​​ថ្មី​នេះ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​រូប​លោក​។

លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ
លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ REUTERS/Mal Fairclough/Pool
ផ្សាយពាណិជ្ជកម្ម

ស្នូរ​គ្រាប់​កាំភ្លើង និង​ការ​ប៉ះ​ទង្គិច​នានា​បាន​អវត្តមាន​ពី​ប្រទេស​អ៊ុយក្រែន​បាន​២៤​ម៉ោង​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ទី​១២​ខែ​ធ្នូ​នេះ​។ លោក​ប្រធានាធិបតី​អ៊ុយក្រែន ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​ប្រកាស​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក​កំពុង​តែ​ស្ថិត​ក្នុង​ប្រទេស​អូស្ត្រាលី នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល​២​ថ្ងៃ​របស់​លោក​។ បើ​តាម​លោក​ ប៉ូរ៉ូឆេនកូ ២៤​ម៉ោង​ដោយ​គ្មាន​ការ​ប៉ះ​ទង្គិច​នេះ គឺ​ជា​២៤​ម៉ោង​ដំបូង ដែល​អ៊ុយក្រែន​មិនមាន​ទាហាន​រង​របួស និង​ស្លាប់​។ និង​ថា ការ​វិវត្តន៍​​ថ្មី​នេះ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​រូប​លោក​។

ថ្វី​ត្បិត​តែ​២៤​ម៉ោង​ចុង​ក្រោយនេះ គ្មាន​ការ​ប៉ះ​ទង្គិច​ក៏​ពិត​មែន ប៉ុន្តែ​លោក​ ប៉ូរ៉ូឆេនកូ បាន​ព្រមាន​ថា វាទើប​តែ​​មាន​រយៈ​ពេល​ត្រឹម​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​។ លោក​ថា អ្វី​គ្រប់​យ៉ាង​នៅមាន​ភាព​ផុយ​ស្រួយ ប៉ុន្តែ​ប្រសិន​បើ​ស្ថានការណ៍​ស្ងប់ស្ងាត់​ដូច្នេះ​ដំណើរ​ការ​ត​ទៅ​មុខ​ទៀត វា​គឺ​ជា​ជំហាន​ដ៏​ល្អ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​នៅ​អ៊ុយក្រែន​។

គួរ​រំលឹក​ថា បទ​ឈប់​បាញ់​ចុង​ក្រោយ ត្រូវ​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​៩​ខែ​ធ្នូ​កន្លង​ទៅ​ ដោយ​សង្ឃឹម​ថា វា​នឹង​អាច​បញ្ចប់​វិបត្តិ​រ៉ាំរ៉ៃ​ជិត​៨​ខែ ជាមួយ​ក្រុម​ឧទ្ទាម​ផ្ដាច់​ទឹក​ដី​និយម មាន​ទំនោរ​ទៅ​ខាង​រុស្ស៊ី​។ ជា​វិបត្តិ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៤​ពាន់​៣​រយ​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជិត​មួយ​លាន​នាក់​ត្រូវ​រត់​ភៀស​ខ្លួន​។ នេះ​បើ​តាម​តួ​លេខ​របស់​អង្គការ​សហប្រជាជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ